ឡានក្រុងដំណើរកម្សាន្តស្ទូឌីយោ Harry Potter ក្លាយជារថយន្តដឹកបុគ្គលិកសុខាភិបាល
រថយន្តក្រុងម៉ាក Harry Potter ដែលជាធម្មតាដឹកអ្នកគាំទ្ររបស់ខ្លួនទៅទស្សនាស្ទូឌីយោ Warner Bros តែបានកំពុងប្រែក្លាយទៅជារថយន្តដឹកបុគ្គលិកសំខាន់ៗរបស់សេវាសុខភាពជាតិ (National Health Service : NHS) ដោយឥតគិតថ្លៃរវាងមន្ទីរពេទ្យដែលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង យោងតាមការចុះផ្សាយដោយ Variety។
ឡានក្រុងមួយនេះត្រូវបានផ្តល់ជូនដោយក្រុមហ៊ុន Warner Bros ស្ទូឌីយោ Leavesden និងប្រតិបត្តិករឡានក្រុង Golden Tours ដើម្បីដឹកបុគ្គលិកសុខាភិបាលសំខាន់ៗនៅចន្លោះទីតាំងចំនួន ៣ របស់សេវាសុខភាពជាតិ និងដំណើរការរៀងរាល់ថ្ងៃចាប់ពីម៉ោង ៦:០០ នាទីល្ងាច និងឈប់ដំណើរការនៅម៉ោង ១០:៤០ នាទីយប់។
លោក Paul da Gama ជាប្រធាននៅមន្ទីរពេទ្យ West Herts បានមានប្រសាសន៍ថា៖ «កម្លាំងពលកម្មរបស់យើងត្រូវបានបាត់បង់ដោយសារជំងឺ និងការដាក់ឲ្យនៅដាច់ដោយឡែក ហើយដូច្នេះវាពិតជាសំខាន់ណាស់នៅពេលដែលបុគ្គលិកទាំងនោះមានសុខភាពល្អវិញ ប៉ុន្តែមានបញ្ហាដឹកជញ្ជូនពួកគេត្រឡប់មកវិញ»។ លើសពីនេះលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Warner Bros. ស្ទូឌីយោ Leavesden និង Golden Tours ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ២១:០០នាទីយប់ថ្ងៃ ១៥ ខែមេសា ឆ្នាំ២០២០នេះ នៅសហរដ្ឋអាមេរិកតួលេខថ្មីៗនេះបង្ហាញថាវីរុសនេះបានសម្លាប់មនុស្ស ២៦ ១៦៤ នាក់ និងអ្នកឆ្លងសរុបមាន ៦១៥ ៤០៦ករណី ខណៈអ្នកឆ្លងសរុបនៅទូទាំងពិភពលោកកើនឡើងលើស ២លាននាក់ហើយ៕
ដោយ៖ Anthony