ហេតុផល ៧ យ៉ាងដែលរាងកាយត្រូវការវីតាមីន C ជាចាំបាច់
វីតាមីន C គឺជាវីតាមីនដែលសំខាន់បំផុតសម្រាប់សារពាង្គកាយ សម្រាប់ទ្រទ្រង់ការរីកលូតលាស់ក៏ដូចជាប្រឆាំងនឹងជំងឺ។
វីតាមីន C គឺជាប្រភេទវីតាមីនដែលរលាយនៅក្នុងទឹក សារពាង្គកាយរបស់មនុស្សមិនអាចបង្កើតវីតាមីន C បានទេ តែសារពាង្គកាយអាចស្រូបយកវីតាមីន C តាមរយៈចំណីអាហារបន្លែផ្លែឈើ។ ក្រុមអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវឃើញថាក្នុងមួយថ្ងៃមនុស្សប្រុសត្រូវការវីតាមីន C ប្រមាណ ៩០mg ចំណែកស្ត្រីត្រូវការវីតាមីន C ៧៥mg។ វីតាមីន C ផ្តល់អត្ថប្រយោជន៍សំខាន់ដល់សារពាង្គកាយយើងជាច្រើន ហើយ ៧ ចំណុចដូចខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់៖
- កាត់បន្ថយហានិភ័យពីការកើតជំងឺរ៉ាំរ៉ៃ
វីតាមីន C គឺជាម៉ូលេគុលប្រឆាំងអុកស៊ីតកម្ម (antioxidants) ដែលមានឥទ្ធិពលក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ យោងតាមការសិក្សាបានរកឃើញថា ការទទួលទានវីតាមីន C អាចជួយបង្កើននូវកម្រិត antioxidants នៅក្នុងឈាមរហូតដល់ ៣០% និងជួយការពារការរលាកនៅក្នុងរាងកាយបានខ្ពស់។ - ជួយគ្រប់គ្រងសម្ពាធឈាម
ការស្រាវជ្រាវបានបង្ហាញថាវីតាមីន C ជួយឲ្យសម្ពាធឈាមមានដំណើរការល្អនិងមិនឡើងខ្ពស់។ ការស្រាវជ្រាវពីអ្នកជំនាញដដែលបានលើកឡើងថា វីតាមីន C បានជួយក្នុងការដឹកនាំឈាមចេញពីបេះដូងទៅកាន់សរីរាង្គបានល្អ កាត់បន្ថយកម្រិតលើសនៃសម្ពាធឈាម។ - ជួយកាត់បន្ថយហានិភ័យពីការកើតជំងឺបេះដូង
ជំងឺបេះដូង ត្រូវបានគេចាត់ទុកថាគឺជាអ្នកបង្កឲ្យមានអត្រាមរណសាកលច្រើនជាងគេ។ កត្តាដែលនាំឲ្យកើតជំងឺបេះដូងមានដូចជា ការលើសសម្ពាធឈាម ការកើនឡើងខ្ពស់នៃ triglycerid កំណើតនៃកម្រិតកូឡេស្តេរ៉ូលអាក្រក់ (LDL) នឹងការធ្លាក់ចុះនៃកម្រិតកូឡេស្តេរ៉ូលល្អ (HDL)។ វីតាមីន C មានតួនាទីជួយកាត់បន្ថយហានិភ័យពីកត្តាទាំងអស់ ដែលជាមូលហេតុនាំឱ្យកាត់បន្ថយនូវអត្រាកើតជំងឺបេះដូង។ - កាត់បន្ថយអាស៊ីតអ៊ុយរិចនៅក្នុងឈាម និងការពារការរលាកសន្លាក់ដោយការឡើងជាតិអាស៊ីត
មនុស្សសព្វថ្ងៃ ភាគច្រើនប្រឈមមុខនឹងការឡើងជាតិអាស៊ីតដែលបណ្ដាលឱ្យមានការរលាកតាមសន្លាក់។ ការសិក្សាផ្នែកវេជ្ជសាស្ត្រក៏បានរកឃើញថាអ្នកដែលបានទទួលសារធាតុវីតាមីន C រយៈពេល ៣០ ថ្ងៃក្រោយមកកម្រិតអាស៊ីតអ៊ិយរិចក្នុងឈាមបានធ្លាក់ចុះ ជាហេតុបណ្ដាលឱ្យអ្នកជំងឺអាចកាត់បន្ថយការរលាកនៅតាមសន្លាក់ឆ្អឹងរបស់ពួកគាត់។ - ជួយការពារកង្វះជាតិដែក
