ចិនរងការចោទថាបានធ្វើតេស្តអាវុធនុយក្លេអ៊ែរ ពេលពិភពលោករងទុក្ខកូវីដ១៩
សហរដ្ឋអាមេរិកបានចោទប្រកាន់ថា ចិនទំនងបានធ្វើតេស្តអាវុធនុយក្លេអ៊ែរដែលមានអនុភាពផ្ទុះកម្រិតទាបប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈរដ្ឋបាលក្រុងប៉េកាំង បានច្រានចោល និងអះអាងថា ជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន មានចេតនា បង្ករឿងខណៈ ខ្លួនប្រកាន់ខ្ជាប់នូវការប្ដេជ្ញាចិត្តចំពោះបម្រាមអន្តរជាតិ។
ដើមចមនៃបញ្ហា
ក្រឡេកទៅមើលដើមចមនៃបញ្ហាបន្តិចសិន ការចោទប្រកាន់ចិននាពេលនេះ គឺធ្វើឡើងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានអះអាងកាលពីថ្ងៃពុធ តាមរយៈសេចក្ដីសង្ខេបនៃរបាយការណ៍ប្រចាំឆ្នាំមួយ ដែលវាយតម្លៃទៅលើកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធសកល នានា ដោយលើកឡើងថា ចិន «រក្សានូវសកម្មភាពកម្រិតខ្ពស់» នៅទីតាំងធ្វើតេស្តរបស់ខ្លួន Lop Nur នៅភាគខាងលិចទីក្រុង Xinjiang។
របាយការណ៍ដដែលបានកត់សម្គាល់ថា ទំនងជាការត្រៀមរៀបចំ (possible preparation) ដើម្បីធ្វើប្រតិបត្តិការនៅលើទីតាំងនោះពេញមួយឆ្នាំ និងបង្ហាញពីក្ដីកង្វល់ដែលចិនទំនង មិនគោរពតាមស្តង់ដារដែលប្រកាន់ខ្ជាប់ដោយសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស។
ភ្លាមៗបន្ទាប់ពីការលើកឡើងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានធ្វើប្រកាសវាយបកទៅសហរដ្ឋអាមេរិកវិញថា ៖«សហរដ្ឋអាមេរិកព្រងើយកន្តើយទៅលើរឿងពិតទាំងអស់ និងធ្វើការចោទប្រកាន់ដោយមានលក្ខណៈបង្ករឿងប្រឆាំងនឹងចិន។ នេះជាអំពើគ្មានទំនួលខុសត្រូវ និងមានចេតនាអាក្រក់»។ នេះបើតាមការចុះផ្សាយដោយ Bloomberg នៅថ្ងៃទី១៦ ខែមេសា ម្សិលមិញ។
ស្ថានការណ៍នៃការចោទប្រកាន់របស់សហរដ្ឋអាមេរិកមកលើចិន អាចនឹងបង្កភាពតានតឹងជាថ្មីម្ដងទៀត បន្ទាប់ពីបញ្ហាសង្គ្រាមពាណិជ្ជកម្មមុនផ្ទុះកូវីដ១៩ និងកាលៈទេសៈផ្ទុះកូវីដ១៩។
ការចោទប្រកាន់របស់សហរដ្ឋអាមេរិក គឺពាក់ព័ន្ធទៅនឹងចំណុចមួយដែលច្បាប់អន្តរជាតិ លើកឡើងអំពីការធ្វើតេស្តនុយក្លេអ៊ែរ «ផលសូន្យ-Zero Yield»។ ផលសូន្យនេះ មានន័យថា ជាការធ្វើតេស្តនុយក្លេអ៊ែរដោយគ្មានចង្វាក់នៃប្រតិកម្មផ្ទុះ (no explosive chain reaction) បង្កជាការផ្ទុះចេញជាផ្កាភ្លើងដោយកម្លាំងនៃប្រតិកម្មក្បាលគ្រាប់នុយក្លេអ៊ែរ។
គូសបញ្ជាក់ថា បើតាមរបាយការណ៍របស់ស្ថាប័នអន្តរជាតិ Stockholm Internatioanl Peach Research Institute បានឱ្យដឹងថា អាមេរិក និងរុស្ស៊ី មានចំនួនអាវុធនុយក្លេអ៊ែររហូតដល់ ៩០%នៃចំនួនសរុបទូទាំងពិភពលោកដែលមានប្រមាណ ១៣ ៨៦៥ ដែលភាគច្រើនជាក្បាលគ្រាប់បំពាក់នៅលើមីស៊ីល។ រុស្ស៊ី និងអាមេរិក មានក្បាលគ្រាប់ម្នាក់ៗប្រហែលជាង ៦០០០គ្រាប់ ខណៈបារាំងមាន ៣០០គ្រាប់ ចិនមាន ២៩០គ្រាប់ អង់គ្លេសមាន ២០០គ្រាប់ ឥណ្ឌា មានប្រហែល ១០០គ្រាប់ ប៉ាគីស្ថានមានប្រហែល ១០០គ្រាប់ អ៊ីស្រាអែល មានប្រហែល ៨០គ្រាប់ ខណៈកូរ៉េខាងជើងមានចន្លោះពី ២០ ទៅ ៣០គ្រាប់៕