វ៉ាក់សាំងសម្រាប់ COVID-19 របស់ចិន WHO បញ្ជាក់ថា មានតែ ១គត់ឈានដល់ពិសោធន៍ព្យាបាលលើកទី២
នាថ្ងៃទី១២ ខែមេសា វ៉ាក់សាំង Adenovirus សម្រាប់ជំងឺវីរុស COVID-19 ដែលត្រូវបានស្រាវជ្រាវដោយក្រុមអ្នកជំនាញដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា នាល្ងាចម៉ោងជាង ៨ ថ្ងៃទី១៤ ខែមេសា នេះ។
ប្រភពដដែលបានបញ្ជាក់ផងដែរថា ក្នុងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោកបានប្រកាសថា នេះជាវ៉ាក់សាំងសម្រាប់ជំងឺវីរុស COVID-19 តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។
គូសបញ្ជាក់ថា កាលពីថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០២០ ស្ថានទូតសាធារណរដ្ឋប្រជាមានិត្យចិន ប្រចាំនៅកម្ពុជា បានផ្សាយនៅតាមបណ្ដាញសង្គមផ្លូវការរបស់ខ្លួនពី ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តយោធារបស់ចិន បានរកឃើញវ៉ាក់សាំង Covid19 យ៉ាងជោគជ័យ។ «បេសកកម្មដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺ COVID-19 យ៉ាងជោគជ័យ! វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺ។ តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និង ការផលិតក្នុងទ្រង់ទ្រាយធំ»៕
ដោយ៖ រតនៈវិភូ