ការស្រាវជ្រាវថ្មី៖ វីរុសកូរ៉ូណាអាចអណ្ដែតបានគម្លាត ៤ម៉ែត្រ និងរស់នៅក្នុងខ្យល់បាន៣ ៤ម៉ោងក្នុងបន្ទប់
ការសិក្សាថ្មីមួយបានធ្វើការពិនិត្យលើសំណាកខ្យល់ក្នុងបន្ទប់មន្ទីពេទ្យដែលមានអ្នកជំងឺកូវីដ១៩ បានរកឃើញថាវីរ៉ុសនេះអាចធ្វើចលនាបានរហូតដល់ទៅ ១៣ហ្វីត ឬ៤ម៉ែត្រ ដែលនេះមានប្រវែងលើសទ្វេរដងទៅនឹងគោលការណ៍ណែនាំនាពេលបច្ចប្បន្ន។ នេះយោងតាមការចុះផ្សាយរបស់កាសែត rfi។
លទ្ធផលបឋមក្នុងការអង្គេតដោយក្រុមអ្នកស្រាវជ្រាវចិនត្រូវបានចុះផ្សាយកាលពីថ្ងៃសុក្រក្នុងទិនានុប្បវត្ដិជំងឺឆ្លងកើតថ្មី (Emerging Infectious Diseases) របស់មជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺឆ្លងអាមេរិក (US Centers for Disease Control and Prevention (CDC))។
ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមក្នុងបណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធា (Academy of Military Medical Sciences) បានធ្វើតេស្តខ្យល់និងសំណាកខ្យល់ពីបន្ទប់សង្រ្គោះបន្ទាន់ (ICU) និងបន្ទប់ដាក់អ្នកជំងឺទូទៅ ក្នុងមន្ទីពេទ្យ Huoshenshan ក្នុងទីក្រុងវ៉ូហាន។ ក្នុងបន្ទប់ទាំងពីរនោះមានអ្នកជំងឺសរុប ២៤នាក់ ស្នាក់នៅពីថ្ងៃទី១៩ ខែកុម្ភៈ ដល់ថ្ងៃទី២ មីនា។
អ្នកស្រាវជ្រាវទាំងនោះបានរកឃើញថា វីរុសភាគច្រើនត្រូវរកឃើញក្បែរកំរាលឥដ្ឋក្នុងបន្ទប់មន្ទីពេទ្យ នេះប្រហែលដោយសារតែទំនាញ និងលំហូរនៃខ្យល់ដែលធ្វើឲ្យភាគល្អិតតូចៗនៃវីរុសអាចអណ្ដែតនៅលើកំរាលឥដ្ឋបានដូចនេះ។ ហើយកម្រិតភាគច្រើននៃវីរុសក៏ត្រូវបានរកឃើញថាមាននៅលើផ្នែកផ្សេងៗដូចជាលើម៉ៅ (mouse) ធុងសម្រាម គ្រែ និងដៃទ្វារជាដើមផងដែរ។
ក្រុមអ្នកស្រាវជ្រាវក៏បានសរសេរបន្ថែមទៀតថា៖ «ពាក់កណ្ដាលនៃសំណាកដែលយកចេញពីបាតស្បែកជើងបុគ្គលិកពេទ្យធ្វើការក្នុងបន្ទប់សង្រ្គោះបន្ទាន់បានធ្វើលទ្ធផលតេស្តវិជ្ជមាន។ ដូចនេះ បាតស្បែកជើងបុគ្គលិកពេទ្យប្រហែលអាចមានមុខងារជាអ្នកនាំវីរុសនេះផងដែរ»។ គេបានបន្ថែមទៀតថា អ្នកដែលដើរចេញពីបន្ទប់សង្រ្គោះបន្ទាន់គួរតែធ្វើការសម្លាប់មេរោគសិន មុននឹងចេញពីបន្ទប់អ្នកជំងឺកូវីដ១៩ ធម្មតា។
ក្រុមអ្នកស្រាវជ្រាវទាំងនេះក៏បានពិនិត្យលើការឆ្លងតាមរយៈខ្យល់ផងដែរ។ នៅពេលដំណក់ទឹកដែលមានផ្ទុកវីរុសមានភាពកាន់តែតូចៗ អាចអណ្ដែតក្នុងខ្យល់បានរហូតដល់ ២ ទៅ៣ ម៉ោង ដោយមិនដូចដំណក់ទឹកដែលចេញពីការកណ្ដាស់ឬក្អកដែលធ្លាក់លើដីក្នុងពេល ២ ៣វិនាទីនោះទេ។
ក្នុងនោះដែរគេរកឃើញថា ខ្យល់ដែលមានផ្ទុកវីរុសនេះមានចលនាក្បែរ ឬចុះមកក្រោមពីអ្នកជំងឺក្នុងចម្ងាយ ១៣ហ្វីត ឬ៤ម៉ែត្រ និងបរិមាណតិចតួចនៃវីរុសត្រូវរកឃើញក្នុងកម្ពស់ឡើងលើ ៨ហ្វីត ឬ២,៤ម៉ែត្រ។
ការសិក្សាស្រាវជ្រាវនេះបង្ហាញថា ការនៅដាច់ដោយឡែកក្នុងផ្ទះដែលមានផ្ទុកកូវីដ១៩ ទំនងមិនមែនជាយុទ្ធសាស្ត្រគ្រប់គ្រងការឆ្លងរាលដាលដ៏ល្អនោះទេ បើនិយាយពីកម្រិតឆ្លងក្នងបរិយាកាស។
គួរបញ្ជាក់ផងដែរថា ក្រុមអ្នកស្រាវជ្រាវនេះមិនបានធ្វើការសិក្សាលើបរិយាកាសនៅខាងក្រៅបន្ទប់នោះឡើយ៕
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ rfi, breitbart