ចិនរឹតត្បឹតការសិក្សាស្រាវជ្រាវទាំងឡាយណាទាក់ទងនឹងប្រភពវីរុសកូរ៉ូណា
ប្រទេសចិនបានដាក់ការរឹតបន្ដឹងទៅលើការបោះពុម្ពផ្សាយការសិក្សាស្រាវជ្រាវទាំងឡាយណាពាក់ព័ននឹងប្រភពនៃវីរុសកូរ៉ូណាថ្មី។ នេះបើយោងតាមការបញ្ជារបស់រដ្ឋាភិបាលកណ្ដាល និងការជូនដំណឹងរបស់សកលវិទ្យាល័យចំនួន២របស់ចិន ចុះផ្សាយដោយ CNN។
ស្ថិតក្រោមគោលការណ៍ថ្មី រាល់ការស្រាវជ្រាវទាំងឡាយណាដែលពាក់ព័ន្ធនឹងជំងឺកូវីដ១៩នឹងត្រូវធ្វើការពិនិត្យបន្ថែមមុននឹងអនុញ្ញាតិឲ្យធ្វើការដាក់ស្នើដើម្បីចុះផ្សាយ។ ការសិក្សាទាក់ទងនឹងប្រភពនៃវីរុសនេះនឹងត្រូវធ្វើការពិនិត្យបន្ថែមនិងត្រូវតែសម្រេចដោយមន្ត្រីរដ្ឋាភិបាលកណ្ដាល។
ការពង្រឹងការត្រួតពិនិត្យនេះគឺជាការខិតខំរបស់រដ្ឋាភិបាលចិនដើម្បីទប់ស្កាត់ការសរសេរទាំងឡាយឡាយអំពីប្រភពដើមនៃវីរុសកូរ៉ូណា ដែលបានឆក់យកជីវិតមនុស្សប្រមាណ ១០០ ០០០នាក់ និងបង្កជំងឺដល់មនុស្ស ១,៧លាននាក់ទូទាំងពិភពលោកចាប់តាំងពីការផ្ទុះឡើងដំបូងក្នុងទីក្រុងវ៉ូហាន ប្រទេសចិនក្នុងខែវិច្ឆិកា។
ចាប់តាំងពីខែមករាមក អ្នកសិក្សាស្រាវជ្រាវចិនបានធ្វើការចុះផ្សាយការសិក្សាស្រាវជ្រាវជាច្រើនក្នុងទិនានុប្បវត្ដិវិជ្ជសាស្ត្រអន្តរជាតិ។ ការសិក្សាស្រាវជ្រាវមួយចំនួនដូចជាពាក់ព័ន្ធនឹងករណីដំបូង ដូចជាការឆ្លងពីមនុស្សទៅមនុស្សជាដើម។
អ្នកស្រាវជ្រាវចិនម្នាក់សុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍ថាការធ្វើបែបនេះគឺជាការធ្វើឲ្យមានការភ័យខ្លាចដែលអាចនឹងធ្វើឲ្យមានភាពពិបាកសម្រាប់ការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តសំខាន់ៗផ្សេងទៀត។
លោកបានបន្តទៀតថា៖ «ខ្ញុំគិតថានេះគឺជាការខិតខំរបស់រដ្ឋាភិបាលចិនដើម្បីធ្វើការគ្រប់គ្រងការសរសេរ និងប្រៀបដូចជាការលាបពណ៌បិទបាំងអំពីការផ្ទុះវីរ៉ុសមួយនេះចេញពីប្រទេសចិន។ ហើយខ្ញុំគិតថានេះមិនអាចរារាំងការធ្វើការស្រាវជ្រាវទាក់ទងនឹងប្រភពដើមនៃជំងឺមួយនេះទេ»។
គួរបញ្ចាក់ផងដែរថា រាល់ការសិក្សាស្រាវជ្រាវទាំងអស់ទាក់ព័ន្ធនឹងប្រភពវីរុសកូវីដចាប់ផ្ដើមពីគណៈកម្មាធិការសិក្សានាសកលវិទ្យាល័យ។ បន្ទាប់មកត្រូវបញ្ចូនទៅកាន់នាយកដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ក្រសួងអប់រំ ហើយត្រូវបញ្ចូនទៅកាន់ក្រុមប្រឹក្សារដ្ឋ (State Council) ដើម្បីធ្វើការពិនិត្យ។ ចុងក្រោយទើបបន្ទាប់ពីសកលវិទ្យាល័យទទួលការយល់ព្រមពីក្រុមប្រឹក្សារដ្ឋ (State Council) ហើយទើបការសិក្សាស្រាវជ្រាវនោះអាចដាក់ស្នើបោះផ្សាយក្នុងទិនានុប្បវត្ដិបាន។
ប៉ុន្តែការសិក្សាស្រាវជ្រាវផ្សេងៗទៀតដែលមិនពាក់ព័ន្ធត្រូវត្រួតពនិត្យត្រឹមគណៈកម្មាធិការសិក្សា ដោយផ្អែកលើលក្ខខណ្ឌដូចជាគុណតម្លៃនៃការសិក្សា និងពេលវេលាក្នុងការបោះពុម្ពត្រឹមត្រូវឬអត់ជាដើម៕
ដោយ៖ លង់ វណ្ណៈ