ចិន​ផ្អាក​ការ​ធ្វើ​តេស្ត​វ៉ាក់សាំង​លើ​មនុស្ស ​​​ដោយ​​សារ​​កូវីដ​១៩​គ្រប់គ្រង​បាន​​



ចិន​សម្រេច​ផ្អាក​ការ​ធ្វើ​តេស្ត​​វ៉ាក់សាំង​លើ​មនុស្ស​ (clinical trial) សម្រាប់​ប្រឆាំង​នឹង​កូវីដ​១៩​ ​ដោយសារ​តែ​មិន​មាន​បេក្ខជន​គ្រប់គ្រាន់​​​សម្រាប់​ការ​ធ្វើ​តេស្ត​​​បន្ទាប់​ពី​ស្ថានភាព​កូវីដ​នៅ​ប្រទេស​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បាន​ ពោល​គឺ​មិន​មាន​ការ​​ផ្ទុះ​ឡើង​ទ្រង់ទ្រាយ​ធំ​ដូច​មុន។ នេះ​បើ​​តាម​​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​​ ចុះ​ផ្សាយ​ដោយ​ The South China Morning Post ថ្ងៃ​ទី​១៦ ខែ​មេសា។

លោក ​Zhong Nanshan ប្រធាន​ក្រុម​ផ្ដល់​​ប្រឹក្សា​យោបល់​រដ្ឋាភិបាល​​ ​​បាន​ថ្លែង​ថា​ ការ​កត់ត្រា​ជា​សាធារណៈ​បង្ហាញ​ថា​ ​​គម្រោង​ធ្វើ​​តេស្ត​​ចំនួន​ ៤៥​​​បាន​​ដក​ចេញ​ និង​ផ្អាក​មុន​ពាក់​កណ្ដាល​ខែ​មេសា ​ដែល​​ជា​កាល​​កំណត់​ដោយ​ក្រុង​ប៉េកាំង​ ​ហើយ​ហេតុផល​ចម្បង​គឺ​កង្វះ​នូវ​​​បេក្ខជន​ចូលរួម។ ​​លោក​បាន​ថ្លែង​ដូច្នេះ​ថា​ ៖«​ការ​សិក្សា​ជា​ច្រើន​ ត្រូវ​បាន​ផ្អាក​ដោយ​សារ​តែ​គ្មាន​នរណា​ម្នាក់​រំពឹង​ថា​ ចិន​អាច​គ្រប់គ្រង​​ជំងឺ​រាតត្បាត​នេះ​បាន​​យ៉ាង​រហ័ស​បែប​នេះ​​នោះ​ទេ»។ ​

អត្ថ​បទទាក់ទង៖ វ៉ាក់សាំង​សម្រាប់​ COVID-19 ​របស់​ចិន WHO បញ្ជាក់ថា​ មានតែ ១គត់ឈានដល់​ពិសោធន៍ព្យាបាលលើកទី២​

អ្នក​ជំនាញ​រូប​នេះ​បាន​បន្ត​ថា​ រលក​នៃ​ការ​ផ្ទុះ​លើក​ទី​១​ កន្លង​ផុត​ទៅ​ហើយ ហើយ​រលក​លើក​ទី​ ២​​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​ល្អ​ ខណៈ​​នេះ​គ្មាន​ឱកាស​សម្រាប់​​ការ​ធ្វើ​តេស្ត​​លើ​មនុស្ស​ទ្រង់ទ្រាយ​ធំនោះ​ទេ​សម្រាប់​ករណី​នៅ​ប្រទេស​ចិន​នេះ។ ​

បច្ចុប្បន្ន​នេះ​ ​ចិន​មាន​ករណី​តិច​តួច​ប្រចាំ​ថ្ងៃ​ ខណៈ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មាន​ត្រឹម​តែ ២៦​ករណី​ ដែល​ក្នុង​នោះ​មាន​ ១៥​ករណី​ជា​ករណី​នាំចូល។

ការ​​ធ្វើ​តេស្ត​​វ៉ាក់សាំង​​​​ពីរ​​ ដែល​​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ មាន​ប្រសិទ្ធភាព​​ ​ដែល​មួយ​នោះ​​គឺ​​ Remdesivir។ ​​​​

អត្ថ​បទទាក់ទង៖ ការកាត់ជំនួយ WHO របស់លោក ត្រាំ រងការរិះគន់ពីចិន និងស្ថាប័នផ្សេងៗយ៉ាងចាស់ដៃ​

ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​វូហាន​ បាន​ចាប់​ផ្ដើម​ធ្វើ​តេស្ត​​ឱសថ​​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក​ Gilead​ ដែល​ជា​ឱសថ​សម្រាប់​ប្រើ​ព្យាបាល​ Ebola ដោយ​ប្រើ​ក្រុម​មនុស្ស​ពីរ​ប្រភេទ គឺ​ក្រុម​អ្នក​មាន​អាការៈ​ស្រាល​ និង​ក្រុម​អ្នក​មាន​អាការៈ​ធ្ងន់ធ្ងរ។ ​ការ​សិក្សា​ទាំង​ពីរ​នេះ​ បាន​ចាប់​ផ្ដើម​តាំង​ពី​ខែ​កុម្ភៈ ​ហើយ​បើ​តាម​ផែនការ​គឺ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៧​ ខែ​មេសា។ ​​ប៉ុន្តែ​មក​ដល់​ថ្ងៃ​ពុធ​ នេះ​ បើ​តាម​គេហទំព័រ​របស់​ចិន​ clinicaltrials.gov ​​បង្ហាញ​​ ក្រុម​ករណី​ស្រាល​ត្រូវ​បាន​ផ្អាក​ និង​ក្រុម​ករណី​ធ្ងន់ធ្ងរ​​ត្រូវ​បាន​លប់ចោល​វិញ។ ​បញ្ហា​សំខាន់​គឺ​ថា​ ​កូវីដ​១៩​ នៅ​ចិន​ត្រូវ​បាន​អះអាង​ថា​ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បាន​ល្អ។ ​​​​​

បើ​យោង​តាម​ប្រភព​ដដែល​ បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ​​របាយការណ៍​ថ្មី​មួយ​ដែល​ទើប​ចេញ​​ផ្សាយ​ដោយ​​សារព័ត៌មាន​ People's Daily ​ដែល​ជា​កម្មសិទ្ធិ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​ ​ដែល​បាន​ដក​ស្រង់​ប្រសាសន៍​លោក​ Huang Wenxiang ​ប្រធាន​នាយកដ្ឋាន​ជំងឺ​ឆ្លង​នៅ មន្ទីរពេទ្យ​ Chongqing Medical University ​​​លើក​ឡើង​ថា​ ​ការ​ធ្វើតេស្ត​លើ​មនុស្ស​​ទៅ​លើ​ឱសថ​ hydroxychloroquine sulphate ​​ក៏​ត្រូវ​បាន​​​បញ្ឈប់​​កាល​ពី​ខែ​មីនា​ ដោយ​សារ​តែ​មិន​​​ចំនួន​តេស្ត​សំណាក​គ្រប់គ្រាន់។

អត្ថ​បទទាក់ទង៖ ចិន​​រង​ការ​ចោទ​ថា​បាន​ធ្វើ​តេស្ត​​អាវុធ​នុយក្លេអ៊ែរ​​​ ពេល​ពិភពលោក​រង​ទុក្ខ​កូវីដ​១៩​​

គិត​ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​មក​ មាន​ការ​​ធ្វើតេស្ត​វ៉ាក់សាំង​​លើ​មនុស្ស​ ចំនួន​ ៥៨០​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ប្រទេស​ចិន។ បើ​ទោះ​បី​ជា​មាន​ការ​ផ្អាក​ ឬ​បញ្ឈប់​ តាម​ការ​​​លើក​ឡើង​របស់​អ្នក​ជំនាញ​ខាង​លើ​​ថា​ ចំនួន​នេះ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​របស់​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ដើម្បី​ធ្វើ​ការ​​ស៊ើបអង្កេត​ឱ្យ​បាន​ស៊ីជម្រៅ​ និង​ស្វែង​រក​ឱសថ​សម្រាប់​ការ​ព្យាបាល​កូវីដ​១៩​ដែរ។

កាល​ពី​​ថ្ងៃទី១២ ខែមេសា វ៉ាក់សាំង Adenovirus សម្រាប់ជំងឺវីរុស COVID-19 ដែលត្រូវបានស្រាវជ្រាវដោយក្រុមអ្នកជំនាញដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។

វ៉ាក់សាំង Adenovirus សម្រាប់ជំងឺវីរុស COVID-19 គឺ​មាន​តែ​មួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលពិសោធន៍​ព្យាបាល​ជំងឺលើកទី២។ ​ដំណាក់​កាល​តេស្ត​លើក​ទី​១ បាន​ធ្វើ​ឡើង​កាល ពី​​​​ចុង​ខែ​មីនា​ ដែល​ផ្តោត​សំខាន់​ទៅ​លើ​សុវត្ថិភាព​ ហើយ​លើក​ទី​ពីរ​ ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា​​ ទៅ​លើ​មនុស្ស​ ៥០០​នាក់​ដែល​បាន​ស្ម័គ្រ​ចិត្ត​ ដែល​ម្ដង​នេះ​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ប្រសិទ្ធភាព។ តេស្ត​លើក​ទី​ពីរ​នេះ​ មាន​ទាំង​ស្ត្រី​ចំណាស់​អាយុ​ ៨៤​ឆ្នាំ​មក​ពី​វូហាន​​ផង ដែល​បាន​ឆ្លង​កាត់​កាល​ពី​ថ្ងៃ​ចន្ទ៕

អត្ថ​បទទាក់​ទង៖ សារ ៣ ចំណុចពី WHO ផ្ញើជូនអ្នកកំពុងដាក់ខ្លួនឲ្យនៅដោយឡែកក្នុងករណីកូវីដ ១៩​


ដោយ៖ វីរៈស័ក្តិ​

X
5s