​​​កម្ពុជា​៖ ចំនួន​អ្នក​​​​ធ្វើ​តេស្ត​រកកូវីដសរុប​ ៨៩០៩​នាក់​នៅ​ទូទាំង​ប្រទេស​​



ក្នុង​សន្និសីទ​សារព័ត៌មាន​​របស់​ក្រសួង​សុខាភិបាល​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មេសា​ នេះ​ បាន​ឱ្យ​ដឹង​ថា​ នៅ​ទូទាំង​ប្រទេស​មាន​ករណី​​ធ្វើតេស្ត​វិភាគវត្ថុសំណាកសរុប​​ប្រមាណ​ ៨៩០៩​ ហើយ​បើ​គិត​ជាមធ្យម​គឺក្នុង​ប្រជាជន​ ១លាននាក់ មាន​ ៥៥៦សំណាក​ដែលត្រូវ​​ធ្វើ​វិភាគបើ​គិត​មក​ដល់​ថ្ងៃទី ១៣ ខែមេសា នេះ។ 

បើ​តាម​ការ​អះអាង​របស់​​លោក​ជំទាវ​ ឱ វណ្ណឌីន​​ ​ក្នុង​ចំណោម​​អ្នក​ធ្វើ​តេស្ត​ទាំង​អស់​ មាន​​ប្រហែល​ ៩០%​ជា​ជនជាតិ​ខ្មែរ​ ហើយ​គ្រាន់​តែ​ថ្ងៃ​ទី​ ១២ ខែ​មេសា​​  ​មាន​ការ​ធ្វើ​តេស្ត​សរុប​​ជិត​ ២០០​​នាក់គ្រាន់តែមួយ​ថ្ងៃម្សិលមិញក្នុង​នោះ​ក៏មានជនជាតិបរទេសមួយចំនួន​ផង​ដែរ។​ ចំនួន ៨៩០៩នាក់នេះ​ គឺ​រាប់​បញ្ចូល​ទាំង​ចំនួន​នៃ​ការ​ធ្វើតេស្ត​​​កប៉ាល់ វេស្ទើដាំ ផង។

បើ​យោង​តាម​សេចក្ដីរបស់ ​ក្រសួង​សុខាភិបាល​​ ចំនួន​នៃ​ការ​ធ្វើ​តេស្ត​វត្ថុសំណាក់ បើ​គិតក្នុងចំណោមមនុស្ស ១លាន​នាក់ ​កម្ពុជាមានអត្រាខ្ពស់ជាង​បណ្ដា​ប្រទេស​មួយចំនួន​ផង​​​ដូច​ជា ភូមា មាន​តែ  ២៦​សំណាក/១លាននាក់ ឡាវ ១៥៧សំណាក/១លាននាក់ ឥណ្ណូណេស៊ី ៧១សំណាក់/១លាននាក់ និង​ហ្វីលីពីនមាន ៣០៩សំណាក់/១លាននាក់។ 

ជា​មួយ​គ្នា​ដែរ​ លោក វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា បាន​អះអាង​ថា​ មក​ដល់​ពេល​នេះ​ កម្ពុជាមាន​​វេជ្ជបណ្ឌិត​ជំនាញ​​សម្រាប់​ព្យាបាលកូវីដ​១៩ មាន​សរុប ៦៧០នាក់ ហើយ​ក្រសួង​កំពុង​តែ​បណ្ដុះបណ្ដាល​បន្ត​ទៀត។ ដោយ​ឡែក សម្រាប់​ម៉ាស៊ីនជំនួយ​ការ​ដក​ដង្ហើម​ (ventilator) ត្រូវ​បាន​ត្រៀមទុក​រួច​ជា​ស្រេច​ ប្រមាណ​ជិត ២០០គ្រឿង។ សូម​បញ្ជាក់ថា ម៉ាស៊ីន​នេះ​គឺ​ប្រើ​សម្រាប់​តែអ្នកជំងឺដែល​មាន​បញ្ហាប៉ះពាល់ដល់សួតធ្ងន់ធ្ងរប៉ុណ្ណោះ។ បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម រដ្ឋមន្ត្រី​​ មាន​អ្នកជំងឺប្រមាណ​ ១% ទៅ ២%​ ប៉ុណ្ណោះ​ដែល​ត្រូវ​ការ​​ ​ម៉ាស៊ីនជំនួយ​ការ​ដក​ដង្ហើម​នេះ៕ 

ដោយ៖ រតនៈវិភូ

X
5s