រាងកាយមនុស្សត្រូវការសារធាតុដែកជាចាំបាច់ ក្នុងការបង្កើតកោសិកាឈាមក្រហមនិងដឹកជញ្ជូនអុកស៊ីសែនទៅពាសពេញសារពាង្គកាយ។ វីតាមីន C អាចជួយសារពាង្គកាយបង្កើនការស្រូបយកសារធាតុដែកពីរបបអាហារ ជួយឲ្យរាងកាយស្រូបសារធាតុចិញ្ចឹមផ្សេងៗ ធ្វើឱ្យរាងកាយមានសុខភាពល្អ។ - ពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ
ហេតុផលសំខាន់បំផុតដែលរាងកាយមនុស្សត្រូវការវីតាមីន C គឺដើម្បីជម្រុញប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនឱ្យមានភាពរឹងមាំ។ លើសពីនេះវីតាមីន C ចូលរួមចំណែកច្រើនផ្នែកបំផុតនៃប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ ចំណុចសំខាន់ៗទាំងអស់នោះមានដូចជា៖
ក) វីតាមីន C ជួយជំរុញនូវការផលិតកោសិកាឈាមសដែលហៅថាឡាំផូស៊ីត ជួយការពាររាងកាយប្រឆាំងនឹងការឆ្លងរោគ។
ខ) វីតាមីន C ជួយអោយកោសិកាឈាមសទាំងនោះដំណើរការបានកាន់តែប្រសើរ ហើយការពារកោសិកាឈាមសពីការបំផ្លាញដោយរ៉ាឌីកាល់សេរី។
គ) វីតាមីន C ជាផ្នែកសំខាន់មួយនៃប្រព័ន្ធការពារស្បែក។ ក្រៅពីការពារកោសិកាឈាមស វាក៏មានមុខងារនឹងដើរតួជា antioxidants ជួយពង្រឹងប្រព័ន្ធការពារស្បែក និងជួយអោយរបួសនៅលើស្បែកឆាប់ជា។ - ជួយដល់ការគិតនិងការចងចាំបានល្អ
ការសិក្សាបានបង្ហាញថា ស្រ្តេសអុកស៊ីតកម្ម (oxidative stress) ការរលាកនៅជិតខួរក្បាល ការរលាកឆ្អឹងខ្នង និងការរលាកសរសៃប្រសាទបង្កើតជាហានិភ័យនៃជំងឺភ្លេចភ្លាំង ឬវង្វេង។ វីតាមីន C គឺជា antioxidants ដ៏រឹងមាំ មាននាទីខ្ពស់ក្នុងការពង្រឹងសមត្ថភាពនៃការចងចាំបានល្អ។
ក្នុងសម័យកូវីដ ១៩ ជាពេលវេលាដែលយើងត្រូវពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយឲ្យបានរឹងមាំ ពិសេសតាមរយៈការទទួលទានបន្លែ ផ្លែឈើសម្បូរទៅដោយវីតាមីន C គឺផ្តល់ប្រយោជន៍យ៉ាងច្រើនដល់រាងកាយ ការពារពីការកើតជំងឺផ្តាសាយ និងការចម្លងចូលនៃវីរុសនានាចូលរាងកាយ៕
អត្ថបទទាក់ទង៖
- ជប៉ុនប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នលើតំបន់ចំនួន៧នេះ ទប់ទល់កូវីដ១៩
- លិខិតមន្ត្រីរាជការជាអតីតអ្នកជំងឺកូវីដ១៩៖ ឈ្វេងយល់ពីវិធីព្យាបាល និងស្ថានភាពជំងឺបរិបទកម្ពុជា
- លាងដៃប៉ុណ្ណឹង មិនទាន់គ្រប់ អ្នកជំនាញថា បន្លែនិងផ្លែឈើក៏ត្រូវលាងនឹងសាប៊ូដែរ
ដោយ៖ យ៉ាយ៉ា