ចិន-កម្ពុជា បានរៀបចំកិច្ចចរចារព្រមព្រៀងពាណិជ្ជកម្មសេរីដំណាក់កាលទី២
កិច្ចចរចារព្រមព្រៀងពាណិជ្ជកម្មសេរីនៃភាគីទាំងពីរ ដំណាក់កាលទី២ ត្រូវបានរៀបចំឡើងក្រោមទម្រង់ជា Video Conference នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នេះ។ នេះបើយោងតាមការចេញផ្សាយជាផ្លូវការពីស្ថានទូតចិនប្រចាំនៅកម្ពុជា។
បើតាមប្រភពដដែល បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កិច្ចសហប្រតិបត្តិការវិនិយោគ កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាសេដ្ឋកិច្ច ពាណិជ្ជកម្មអេឡិចត្រូនិច និងបញ្ហាច្បាប់មួយចំនួន ដោយផ្អែកលើខ្លឹមសារកុងសុងស៊ីដែលបានសម្រេចយ៉ាងទូលំទូលាយ ហើយក៏ទទួលបានវិវឌ្ឍនចម្បងលើវិស័យជំនួញទំនិញបទបញ្ញត្តិទីកន្លែងផលិត ភាពសម្របសម្រួលងាយស្រួលសម្រាប់នីតិវិធីគយនិងពាណិជ្ជកម្ម ឧបសគ្គបច្ចេកទេសចំពោះពាណិជ្ជកម្ម វិធានការសុខាភិបាល និងរុក្ខអនាម័យ សេវាកម្មពាណិជ្ជកម្ម តម្លាភាព និងវិស័យផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹងច្បាប់។
ភាគីទាំងពីរក៏បានណាត់ពេលវេលា នឹងជំរុញកិច្ចចរចារនេះឲ្យបានឆាប់រហ័សក្រោមទម្រង់រូបភាពទាំងឡាយ ក្នុងនោះក៏បញ្ចូលទាំងទម្រង់ប្រជុំវីឌីអូផងដែរ ដើម្បីរួមគ្នាចាត់វិធានការជាក់ស្តែងក្នុងការជំរុញពាណិជ្ជកម្មសេរី, លំនឹងនៃសេដ្ឋកិច្ចតំបន់, ការការពារសង្វាក់ផលិតកម្មលើសកលលោក និងព្រមទាំងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសCOVID-19។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មដែលចេញផ្សាយកាលពីដើមឆ្នាំ២០២០ បានឱ្យដឹងថា កម្ពុជា-ចិនបានបើកការចរចាជុំទី១ លើកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅទីក្រុងប៉េកាំងប្រទេសចិន ក្រោមអធិបតីលោក សុខសភ័ក្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក រេនហុងប៊ីន អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃទី ២០-២១ ខែមករា ឆ្នាំ២០២០។ នៅក្នុងពិធីបើកកិច្ចចរចាជាផ្លូវការ ភាគីទាំងពីរបានវាយតម្លៃខ្ពស់អំពីទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិននិងកត់សម្គាល់សារៈសំខាន់នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។
បើតាមគោលដៅ ប្រសិនភាគីទាំងពីររៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះបានជោគជ័យតាមផែនការ នោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចកើនឡើងដល់ ១០ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ២០២៣ តាមការកំណត់៕
ដោយ៖ រតនៈវិភូ