ក្រសួង​៖ ត្រូវប្រយ័ត្នឲ្យបានខ្ពស់ យើងមាន​លក្ខណៈ​ផុយស្រួយណាស់​​



ប្រសិន​បើ​បង​ប្អូន​ប្រជាជន​ពលរដ្ឋ​របស់​យើង​ មិន​អនុវត្តន៍​ទៅ​តាម​ការ​ណែនាំ​ ឬសេចក្ដីណែនាំ​ផ្សេងៗ របស់​​រាជរដ្ឋាភិបាលកម្ពុជា​ទេ​នោះ​ កម្ពុជា​អាច​​​​នឹង​ឈាន​ចូល​ដំណាក់​កាល​​ ការ​វាយលុក​​នៃ​វីរុសកូវីដ​១៩ ឬ​ការ​ចម្លង​ចូល​ទៅ​​ក្នុង​​សហគមន៍​របស់​យើង​ហើយ។ យើង​មាន​លក្ខណៈ​ផុយស្រួយណាស់ ដោយ​សារ​តែ​​យើង​​ឃើញ​មាន​ករណី​​ឆ្លង​នាំចូល ចម្លង​ទៅ​អ្នក​ក្នុង​ស្រុក និង​ចម្លង​បន្តទៅ​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​​ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន។ ​ 

ថ្លែងក្នុងសន្និសិទសារព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពី បច្ចុប្បន្នភាពកូវីដ ១៩ នាព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០ នេះ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា គិតមកទល់ពេលនេះ កម្ពុជាបានរកឃើញករណីចម្លងខ្នាតតូច​មួយ​ដែល​​​មាន​លក្ខណៈជា​ អ្នកដែលបានឆ្លងជាករណីនាំចូល បានចម្លងបន្តទៅអ្នកនៅក្នុងស្រុក ឬប៉ះពាល់ផ្ទាល់ ហើយអ្នកប៉ះពាល់ផ្ទាល់នោះក៏បានចម្លងបន្តទៅអ្នកប៉ះពាល់បន្ថែមទៀត ដែលស្ថិតនៅក្នុងកម្រិតមួយតូចនៅឡើយ។

​លោកស្រីបញ្ជាក់​ដូច្នេះ​ថា ៖«កន្លង​មក​យើង​ឃើញ​ថា​ មាន​ករណី​នាំចូល​ដែល​ភាគ​ច្រើន​ជា​ជនបរទេស ហើយ​ថ្មីៗ​នេះ​ក៏​មាន​ឆ្លង​ករណី​នាំ​ចូល​​ពី​ក្រៅ​ប្រទេស​មក​ មក​អ្នកក្នុង​ស្រុក ហើយ​អ្នកក្នុង​ស្រុក​ក៏​​ឆ្លង​ទៅ​ម្នាក់​ទៀតហើយ...ដោយសារ​វាគន្លាក់អីចឹង។ អីចឹង​កន្លែង​នេះ​វា​ផុយស្រួយណាស់ ប្រសិនបើ​ការ​ចម្លង​នេះ​ចេះ​តែរាតត្បាតបន្ត​ទៅ ហើយ​យើង​មិន​មាន​លទ្ធភាព​​ក្នុង​ការ​ស្រាវជ្រាវរកប្រភពឱ្យ​បានច្បាស់លាស់ ហ្នុង​គឺ​ជា​ការ​ចម្លង​នៅ​ក្នុង​សហគមន៍ហើយ»។ 

ក្នុងលក្ខខណ្ឌបែបនេះ យើងត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់​ មានហានិភ័យ​​ខ្ពស់​។ ជាមួយគ្នានេះដែរ ​តាមវិធានការនៃការការពាររបស់រដ្ឋាភិបាល សង្កត់ធ្ងន់ទៅលើពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ប្រសិនបើមិនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទេ កម្ពុជានឹងប្រឈមខ្ពស់នឹងហានិភ័យនៃការឆ្លងរាលដាលធ្ងន់ធ្ងរ និងទ្រង់​ទ្រាយធំ​ លោកស្រីបញ្ជាក់។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល ​ក៏បានមានប្រសាសន៍ផង​ដែរថា ការប្រុងប្រយ័ត្នក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ គឺសំខាន់ណាស់ ព្រោះបើសិនជាមានករណីឆ្លងកម្រិតធ្ងន់ពិតមែន កម្ពុជាប្រឈមនឹងការបាត់បង់ជីវិតដោយសារករណីកូវីដ ១៩ នេះយ៉ាងពិតប្រាកដ៕ 

ដោយ៖ យ៉ាយ៉ា​

X
5s