រាជរដ្ឋាភិបាលកម្ពុជាសន្សំសំចៃថវិកាបន្ថែម ៩១៨លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ១៩
យោងតាមបណ្ដាញសង្គម Facebook ផ្លូវការ របស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានឱ្យដឹងថា រាជរដ្ឋាភិបាលបានសន្សំសំចៃថវិកាបន្ថែម ៩១៨លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ថវិកា ៩១៨លានដុល្លារនេះបានមកពីការកាត់បន្ថយ ពីស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំនួនពីរលើក ដើម្បីយកមកត្រៀមបម្រុងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំសុំការយោគយល់ពីស្ថាប័នជាតិគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយពីរដង លើកទីមួយ គឺកាត់បន្ថយការចំណាយចំនួន ៤៤៣លានដុល្លារអាមេរិក និងលើកទីពីរនេះ កាត់បន្ថយការចំណាយចំនួន៤៧៥លានដុល្លារអាមេរិកថែមទៀត។ បូកសរុបទាំងពីរលើកនេះគឺមានចំនួន៩១៨លាន ដុល្លារអាមេរិក សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»៕