អ្នកជំងឺជាង ១,៤លាននាក់កំពុងសម្រាកព្យាបាល មាន ៩៦%មានអាការៈស្រាល
តួលេខអ្នកឆ្លងជំងឺបណ្ដាលមកពីវីរុស ១៩ សរុបមកទល់ថ្ងៃទី ១៧ ខែមេសាឆ្នាំ ២០២០ នៅម៉ោង ១០:00នាទីព្រឹកនេះមានចំនួន ២ ១៨២ ៨២៣នាក់ ខណៈអ្នកស្លាប់កើនដល់ ១៤៥ ៥៥១នាក់ យោងតាមទិន្នន័យពីគេហទំព័រ World O Meter។
យោងតាមទិន្នន័យនេះ ក៏បានបញ្ជាក់និងធ្វើការបែងចែកជា active case (ករណីដែលកំពុងសម្រាកព្យាបាល) និង closed case (ករណីជាសះស្បើយ ឬស្លាប់)។ ក្នុងចំណោមអ្នកឆ្លងជាង ២ លាននាក់ ករណីសកម្ម (active case) ដែលជាអ្នកជំងឺកំពុងទទួលការព្យាបាលមានចំនួន ១ ៤៨៩ ៦៨៣ករណី ក្នុងនោះមាន ១ ៤៣៣ ០៩៥នាក់ ស្មើប្រមាណ ៩៦% មានសភាពអាការៈជំងឺស្រាល និង ៥៦ ៥៨៨នាក់ប៉ុណ្ណោះដែលមានសភាពជំងឺធ្ងន់ ឬគួរឲ្យព្រួយបារម្ភ។
ដោយឡែក Closed Case គឺជាចំនួនស្ថិតិរាប់ទៅលើអ្នកដែលបានចេញពីមន្ទីរពេទ្យ (ទាំងចំនួនអ្នកជាសះស្បើយនិងចំនួនអ្នកស្លាប់) មានចំនួនសរុប ៦៩៣ ១៤០ករណី។ ក្នុង ១០០% នៃ closed case (១០០% នៃ ៦៩៣ ១៤០ករណី) អ្នកជាសះស្បើយមានចំនួន ៧៩% (៥៤៧ ៥៨៩នាក់) រីឯភាគរយអ្នកស្លាប់មាននចំនួន ២១% (១៤៥ ៥៥១នាក់)។
ទោះបីជាមានអ្នកឆ្លងទូទាំងពិភពលោករហូតទៅដល់ជិត ២,២លាននាក់ក៏ដោយ តែចំនួនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនិងមានអាការៈស្រាលគឺមានច្រើន។ អ្វីដែលសំខាន់និងជាការសំណូមពររបស់រដ្ឋាភិបាលតាមបណ្ដាប្រទេសនីមួយៗ ក៏ដូចជាអង្គការសុខភាពពិភពលោក គឺជាការស្នើឱ្យប្រជាពលរដ្ឋទាំងអស់រក្សាគំលាតរស់នៅក្នុងសង្គម រក្សាអនាម័យ ធ្វើការតាមដានសុខភាពរបស់ខ្លួននិងរាយការណ៍ជាបន្ទាន់ទៅដល់អាជ្ញាធរសុខាភិបាលក្នុងករណីមានការសង្ស័យណាមួយលើកូវីដ ១៩។
ជាមួយគ្នានេះផងដែរ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ កន្លងទៅបានចេញសេចក្តីប្រកាសស្នើអោយកម្មករកម្មការិនី ឬអ្នកទើបតែធ្វើដំណើរមកពីតាមបណ្ដាខេត្តចូលមករាជធានីភ្នំពេញដាក់ខ្លួនឱ្យនៅដាច់ដោយឡែកតយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស កូវីដ ១៩៕