ការស្រាវជ្រាវ៖ ម៉ាស៊ីនត្រជាក់ចម្លងកូវីដ តែបើបើកបង្អួចអាចកម្ចាត់បាន
អ្នកជំនាញផ្នែកសុខាភិបាល និងមីក្រូជីវសាស្ត្រនៅសាកលវិទ្យាល័យ Oregon និងសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា បានផ្ដល់អនុសាសន៍មួយចំនួនបន្ទាប់ពីបានសិក្សា និងវាយតម្លៃទៅលើមេរោគជាច្រើន ក្នុងនោះក៏មាន SARS-CoV-2 ដែលជាវីរុសបង្កទៅជាកូវីដ១៩ សព្វថ្ងៃនេះដែរ។ នេះបើយោងតាមការចុះផ្សាយពី MSN និង Newsweekកាលពីថ្ងៃទី១២ មេសា។
នៅលើអត្ថបទដែលចេញផ្សាយនៅលើទិនានុប្បវត្តិវិទ្យាសាស្ត្រ mSystems ក្រុមអ្នកជំនាញបានពិនិត្យមើលទិន្នន័យនៃបណ្ដុំពពួកគ្រួសារវីរុសកូរ៉ូណា ដែលបង្កឱ្យទៅជាជំងឺ SARS (Severe Acute Respiratory Syndrome) និងជំងឺ MERS (Middle East Respiratory Syndrome)។
ការស្រាវជ្រាវបានបង្ហាញថា មនុស្សយើងបានចំណាយពេលជាង ៩០%នៃជីវភាពប្រចាំថ្ងៃនៅទីកន្លែងដែលគេសាងសង់ស្រាប់។ ទីកន្លែងទាំងនោះហើយដែលអំណោយផលទៅដល់ពពួកវីរុសក្នុងនោះក៏មានកូវីដផងដែរ ដែលអាចទុំជាប់នៅលើផ្ទៃផ្សេងៗ ហើយក៏អាចផ្ទុកនៅក្នុងខ្យល់ ឬបរិយាកាសដូចជាម៉ាស៊ីនត្រជាក់។
អ្នកជំនាញបានផ្ដល់អនុសាសន៍ដូច្នេះថា ៖«សម្រាប់អគារភាគច្រើន វិធីងាយស្រួលបំផុតដើម្បីធ្វើឱ្យខ្យល់ពីខាងក្រៅបក់ចូលទៅក្នុងដើម្បីបន្សាយភាយវីរុសបាន គឺត្រូវបើកបង្អួច»។ តែនេះមិនមែនសម្រាប់តែគ្រប់អគារដែលអាចបើកបង្អួចបាននោះទេ។ ទីតាំងខ្លះវានៅគៀកកិតនឹងលំហូរមនុស្ស ដែលវាមិនសមប្រកបនោះទេចំពោះការបើកបង្អួចបែបនេះ។
ដោយឡែក បើងាកទៅមើល The South China Morning Post ចុះផ្សាយកាលពីថ្ងៃទី១៥ មេសា ក៏បានដកស្រង់ការសិក្សាមួយយកមកចុះផ្សាយផងដែរ។ ១០ករណីដែលសិក្សាពីគ្រួសារចំនួន ៣ បានបង្ហាញថា ដំណក់តូចៗ ដែលចេញពីមាត់ តាមរយៈការក្អក ឬការកណ្ដាស់បង្កឱ្យមានការឆ្លងពិតមែន ហើយប្រសិនបើកម្លាំងខ្យល់ពីម៉ាស៊ីនត្រជាក់ខ្លាំង គឺច្បាស់ជាបង្កឱ្យមានការឆ្លងគ្នាពិតមែន។ ប្រភពដដែលក៏បានរៀបរាប់ផងដែរថា គ្រួសារទាំងបី គឺអង្គុយតុក្បែរគ្នាដែលម៉ាស៊ីនត្រជាក់បាញ់ចំច្រកខ្យល់តែមួយ (ដូចបង្ហាញក្នុងរូប) ដែលធ្វើឱ្យមានការឆ្លងគ្នាពិតប្រាកដ៕
តុចំនួនបី ដែលអង្គុយចំទិសម៉ាស៊ីនត្រជាក់។ កៅអី (ក្រហម) ជាអ្នកផ្ទុកដំបូងគេ។ កៅរង្វង់មូលព័ទ្ធដោយពណ៌ក្រហមរកឃើញវិជ្ជមានបន្តបន្ទាប់
ដោយ៖ រតនៈវិភូ