កូវីដ១៩៖ ប្រជាជននៅវូហានបានអនុញ្ញាតឲ្យចាកចេញ បន្ទាប់ពីដាក់ប្រទេសក្នុងគ្រាអាសន្នជាច្រើនខែ
កាលពីពេលថ្មីៗនេះបន្ទាប់ពីមានការដាក់ប្រទេសក្នុងភាពអាសន្នអស់រយៈពេលជាច្រើនខែនៅក្នុងទីក្រុង Wuhan ខេត្ត Hubei របស់ប្រទេសចិនដែលជាកន្លែងមានជំងឺរាតត្បាត ត្រូវបានរដ្ឋាភិបាលនៃប្រទេសបានបើកឲ្យប្រជាជនរបស់អាចចាកចេញពីទីក្រុងបាន ឬប្រកបរបរលក់ដូរបានដូចធម្មតាវិញ។ ប្រសិនបើនរណាម្នាក់ត្រូវបានគេពិនិត្យថាមានសញ្ញាពណ៌បៃតង “Green Code” នៅលើកម្មវិធីសុខភាពស្មាតហ្វូន ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងពេលឥឡូវនេះ ត្រូវបានអនុញ្ញាតឲ្យចាកចេញធ្វើដំណើរក្នុងទីក្រុងជាលើកដំបូងបន្ទាប់ពីមានការបិទចាប់តាំងពីថ្ងៃទី ២៣ ខែមករា។
ការធ្វើដំណើរតាមផ្លូវដែក និងផ្លូវក្រោមដីឥឡូវនេះត្រូវបានបើកឡើងជាថ្មី បន្ទាប់ពីប្រទេសចិនបានរាយការណ៍ថាគ្មានករណីអ្នកស្លាប់កាលពីថ្ងៃអង្គារ ជាការប្រកាសលើកដំបូងចាប់តាំងពីវាបានចាប់ផ្តើមតួលេខនៃអ្នកស្លាប់កន្លងមក។
ដើម្បីទប់ស្កាត់ការរីករាលដាលនៅទីក្រុងវូហាន អាជ្ញាធរបានដាក់កម្រិតដែលមិនធ្លាប់មានពីមុនមកលើការធ្វើដំណើរ និងបានបញ្ជាឲ្យបិទអាជីវកម្មភាគច្រើននៅក្នុងទីក្រុងដែលមានមនុស្សអ៊ូអរ ពោលក្នុងទីក្រុងនេះមានប្រជាជនចំនួន ១១ លាននាក់។
អាជ្ញាធរចិនបានសាទរចំពោះវិធានការណ៍ទាំងនេះ ជាមួយនឹងអត្រាធ្លាក់ចុះនៃអត្រាឆ្លងហើយករណីភាគច្រើនត្រូវបានរាយការណ៍ចំពោះការឆ្លងគឺជាករណីនាំចូលប្រទេសចិន មិនមែនជាការឆ្លងក្នុងសហគមន៍ឡើយ។ កាលពីខែមុននៅពេលដែលទីក្រុង Wuhan បានរាយការណ៍ថាពេញមួយសប្តាហ៍ដំបូងទីក្រុងរបស់ខ្លួនមិនមានការឆ្លងថ្មីនោះទេ ផ្សារទំនើបត្រូវបានបើកជាថ្មី។ មនុស្សមួយចំនួននៅក្នុងទីក្រុង សហគមន៍គ្មានឆ្លងដោយជំងឺ ហើយក៏បានអនុញ្ញាតឲ្យចាកចេញពីផ្ទះដែរ។
មនុស្សដែលចូលរួមក្នុងការផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យ និងទំនិញប្រចាំថ្ងៃផ្សេងទៀតនឹងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅធ្វើការវិញ។ ឧស្សាហកម្មផ្សេងទៀតដែលជះឥទ្ធិពលដល់បណ្តាញផ្គត់ផ្គង់ជាតិ ឬពិភពលោកក៏នឹងអាចបើកឡើងវិញដែរ។ ទោះបីជាតែសេវាកម្មអាកាសចរនៅកំពុងមានកំណត់ក៏ដោយ ក៏ជើងហោះហើរជាង ២០០ ត្រូវបានគេគ្រោងចាកចេញពីទីក្រុងវូហាននៅថ្ងៃពុធដោយដឹកអ្នកដំណើរ ១០ ០០០ នាក់។ បន្ថែមពីនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនក៏បានបង្ហាញរូបភាពពីលើអាកាសជាមួយរថភ្លើងល្បឿនលឿនជិត ១០០គ្រឿងដែលត្រូវចេញដំណើរទោះបីជាផ្លូវធំៗបានបិទក៏ដោយ។ ចំណែកឯសាលារៀនវិញ ដោយសារពេលនេះអ្វីៗស្ថិតក្នុងការតាមដានស្ថានភាពនៃជំងឺ ដូច្នេះត្រូវបានជូនដំណឹងបន្ថែមនៅពេលក្រោយ។
បើទោះបីជាប្រទេសចិនត្រូវបានបើកឲ្យចរាចរណ៍ដូចមុនក៏ពិតមែន ប៉ុន្តែមានតំបន់ផ្សេងៗមួយចំនួនស្ថិតនៅក្នុងភាពអាសន្ន ឬដាក់តំបន់ក្នុងភាពអាសន្នដដែល រីឯនៅទីក្រុងប៉េកាំងត្រូវបានអាជ្ញាធរក្រុងរាយការណ៍ពីករណីថ្មីចំនួន ៣១ កាលពីថ្ងៃច័ន្ទ រួមជាមួយនឹងការដាក់វិធានការថ្មីតឹងរឹងបន្ថែម។
ប្រភព៖ BBC News
ដោយ៖ Anthony