កូវីដ១៩៖ ស្ថានភាពអាសន្នរបស់ប្រទេសជប៉ុន បានបន្តពាសពេញប្រទេសហើយ
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ មេសា ម្សិលមិញនេះរដ្ឋាភិបាលជប៉ុនបានបញ្ជាក់ពីស្ថានភាពអាសន្នដែលបានបន្តពាសពេញប្រទេសទាំងមូល និងបានចាត់វិធានការទប់ស្កាត់ផ្សេងៗដើម្បីកាត់បន្ថយចំនួនអ្នកឆ្លងនៅទូទាំងប្រទេស។ នេះយោងតាមការចុះផ្សាយដោយ NHK World-Japan។
លោកនាយករដ្ឋមន្រ្តី Abe Shinzo បាននិយាយថា វីរុសបានរីករាលដាលនៅក្នុងខេត្តចំនួន ៦ ដូចជា Hokkaido, Ibaraki, Ishikawa, Gifu, Aichi, និង Kyoto ដែលមានទំហំដូចគ្នានឹងទីក្រុងទាំងប្រាំពីរដែលរដ្ឋដាក់គ្រាអាសន្នតាំងពីដំបូង។ ខេត្តទាំង ៧នោះមាន Tokyo, Kanagawa, Saitama, Chiba, Osaka, Hyogo និង Fukuoka។
លោក Shinzo ក៏បានបន្ថែមទៀតថាចំនួននៃការឆ្លងបានកើនឡើងមិនត្រឹមតែនៅក្នុងទីក្រុង/ខេត្តទាំង ១៣ប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅកន្លែងផ្សេងទៀតផងដែរ ហើយទាំងអស់នេះគឺបណ្តាលមកពីការបំលាស់ទីរបស់ប្រជាជនពីកន្លែងមានការផ្ទុះឡើងនូវវីរុសទៅកាន់តំបន់នានា។ ដូច្នេះរដ្ឋាភិបាលបានសម្រេចចិត្តពង្រីកស្ថានភាពអាសន្ននៅទូទាំងប្រទេសដើម្បីទប់ស្កាត់ការផ្ទុះឡើងនៅតាមតំបន់នានា និងកាត់បន្ថយការចាកចេញរបស់ប្រជាជនជាពិសេសក្នុងឱកាសវិស្សមកាលដែលនឹងចាប់ផ្តើមពីចុងខែមេសាដល់ដើមខែឧសភា។
លោកក៏បានស្នើដល់អាជ្ញាធររដ្ឋបាលក្នុងតំបន់ដើម្បីជំរុញឲ្យប្រជាជនចៀសវាងការចេញក្រៅដែលមិនចាំបាច់ឆ្លងកាត់ព្រំដែននៃខេត្ត ដើម្បីជួយទប់ស្កាត់វីរុសនេះ។ មិនតែប៉ុណ្ណោះលោកក៏បានអំពាវនាវឲ្យប្រជាជនកាត់បន្ថយទំនាកទំនងពីមនុស្សម្នាក់ទៅម្នាក់ទៀតយ៉ាងតិច ៧០ ភាគរយឬ ៨០ ភាគរយដើម្បីអនុញ្ញាតឲ្យស្ថានភាពនៃភាពអាសន្នត្រូវបានដកចេញដូចការគ្រោងទុក។
លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថារដ្ឋាភិបាលបានដាក់បញ្ចូលក្នុងកញ្ចប់សេដ្ឋកិច្ចរបស់ខ្លួននូវការប្រគល់ជាសាច់ប្រាក់ចំនួន ៣០០ ០០០ យ៉េនឬប្រហែល ២៨០០ ដុល្លារក្នុងមួយគ្រួសារ ហើយការផ្តល់ជូននេះគឺសម្រាប់គ្រួសារដែលមានប្រាក់ចំណូលធ្លាក់ចុះយ៉ាងខ្លាំង និង ១០០ ០០០យ៉េន ដល់មនុស្សគ្រប់រូបនៅក្នុងប្រទេសនេះ។
គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ប្រទេសជប៉ុនមានចំនួនអ្នកឆ្លង ៩ ២៣១ ករណី មនុស្ស ១៩០ នាក់បានស្លាប់ដោយសារជំងឺនេះ និង ៩៣៥ នាក់បានជាសះស្បើយឡើងវិញ៕
ដោយ៖ Anthony