រោគសញ្ញាទាំង ១០ នៃកូវីដ១៩ ដែលអ្នកត្រូវដឹងនិងប្រុងប្រយ័ត្នខ្ពស់
អ្នកវិទ្យាសាស្រ្តកំពុងសិក្សាអំពីវីរុសកូរ៉ូណាថ្មី និងរោគសញ្ញារបស់វីរុសនេះជារៀងរាល់ថ្ងៃ។ ក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម ត្រូវបានរកឃើញថាជារោគសញ្ញាដែលអ្នកផ្ទុកជំងឺកូវីដ១៩ច្រើនជាងគេ។ រោគសញ្ញានៃជំងឺនេះអាចនឹងបង្ហាញចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៤ បន្ទាប់ពីឆ្លង បើយោងតាមមជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺឆ្លងអេមរិក (US Centers for Disease Control and Prevention)។ ខាងក្រោមនេះគឺជារោគសញ្ញាទាំង ១០ ដែលត្រូវដឹងដើម្បីការពារខ្លួនអ្នកនិងក្រុមគ្រួសារ៖
១) ពិបាកដកដង្ហើម
ការដកដង្ហើមថប់មិនមែនជារោគសញ្ញាដំបូងនៃកូវីដ១៩ឡើយ ប៉ុន្តែវាជារោគសញ្ញាធ្ងន់ធ្ងរជាងគេ។ ប្រសិនបើអ្នកមានសភាពតឹងទ្រូងដោយមិនអាចដកដង្ហើមបានពេញសួតរបស់អ្នក នោះគឺជារោគសញ្ញាដែលអ្នកត្រូវប្រុងប្រយ័ត្ន បើយោងតាមអ្នកជំនាញ។
វេជ្ជបណ្ឌិត Patrice Harris ប្រធានសមាគមវេជ្ជសាស្ត្រអាមេរិក (American Medical Association ) មានប្រសាសន៍ថា៖ «ប្រសិនការដកដង្ហើមតឹង អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់»។
មជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺឆ្លងអេមរិក (US Centers for Disease Control and Prevention) ក៏បានបង្ហាញនូវរោគសញ្ញាធ្ងន់ធ្ងរមួយចំនួននៃជំងឺកូវីដ១៩ផងដែរ ដូចជាការឈឺចាប់ឬមានសម្ពាធលើទ្រូង និងបបូរមាត់និងមុខឡើងខៀវ ដែលរោគសញ្ញាទាំងអស់នេះញ្ជាក់ថាអ្នកខ្វះអុកស៊ីហ្សែន។ ដូចនេះ ត្រូវស្វែងរកការពិគ្រោះ ឬជួបជាមួយគ្រូពេទ្យជាបន្ទាន់។
២) គ្រុនក្ដៅ
ការឡើងកម្ដៅគឺជារោគសញ្ញាសំខាន់មួយនៃកូវីដ១៩។ មនុស្សមួយចំនួនមានសីតុណ្ហភាពរាងកាយទាបជាងឬលើស ៣៧អង្សារ ដូចនេះអ្នកជំនាញនិយាយថាកុំផ្អែកតែលើលេខសីតុណ្ហភាពតែមួយ។
វេជ្ជបណ្ឌិត John Williams ប្រធានផ្នែកជំងឺឆ្លងកុមារនៅសកលវិទ្យាល័យ University of Pittsburgh Medical Center Children's Hospital បានមានប្រសាសន៍ថា៖ មានការយល់ច្រលំជាច្រើនអំពីកម្ដៅរាងកាយ។
សីតុណ្ហភាពរបស់មនុស្សអាចឡើងចុះកន្លះ ឬមួយអង្សារ។ លោកបន្ថែមទៀតថាមនុស្សភាគច្រើនមានសីតុណ្ហភាព ៣៧ ឬ៣៧,៥ អង្សារសេ មិនមែនជាអាការៈក្ដៅខ្លួនឡើយ។
