កម្ពុជា៖ អ្នកជំងឺកូវីដចេញពីមន្ទីរពេទ្យជិតអស់ហើយ សល់តែ ១៧នាក់ទៀតទេ
នាព្រឹកថ្ងៃអាទិត្យទី ១៩ ខែមេសាឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលបានប្រកាសថាមានអ្នកជំងឺជាសះស្បើយពីកូវីដ ១៩ ចំនួនពីរនាក់ថែមទៀតហើយ ខណៈមិនបានរកឃើញអ្នកឆ្លងថ្មីនៅឡើយ។
អ្នកជាសះស្បើយទាំងពីរនាក់នោះរួមមាន៖
- ស្ត្រីជនជាតិវៀតណាមអាយុ ៣៤ឆ្នាំ ជាភ្ញៀវទេសចរណ៍ស្នាក់នៅបណ្ដោះអាសន្ននៅខុនដូកោះពេជ្រ ទទួលបានលទ្ធផលទេអវិជ្ជមានចំនួនពីរលើក។
- ក្មេងប្រុសជនជាតិខ្មែរអាយុ ១២ឆ្នាំ ដែលត្រូវជាកូនប្រុសរបស់បុរសត្រឡប់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី រស់នៅក្រុងសៀមរាបបានជាសះស្បើយបន្ទាប់ពីទទួលបានលទ្ធផលតែអវិជ្ជមានចំនួន ២ លើកនិងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តសៀមរាប។
ចំនួនអ្នកជាសះស្បើយសរុបនៅកម្ពុជាបានកើនឡើងដល់ ១០៥ នាក់ ចំណែកឯអ្នកកំពុងសម្រាកព្យាបាលនៅសល់ត្រឹមតែ ១៧ នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកឆ្លងទាំងអស់ទូទាំងប្រទេសមានចំនួន ១២២ នាក់។
គួររំលឹកផងដែរថា គិតមកត្រឹមថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២០ នេះ កម្ពុជានៅតែបន្តឈរនៅកំពូលតារាងនៃប្រទេសក្នុងតំបន់អាស៊ានដែលមានអត្រាអ្នកជាសះស្បើយខ្ពស់ជាងគេចំនួន ៨៦,០៧%៕
ដោយ៖ យ៉ាយ៉ា