រាជរដ្ឋាភិបាលសម្រេចកែប្រែបទបញ្ជាថ្មីជុំវិញការហាមឃាត់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ក្រោយបានប្រកាសដាក់បទបញ្ជារឹតត្បិតហាមឃាត់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលបានចូលជាធរមាននៅម៉ោង ២៤:០០ នាទីកាលពីយប់មិញ នៅថ្ងៃនេះរដ្ឋាភិបាលបានសម្រេចកែប្រែបទបញ្ជាថ្មីឡើងវិញហើយ។ ការកែប្រែនេះគឺធ្វើឡើងលើបទបញ្ជាចាស់លេខ ០២ ប.ប ចុះ ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២០ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩។
បទបញ្ជាថ្មីនេះ គឺលុបចោលបទបញ្ជាចាស់មួយចំនួន ដោយរដ្ឋាភិបាលសម្រេចដាក់ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវចាត់ទុកថា ជាតំបន់តែមួយដែលពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់តំបន់ទាំងពីរនេះទៅវិញទៅមកបានជាធម្មតា។ ទន្ទឹមនឹងនេះ ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយទៀតនៅក្នុងខេត្តតែមួយក៏ត្រូវបានលុបចោលផងដែរ។ ប៉ុន្តែការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ គឺត្រូវបានហាមឃាត់ចាត់ទុកជាធរមានដដែល។