ជាមួយគ្នានោះ លោកដុកទ័រ William Schaffner សាស្រ្តាចារ្យថ្នាំការពារនិងជំងឺឆ្លងនា Vanderbilt University School of Medicine បានមានប្រសាសន៍ថា កុំពឹងលើសីតុណ្ហភាពនាពេលព្រឹក ប៉ុន្តែនាពេលរសៀលឬជិតយប់វិញ។
«សីតុណ្ហភាពរាងកាយរបស់មនុស្សមិនរក្សាលំនឹងដូចគ្នានោះទេកំឡុងពេលថ្ងៃ។ ប្រសិនបើអ្នកវាស់សីតុណ្ហភាពនាពេលព្រឹក នោះសីតុណ្ហភាពរាងកាយនឹងធម្មតា»។
កត្ដាមួយដែលកំណត់អំពីអាការៈក្ដៅខ្លួនគឺកម្ដៅរាងកាយឡើងខ្ពស់នារសៀលនិងពេលជិតយប់។ វាជាពេលដែលវីរុសបង្កជំងឺគ្រុនក្ដៅ។
៣) ក្អកស្ងួត
ការក្អកគឺជារោគសញ្ញាមួយទៀតនៃជំងឺកូវីដ១៩ ប៉ុន្តែវាមិនដូចការក្អកផ្សេងឡើយ។
លោក William Schaffner បានលើកឡើងថា៖ វាមិនមែនជាការក្អកដោយសាររមាស់ក មិនមែនជាការក្អកដែលធ្វើឲ្យអ្នកស្រលះកនោះដែរ។ ក្អកស្ងួតកើតចេញពីទ្រូងរបស់អ្នក។ វាកើតឡើងពីទ្រូងឬផ្នែកកណ្ដាលសំខាន់នៃឆ្អឹងសន្ទះទ្រូង ហើយអ្នកអាចដឹងថាបំពង់ខ្យល់បន្ដទៅទងសួតរបស់អ្នកមានការរលាក។»
របាយការណ៍មួយរបស់ WHO បង្ហាញថា ៣៣ភាគរយនៃអ្នកជំងឺកូវីដ ៥៥ ៩២៤នាក់មានការក្អកស្លេស្ម។
៤) គ្រុនរងារ និងឈឺសាច់ដុំ
អ្នកជំនាញលើកឡើងថាមិនមែនមនុស្សទាំងអស់មានរោគសញ្ញារងារព្រឺ និងឈឺសាច់ដុំនោះទេ។ មនុស្សមួយចំនួនមានរោគសញ្ញាគ្រុនរងារធម្មតា ឈឺខ្លួន និងឈឺសន្លាក់និងសាច់ដុំជាដើម ដែលធ្វើឲ្យពួកគេពិបាកក្នុងដឹងថាជាគ្រុនក្ដៅ ឬជំងឺកូវីដ១៩។
រោគសញ្ញាមួយដែលជាជំងឺកូវីដគឺនៅពេលដែលរោគសញ្ញាទាំងនោះមិនប្រសើរឡើងក្នុងរយៈពេល១សប្ដាហ៍ ប៉ុន្តែកាន់តែធ្ងន់ធ្ងរ។
៥) រង្វែងមួយភាំង
មជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺឆ្លងអេមរិក (CDC) បានឲ្យដឹងថាការរង្វែងមួយភាំង ឬមិនអាចភ្ងាក់ដឹងខ្លួន អាចជារោគសញ្ញាធ្ងន់ធ្ងរដែលត្រូវស្វែងរកការព្យាបាល។
ប្រសិនបើអ្នកមានរោគសញ្ញាធ្ងន់ធ្ងរដូចជាបបូរមាត់ឡើងខៀវ ពិបាកដកដង្ហើម ឬឈឺទ្រូង CDC ណែនាំឲ្យស្វែងរកការព្យាបាលភ្លាមៗ។
៦) បញ្ហាប្រព័ន្ធរំលាយអាហារ
ដំបូងអ្នកវិទ្យាសាស្រ្តមិនគិតថាការរាគរូស និងបញ្ហាក្រពះ ជាមួយរោគសញ្ញាគ្រុនក្ដៅគឺជារោគសញ្ញាវីរុសកូរ៉ូណាឡើយ។ ការសិក្សាមួយរបស់ប្រទេសចិនដែលបានសិក្សាលើអ្នកជំងឺ២០០នាក់ ហើយរកឃើញថារោគសញ្ញាប្រព័ន្ធរំលាយអាហារនិងក្រពះក្នុងអ្នកជំងឺពាក់កណ្ដាល។
