កាណាដាបញ្ចេញទឹកប្រាក់ជាង៥០ពាន់លានដុល្លារ ជួយអាជីវកម្មបង់ប្រាក់ឈ្នួលបុគ្គលិក​



សភាតំណាងសាស្ត្រកាណាដា (House of Commons) បានបើកការប្រជុំបន្ទាន់មួយកាលពីថ្ងៃសៅរិ៍កន្លងទៅ ដោយបានអនុម័តច្បាប់ប្រើប្រាស់ថវិកាជាង ១ភាគ៤នៃគម្រោងសារពើពន្ធជាតិបន្ទាន់ ដើម្បីជួយទៅដល់អាជីវកម្មដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ នេះបើយោងតាមកាសែត Bloomberg។

នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានស្នើកញ្ចប់ថវិកា ដែលគេហៅថាជំនួយទ្រទ្រង់ប្រាក់ឈ្នួលបន្ទាន់កាណាដា (Canada Emergency Wage Subsidy) ដែលជាគោលនយោបាយសេដ្ឋកិច្ចដ៏ធំបំផុតរបស់ជាតិចាប់តាំងពីសង្រ្គាមលោកលើកទី២មក នេះបើយោងតាមរបាយការណ៍របស់ Busines in Vancouver។ យោងតាមរបាយការណ៍ដដែលនោះ បញ្ជាក់ថាគោលនយោបាយទ្រទ្រង់ប្រាក់ឈ្នួលនេះគ្រោងចំណាយទឹកប្រាក់ប្រមាណ ៥២ពាន់លានដុល្លារអាមេរិក (ប៊ីលលាន)។

ជំនួយទ្រទ្រង់ប្រាក់ឈ្នួលបន្ទាន់នេះនឹងផ្គត់ផ្គង់ទឹកប្រាក់ ៧៥ភាគរយនៃប្រាក់ឈ្នួលបុគ្គលិកសម្រាប់អាជីវកម្ម។ អាជីវកម្មទាំងអស់អាចនឹងទទួលបានទឹកប្រាក់រហូតដល់ ៦០៧ដុល្លារ ក្នុងមួយសប្ដាហ៍សម្រាប់ផ្គត់ផ្គង់ប្រាក់ឈ្នួលបុគ្គលិកម្នាក់ ដោយប្រាក់ជំនួយនេះនឹងត្រូវផ្ដល់ទៅកាន់ម្ចាស់អាជីវកម្មរយៈពេលពី ២ ទៅ ៥សប្ដាហ៍។ អាជីវកម្មទាំងអស់អាចទទួលបានទឹកប្រាក់ផ្គត់ផ្គង់រហូតដល់ទៅរយៈពេល ១២សប្ដាហ៍ប្រសិនបើអាជីវកម្មនោះអាចបង្ហាញថា ពួកគេពិតជាកំពុងទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ពិតប្រាកដមែន។

ដើម្បីមានសិទ្ធិទទួលប្រាក់ផ្គត់ផ្គង់នេះ ម្ចាស់អាជីវកម្មត្រូវមានភស្ដុតាងបង្ហាញថាប្រាក់ចំណូលរបស់ខ្លួនមានការធ្លាក់ចុះ ១៥ភាគរយក្នុងខែមីនា មេសា ឬឧសភាក្នុងឆ្នាំ២០២០ បើធៀបនឹងប្រាក់ចំណូលដែលទទួលបានក្នុងខែដូចគ្នាកាលឆ្នាំ២០១៩ ឬបើធៀបនឹងប្រាក់ចំណូលរយៈពេល ២ខែដំបូងនៃឆ្នាំ ២០២០។

អាជីវកម្មទាំងឡាយណាដែលត្រូវបានរកឃើញថាបានកុហក ឬទម្លាក់ (បន្ទាប) ប្រាក់ចំណូលរបស់ខ្លួននឹងត្រូវទទួលការផាកពិន័យស្មើនឹង ២០ភាគរយនៃប្រាក់ផ្គត់ផ្គង់ដែលអាជីវកម្មទាំងនោះទទួលបានក្នុងកញ្ចប់ថវិកាផ្គត់ផ្គង់។ 

គួរបញ្ជាក់ផងដែរថា អាជីវកម្មទាំងអស់គ្រប់វិស័យលើកលែងតែវិស័យសាធារណៈ នឹងមានសិទ្ធិទទួលប្រាក់ជំនួយផ្គត់ផ្គង់នេះ។ 

បើយោងតាមកាសែត Bloomberg ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ប្រជាជនជាង ៥លាននាក់ ក្នុងប្រទេសកាណាដាបានដាក់ស្នើសុំការគាំទ្រប្រាក់ចំណូលបន្ទាន់។ 

ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍កាដាណា (Air Canada) ក៏មានគម្រោងប្រើប្រាស់គោលនយោបាយនេះនៃដើម្បីជួយបុគ្គលិករបស់ខ្លួនចំនួន ៣៦ ០០០នាក់ផងដែរ។ 

យោងតាមទិន្នន័យពីសកលវិទ្យាល័យចនហបឃិន (Johns Hopkins University) ប្រជាជន ២៣ ៧១៧នាក់ឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកាណាដា និងមនុស្ស៦៧៥នាក់បានស្លាប់ដោយសារជំងឺនេះ៕

អត្ថបទទាក់ទង៖ 

ដោយ៖ លង់ វណ្ណៈ 
ប្រភព៖ Business Insider, Bloomberg

X
5s