​​របាយការណ៍​ Oxfarm៖ ​មនុស្ស​ប្រហែល​​ ៥០០​លាន​នាក់​​នឹង​ធ្លាក់​​ខ្លួន​ក្រីក្រ​​



មាន​មនុស្ស​ប្រហែល​​ ៦​ ទៅ​ ៨​%​ នៃ​ប្រជាជន​ទូទាំង​ពិភពលោក​ ដែល​ស្មើ​នឹង​ប្រមាណ​​ ៥០០​​លាន​នាក់​នឹង​ធ្លាក់​ខ្លួន​ក្រីក្រ​ ដោយ​សារ​​ការ​បិទខ្ទប់​សេដ្ឋកិច្ច​​របស់​ប្រទេស​នីមួយៗ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​វាយលុក​ពី​វីរុស​កូវីដ​១៩។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​ Oxfarm 

ទោះ​ជា​បែប​នេះ​​ក្ដី​របាយការណ៍​ដដែល​ក៏​បាន​អះអាង​ផង​ដែរ​ថា​ ប្រសិន​បើ​ប្រទេស​អ្នក​មាន​​អាច​ចាត់​វិធានការណ៍​បាន​រហ័ស​​ដើម្បី​ជួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ នោះ​ស្ថានភាព​នេះ​នឹង​មាន​លក្ខណៈ​ធូរស្រាល​ជាង​នេះ​ខ្លះ។ ​

អង្គការ​ដដែល​បាន​​​ព្រមាន​ដូច្នេះ​ថា​ ​ប្រសិន​បើ​ប្រទេស​អ្នក​មាន​​​មិន​អាច​ជួយ​ប្រទេស​ក្រីក្រ​ ​និង​​ប្រទេស​កំពុង​អភិវឌ្ឍន៍​​ បាន​ទេ​នោះ​​ ​​ពិភពលោក​នឹង​ចំណាយ​ពេល​ មួយ​ទសវត្សរ៍​ ​ឬ​រហូត​ដល់​ ៣០​ឆ្នាំ​ដើម្បី​ប្រឆាំង​នឹង​ភាព​ក្រីក្រ​​​ម្ដង​ទៀត​​នៅ​តំបន់​មួយ​ចំនួន​ជា​ពិសេស​នៅ​ទ្វីប​អាហ្វ្រិក​ និង​អាស៊ី​ខាងលិច។ ​​​​

ការ​​ចេញ​របាយការណ៍​របស់​អង្គការ​ Oxfarm នា​ពេល​​នេះ ​គឺ​ដើម្បី​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​ពិភពលោក​​សម្រេច​លើ​កញ្ចប់​សង្គ្រោះ​ផ្នែក​សេដ្ឋកិច្ច​ ដើម្បី​ជួយ​ដល់​​ប្រទេស​ក្រីក្រ។ ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ មក​ពី​ក្រុម​បណ្ដា​ប្រទេស​ G20 ​នឹង​ជួប​ប្រុជំ​គ្នា​នា​​សប្ដាហ៍​ក្រោយ​ដោយ​មាន​ការ​ចូលរួម​ពី​ IMF និង​ធនាគារ​ពិភពលោក​ផង​ដែរ។

Oxfarm ​បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន​​ ​ក្នុង​​នោះ​ មាន​ចំណុច​មួយ​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​បន្ទាន់​លើ​ការ​លុបចោល​បំណុល​ដែល​ត្រូវ​សង​​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​​ត្រូវ​ដល់​កាលកំណត់​ត្រូវ​សង​នៅ​ឆ្នាំ​២០២០​នេះ​ មាន​ទំហំ​រហូត​ដល់​ ១​ពាន់​ពាន់​ (១​ទ្រីលាន) ដុល្លារ។ ​ប្រភព​ដដែល​បាន​លើក​ឧទាហរណ៍​យក​ប្រទេស​ Ghana ​​ថា​ ប្រសិន​បើ​មាន​ការ​លុប​ចោល​​លើ​បំណុល​របស់​រដ្ឋាភិបាល​នា​ឆ្នាំ​នេះ​ នោះ​​រដ្ឋាភិបាល​នេះ​នឹង​អាច​ផ្ដល់ជំនួយ​ជា​សាច់​ប្រាក់​ ២០​លាន​ដុល្លារ​/ខែ​ដើម្បី​ជួយ​ទៅ​ដល់​ប្រជាជន​​ប្រមាណ​ ១៦​លាន​នាក់​​ជា​កុមារ​ មនុស្ស​ពិការ​ និង​ជា​មនុស្ស​ចាស់​ បាន​រយៈពេល ៦​ខែ។

ដំណោះស្រាយមួយ​ទៀត​នោះ​គឺ ការ​បង្កើន​នូវ​ជំនួយក្រៅ​ប្រទេស​ប្រមាណ​ ៥០០​លាន​ដុល្លារ និង​​ការ​បង្កើត​នូវ​​ទុន​បម្រុង​អន្តរជាតិ​ក្រោម​ទម្រង់​ជា
 Special Drawing Rights (SDRs)  ទំហំ ១ទ្រីលាន​ដុល្លារ​​សម្រាប់​មូលនិធិរូបិយប័ណ្ណអន្តរជាតិ​ (IMF) ដែល​ជា​ជម្រើស​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ជំរុញ​ឱ្យ​មាន​សន្ទនីយភាព (liquidity) សម្រាប់ប្រទេស​កំពុង​អភិវឌ្ឍន៍នៅរយៈពេលប៉ុន្មានខែទៅមុខទៀត
៕​​​

ដោយ៖ រតនៈវិភូ

X
5s