៧) ភ្នែកឡើងផ្កាឈូក
ការសិក្សាស្រាវជ្រាវពីប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសផ្សេងៗទៀតបង្ហាញថាប្រហែល១ ទៅ ៣ភាគរយនៃអ្នកជំងឺកូវីដ១៩ មាន conjunctivitis ឬហៅថាភ្នែកផ្កាឈូក (Pink eye)។
រោគសញ្ញាភ្នែកឡើងពណ៌ផ្កាឈូក ឬក្រហមគឺជារោគសញ្ញាមួយដែលអ្នកត្រូវជួបជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកមានរោគសញ្ញាកូវីដផ្សេងទៀតដូចជាគ្រុនក្ដៅ ក្អក និងពិបាកដកដង្ហើមជាដើម។
៨) បាត់បង់ឃានវិញ្ញាណ និងជីវ្ហាវិញ្ញាណ
ដុកទ័រ Sanjay Gupta បានប្រាប់ CNN ថា៖ អ្វីដែលគេហៅថាការស្រង់ក្លិនមិនដឹង (anosmia) ដែលមានន័យថាបាត់បង់មុខងារឃានវិញ្ញាណ គឺជារោគសញ្ញាមួយដែលអ្នកជំងឺភាគច្រើនមាន។
«វាប្រហែលជាមានទាក់ទងនឹងការបាត់បង់រសជាតិ ឬបាត់បង់មុខងារជីវ្ហាវិញ្ញាណផងដែរ។»
បើយោងតាម American Academy of Otolaryngology-Head and Neck Surgery ការបាត់បង់សមត្ថភាពស្រង់ក្លិនត្រូបានរកឃើញលើអ្នកជំងឺដែលមានផ្ទុកកូវីដ១៩ដោយមិនមានរោគសញ្ញាដទៃទៀត។
ការវិភាគមួយក្នុងប្រទេសកូរ៉េខាងត្បូងរកឃើញថា ៣០ភាគរយនៃអ្នកជំងឺបាត់បង់ឃានវិញ្ញាណ គឺមិនអាចដឹងក្លិនបាន។ ហើយក្នុងប្រទេសអាល្លឺម៉ង អ្នកជំងឺ២នាក់ក្នុងចំណោម៣នាក់មានរោគសញ្ញាបាត់បង់ការដឹងក្លិននេះ។
៩) ហេវហត់អស់កម្លាំង
សម្រាប់មនុស្សមួយចំនូន ភាពហេវហត់អស់កម្លាំងខ្លាំងគឺជារោគសញ្ញាមួយនៃជំងឺកូវីដ១៩។ របាយការណ៍របស់ WHO រកឃើញថា៤០ភាគរយនៃអ្នកជំងឺកូវីដ១៩ចំនួន ៦ ០០០នាក់មានរោគសញ្ញាអស់កម្លាំង។ ភាពហេវហត់អស់កម្លាំងនឹងបន្តបន្ទាប់ពីជាសះស្បើយពីវីរុស។ Anecdotal បានរាយការណ៍ថាមនុស្សដែលជាសះស្បើយពីកូវីដ១៩ និយាយថាភាពហេវហត់អស់កម្លាំងនិងមិនមានកម្លាំងថាមពលនឹងបន្តរហូតដល់២ ៣សប្ដាហ៍។
១០) ឈឺក្បាល ឈឺក តឹងច្រមុះ
អង្គការសុខភាពពិភពលោក WHO រកឃើញថា ១៤ភាគរយនៃ ៦ ០០០ករណីក្នុងប្រទេសចិនមានរោគសញ្ញាឈឺក្បាល ឈឺក និង៥ភាគរយមានរោគសញ្ញាតឹងច្រមុះ។
នេះមិនមែនជារោគសញ្ញាទូទៅកូវីដ១៩ទេ ប៉ុន្តែវាមានរោគសញ្ញាស្រដៀងទៅនឹងផ្ដាសាយ។ រោគសញ្ញាកូវីដ១៩មានរោគសញ្ញាគ្រុនក្ដៅមានដូចជាឈឺក្បាល បញ្ហាប្រព័ន្ធរំលាយអាហារ និងអស់កម្លាំងជាដើម។
អ្នកជំនាញជាច្រើនលើកឡើងថាវាអាចដូចនឹងរោគសញ្ញាគ្រុនផ្ដាសាយ៕
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ CNN