ដំណឹងល្អ! ចិនប្រកាសពីការធ្វើតេស្តវ៉ាក់សាំង COVID 19 លើមនុស្សជាលើកដំបូងហើយ
ចិនប្រកាសអនុម័តចំពោះការធ្វើតេស្តវ៉ាក់សាំងការពារកូវីដ ១៩ ដំណាក់កាលដំបូងលើមនុស្សជាមួយនឹងការពិសោធន៍ចំនួនពីរទៅលើវ៉ាក់សាំងនេះ នេះបើយោងតាមការការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua កាលពីព្រឹកថ្ងៃអង្គារទី ១៤ ខែមេសាឆ្នាំ ២០២០នេះ។
អ្នកវិទ្យាសាស្ត្រចិនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការសាកល្បងដំណាក់កាលដំបូងនៃវ៉ាក់សាំងរបស់ខ្លួនទៅលើមនុស្ស ព្រោះពួកគេកំពុងតែស្វែងរកវិធីសាស្ត្រដើម្បីបញ្ឈប់ការរាតត្បាតនៃវីរុសឆ្លងកូរ៉ូណាវីរុសមួយនេះ។ វ៉ាក់សាំងទាំងនេះត្រូវបានដឹកនាំផលិតនិងបង្កើតដោយ Sinovac Research and Development Co.,Ltd ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង និង Wuhan Institute of Biological Product។ កាលពីខែមីនាកន្លងទៅ ចិនបានផ្ដល់ភ្លើងខៀវសម្រាប់ការសាកល្បងវ៉ាក់សាំងការពារវីរុសកូវីដ ១៩ ដែលផលិតនិងអភិវឌ្ឍដោយ China's Academy of Military Medical Sciences និង HK-listed biotech firm CanSino បន្ទាប់ពីក្រុមហ៊ុន Moderns របស់សហរដ្ឋអាមេរិកបានប្រកាសថាខ្លួនចាប់ផ្ដើមតេស្តវ៉ាក់សាំងរបស់ពួកគេជាលើកដំបូងលើមនុស្ស ដែលមានការចូលរួមពីវិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក US National institute of health។
អត្ថបទទាក់ទង៖ ស្ថានទូតចិននៅកម្ពុជា ប្រកាសពីការរកឃើញវ៉ាក់សាំង Covid19 ដោយក្រុមអ្នកវិទ្យាសាស្ត្រយោធាចិន
យោងតាមការចេញផ្សាយរបស់ BizKhmer កាលពីថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០២០ ស្ថានទូតសាធារណរដ្ឋប្រជាមានិត្យចិន ប្រចាំនៅកម្ពុជា បានផ្សាយនៅតាមបណ្ដាញសង្គមផ្លូវការរបស់ខ្លួនពី ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តយោធារបស់ចិន បានរកឃើញវ៉ាក់សាំង Covid19 យ៉ាងជោគជ័យ។ «បេសកកម្មដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19 យ៉ាងជោគជ័យ! វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺ។ តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និង ការផលិតក្នុងទ្រង់ទ្រាយធំ»។
អត្ថបទទាក់ទង៖ ពិតដូចអ្នកជំនាញនិយាយដែរទេថាកូវីដ នឹងអូសបន្លាយដល់បំណាច់ឆ្នាំ ២០២១?
គួរបញ្ជាក់ផងដែរថា Sinovac Research and Development Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Nasdaq-listed Sinovac Biotech Ltd., ហើយក៏ជាក្រុមហ៊ុនមួយដែលបានចូលរួមផលិតវ៉ាក់សាំងដំណាក់កាលដំបូងក្នុងដងពេលមានការផ្ទុះរាលដាលជំងឺ SARS កាលពីឆ្នាំ ២០០៣ ផងដែរ៕
អត្ថបទទាក់ទង៖ ប្រទេសថៃត្រូវការការចូលរួមពីពលរដ្ឋ៨០ភាគរយ ទើបអាចទប់ស្កាត់ការឆ្លងកូវីដ១៩ បាន
ដោយ៖ យ៉ាយ៉ា