នាព្រឹកនេះ ក្រសួងរកឃើញករណីកូវីដ១៩ ចំនួន០២ថ្មី លើប្ដីប្រពន្ធមួយគ្រួសារ នៅភ្នំពេញ​



នាព្រឹកថ្ងៃទី០៨ មេសា នេះ ក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងកូវីដថ្មីចំនួន ០២ករណី ដែលជាប្ដីប្រពន្ធ រស់នៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា។ 

ក្នុងចំណោម០២ករណីថ្មីនេះមាន៖

ស្រ្តីជនជាតិខ្មែរអាយុ ៤៥ឆ្នាំ ជាភិរិយាបុរសអាយុ ៤៧ឆ្នាំ មានលទ្ធផលតេស្តកូវីដវិជ្ជមាន ត្រូវបានដាក់សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។

បុរសជនជាតិខ្មែរអាយុ ៤៧ឆ្នាំ ត្រូវជាស្វាមីស្រីខាងលើ រស់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានដាក់សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។

បុរសខាងលើនេះជាមិត្តភ័ក្រ្តបុរសជនជាតិចិនចូលមកកម្ពុជានៅថ្ងៃទី២០ មីនា ឆ្នាំ២០២០ ហើយក្រោយពីបានចាកចេញពីកម្ពុជានៅថ្ងៃទី ០៣ មេសា ២០២០ ត្រូវអាជ្ញាធរសុខាភិបាលចិនរកឃើញតេស្តវិជ្ជមាន។ ហើយបុរសជនជាតិចិននោះជាមិត្តប្រុសរបស់ស្រ្តីជនជាតិរៀតណាមដែល​​​​​​​​​​​​​​រកឃើញលទ្ធផលវិជ្ជមានកាលពីថ្ងៃម្សិលមិញ។ 

គួរបញ្ជាក់ផងដែរ រហូតមកដល់ពេលនេះកម្ពុជាមានអ្នកផ្ទុកកូវីដ១៩សរុប ១១៧នាក់ (ស្រី ៣៤នាក់ ប្រុស ៨៣នាក់) ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៦៣នាក់ (ជនជាតិចិន០១នាក់ ស្រ្តីជនជាតិអង់គ្លេស០១នាក់ បុរសជនជាតិអង់គ្លេស០១នាក់ ជនជាតិបែលហ្សិក០១នាក់ បុរសជនជាតិបារាំង១០នាក់ ស្រ្តីជនជាតិបារាំង០៩នាក់ ជនជាតិម៉ាឡេស៊ី០៩នាក់ បុរសជនជាតិខ្មែរ២៨នាក់ ស្រ្តីជនជាតិខ្មែរ០៩នាក់)៕

 

X
5s