ឧស្សាហកម្មអាកាសចរណ៍ចិនបាត់បង់ទឹកប្រាក់ជាង ៥ពាន់លានដុល្លារ ខណៈពិភពលោកបាត់ជាង ៣០០ពាន់លានដុល្លារ​



ឧស្សាហកម្មអាកាសចរណ៍របស់ចិនមានការធ្លាក់ចុះប្រាក់ចំណូលក្នុងត្រីមាសទីមួយ ខណៈមានការបិទទីក្រុងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ធ្វើឲ្យមានការបិទជើងហោះហើរសឹងទូទាំងប្រទេស។

ឧស្សាហកម្មអាកាសចរណ៍បានបាត់បង់ទឹកប្រាក់ប្រមាណ ៣៩,៨២ ពាន់លានយ័ន ឬស្មើនឹង ៥,៦ពាន់លានដុល្លារក្នុងរយៈពេល៣ខែដំបូងក្នុងឆ្នាំនេះ នេះបើយោងតាម រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ( Civil Aviation Administration of China ) បានឲ្យដឹងកាលពីថ្ងៃពុធកន្លងទៅ ខណៈចរាចរណ៍ដឹកអ្នកដំណើរមានការធ្លាក់ចុះប្រមាណ ៥៣,៩ ភាគរយ ស្មើនឹង ៧៤,០៨លាននាក់ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដកាន់តែធ្ងន់ធ្ងរ។

បើទោះបីជាមានសញ្ញាធូរស្រាយមួយចំនួនក្នុងពេលប៉ុន្មានសប្ដាហ៍កន្លងមក សកម្មភាពធ្វើដំណើរនូវមិនទាន់ឈានដល់កម្រិតធម្មតានៅឡើយទេ។ 

 CAAC បានបញ្ជាក់ថា៖ «ខណៈតម្រូវការនៃការងារនិងផលិតកម្មកំពុងងើបឡើងវិញក្នុងប្រទេស ចំនួននៃជើងហោះហើរហាក់មានសភាពប្រសើរឡើងវិញបន្ដិច ប៉ុន្តែវានឹងនៅតែបន្តក្នុងកម្រិតទាបនៅក្នុងពេលអនាគត»។

ក្នុងខែមីនាកន្លងទៅចំនូនអ្នកដំណើរធ្លាក់ចុះ ៧១,៧ភាគរយ ស្មើនឹង ១៥,១៣លាននាក់ ខណៈការដឹកទំនិញធ្លាក់ចុះ ២៣,៤ភាគរយ ស្មើនឹង ៤៨៤ ០០០តោន។ 

ដោយសារតែការកាត់ផ្ដាច់ជើងហោះហើរមួយចំនួន តម្រូវការនៃការដឹកទំនិញមានការកើនឡើង ២៨,៤ភាគរយ ស្មើនឹង២៥៣ ០០០តោនកាលពីខែមីនា។

គួរឲ្យដឹងថា ឧស្សាហកម្មអាកាសចរណ៍ពិភពលោកបាត់បង់ទឹកប្រាក់ ៣១៤ពាន់លានដុល្លារពីប្រាក់ចំណូលពីការដឹកអ្នកដំណើរក្នុងឆ្នាំនេះ បើយោងតាមសមាគមអ្នកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (International Air Transportation Association )។ គិតត្រឹមខែមេសា ចំនួនជើងហោះហើរសកលធ្លាក់ចុះ ៨០ភាគរយ៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ SCMP

 

 

X
5s