ប្រទេសថៃត្រូវការការចូលរួមពីពលរដ្ឋ៨០ភាគរយ ទើបអាចទប់ស្កាត់ការឆ្លងកូវីដ១៩ បាន​



បើទោះបីមានកិច្ចសហការពីប្រជាជនរបស់ខ្លួនក្ដី ប៉ុន្តែថៃនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។ នេះបើយោងតាមលោកឧបនាយករដ្ឋមន្រ្តី  Anutin Charnvirakul បានប្រាប់កាសែត CNBC កាលពីថ្ងៃពុធកន្លងទៅ។ 

លោក  Anutin Charnvirakul រដ្ឋមន្រ្តីក្រសួងសុខភាពសាធារណៈនិងជាឧបនាយករដ្ឋមន្រ្តីផង បានលើកអំពីការសិក្សាស្រាវជ្រាវមួយដែលអះអាងថា ៨០ភាគរយនៃប្រជាជនថៃត្រូវរក្សាគម្លាតសង្គម (Social distancing) ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ១៩។

លោកបានមានប្រសាសន៍ថា៖ «រហូតមកដល់ពេលនេះប្រជាជនថៃបានជួយសហការយ៉ាងពេញទំហឹង ប៉ុន្តែយើងនៅតែត្រូវការការចូលរួមបន្ថែមពីព្រោះមានការសិក្សាស្រាវជ្រាវមួយបង្ហាញថាយើងត្រូវការការចូលរួម ៨០ភាគរយនៃប្រជាជនក្នុងការរក្សាគម្លាតសង្គមដើម្បីធ្វើឲ្យអត្រានៃការឆ្លងមានការធ្លាក់ចុះ»។ ក្រៅពីនេះប្រទេសថៃក៏បានធ្វើការរឹងបន្ដឹងទៅលើជនជាតិបរទេសដែលចូលមកប្រទេសថៃផងដែរ។

នាពេលបច្ចុប្បន្នប្រជាជនថៃប្រមាណ ៧០ភាគរយមានការយល់ដឹងនិងចូលរួមរក្សាគម្លាតសង្គម បើយោងតាមរបាយការណ៍មួយរបស់កាសែត Bangkok Post ប៉ុន្តែមិនទាន់ដល់តួលេខ ៨០ភាគរយដែលចង់បាននៅឡើយ។ 

ក្រសួងសុខភាពសាធារណៈ បានធ្វើការទស្សទាយថាប្រសិនបើប្រជាជនថៃ ៨០ភាគរយអាចគោរពតាមការរក្សាគម្លាតសង្គមបាន នោះចំនួននៃអ្នកឆ្លងនឹងមាន ៧ ៧៤៥នាក់ ត្រឹមថ្ងៃទី១៥ មេសា ទៅដល់ ១៧ ៦៣៥ករណី ប្រសិនបើអ្នកគោរពតាមវិធានការមួយនេះមានត្រឹមតែ៥០ភាគរយ។

គួរឲ្យដឹងផងដែរថា បើគិតត្រឹមថ្ងៃព្រហស្បតិ៍កន្លងទៅប្រទេសថៃមានចំនួនអ្នកឆ្លង ២ ៣៦៩ករណី អ្នកស្លាប់៣០នាក់ បើយោងតាមវិទ្យាស្ថានចន ហបឃិន ( Johns Hopkins University)៕

ដោយ៖ លង់ វណ្ណៈ

X
5s