​​តំណាង​WHOបក​ស្រាយ​​ពីហេតុផល​ដែលស្ថានភាព​កូវីដ​១៩​នៅ​​ប្រទេស​អ្នក​​​មាន​ធ្ងន់ធ្ងរ​ខ្លាំង​យើងមានតិច​



សាធារណជន​មាន​ការ​ងឿង​ឆ្ងល់​ខ្លាំង​ ជុំវិញ​ការ​រាតត្បាត​នៃ​វីរុស​ កូវីដ​១៩​ ដែល​ស្ថានភាព​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ភាគ​ច្រើន​ ​ជា​ពិសេស​នៅ​អឺរ៉ុប​ និង​អាមេរិក​​ ​​ដែល​សុទ្ធ​សឹង​មាន​ប្រព័ន្ធ​សុខាភិបាល​ល្អ​ បានជួប​បញ្ហា​ធ្ងន់ធ្ងរ​ខ្លាំង ​ខណៈ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា​កម្ពុជា​ជា​ដើម​​មាន​​ស្ថានភាព​ធូរ​ស្រាល។

លោក​ស្រី​វេជ្ជ​បណ្ឌិត​ Li Ailan ​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ ​បាន​រៀប​រាប់​នៅ​ ​សន្និសីទ​សារព័ត៌មាន​​រៀប​ចំ​ឡើង​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា​ នា​ព្រឹក​នេះ​ឱ្យ​ដឹង​ថា ​ជំងឺ​កូវីដ​១៩​ នៅ​តែ​ជា​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ឡើយ​​សម្រាប់​ពិភពលោក​ ហើយ​ល្បឿន​នៃ​មេរោគ​នេះមាន​ការវិវត្ត​​លឿន​ណាស់។ ​

​​លោក​ស្រី​បន្ត​ទៀត​ថា​ វីរុស​នេះ​ នឹង​មិន​បញ្ចប់​នៅ​ប្រទេស​ណា​មួយ​មុន​នោះ​ទេ​ ​តែ​ទាន់​តែ​ពិភពលោក​ទាំង​មូល​អាច​បញ្ចប់​បាន​​ទាំង​ស្រុង​ ទើប​​វីរុស​នេះ​ត្រូវ​បានបញ្ចប់។ ​

​​​លោក​ស្រី​ វេជ្ជ​បណ្ឌិត​ Li Ailan ​​​បាន​លើក​ឡើង​បន្ត​ទៀតថា​ គិត​​តែ​ត្រឹម​​ម្សិលមិញ​ ពោល​គឺ​ថ្ងៃ​ទី​១៩ ខែ​មេសា ​នេះ​វីរុស​កូវីដ​១៩​ បាន​ឆ្លង​ដល់​មនុស្ស​ជាង​ ២,២​​លាន​នាក់​ និង​ធ្វើ​ឱ្យ​មនុស្ស​ជាង​ ១៥​ម៉ឺន​នាក់​ស្លាប់​​ពី​បណ្ដា​ប្រទេស​ និង​ដែនដី​ជាង​ ១៣០​នៅ​ទូទាំង​ពិភពលោក​ដែល​ស​បញ្ជាក់​​ឱ្យ​ឃើញ​ថា​ «វីរុស​នេះ​ ពិត​ជា​បាន​សម្លាប់​មនុស្ស​ពិត​មែន»

ចំពោះ​ហេតុផល​​សំខាន់ ​ដែលស្ថានភាព​កូវីដ​១៩ ​នៅ «​​ប្រទេស​អ្នក​​​មាន» មានសភាព​​ធ្ងន់ធ្ងរ​ខ្លាំង​ ពោល​គឺ​មាន​ចំនួន​អ្នក​ឆ្លង​ច្រើន អ្នក​ស្លាប់​ក៏​ច្រើន​នោះ​ ​គឺដោយ​សារ​ ប្រទេស​​​ទាំង​ឡាយ​នៅ​លើ​​ពិភពលោក​ ឆ្លង​កាត់​ដំណាក់​កាល​​វិវត្តន៍​ផ្សេងៗ​គ្នា​ នៃ​ការ​រីក​រាតត្បាត​ដោយ​វីរុស​នេះ

​​សម្រាប់​កម្ពុជា​ WHO ពិត​ជា​មាន​ក្ដី​សោមនស្ស​ដែល​បាន​ឃើញ​នូវ​​ការ​ឆ្លើយតប​ ដ៏​ល្អ​របស់​កម្ពុជា​ ហើយ​យើង​ជា​ពិត​ជា​សាទរ​ចំពោះ​លទ្ធផល​គ្មាន​ករណី​ស្លាប់​សូម្បី​មួយ​ករណី។ ​ប៉ុន្តែ​​អ្នក​ស្រី​បាន​សង្កត់​ធ្ងន់​ថា​ ​កម្ពុជា​គឺ​ទើប​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​ផ្ទុះ​ឡើង​​នៅ​ឡើយ​ទេ​ ពោល​គឺ​ពុំ​ទាន់​មាន​ករណី​ឆ្លង​ជា​សហគមន៍​ទ្រង់ទ្រាយ​ធំ​ដូច​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​នោះ​ឡើយ។

ដោយ​ឡែក​ សម្រាប់​ប្រទេស​អភិវឌ្ឍន៍​វិញ​ ​មាន​ករណី​ស្លាប់​ច្រើន​ ​លោក​ស្រី​បញ្ជាក់​ថា​ ៖«ដោយ​សារ​តែ​នេះ​ជា​វីរុស​ថ្មី​ មាន​​កត្តា​ជា​ច្រើន​ដែល​យើង​បាន​មិន​បាន​ដឹង។ ចំពោះ​ប្រទេស​មាន​ការ​រាយការណ៍​មាន​ចំនួន​ស្លាប់​ច្រើន​ ​គឺ​យើង​សង្កេត​ឃើញ​ថា ​ដោយ​សារ​តែ​ប្រទេស​ទាំង​នោះ​ឈាន​ដល់​ដំណាក់​កាល​នៃ​ការ​ឆ្លង​ជា​សហគមន៍​ ឬ​ឆ្លង​ទ្រង់ទ្រាយ​ធំ​រួច​ទៅ​ហើយ។ ជា​ឧទាហរណ៍​ករណី​នៅ ​វូហាន ​នៅ​អ៊ីតាលី ​និង​ទីក្រុង ​New York​ ជា​ដើម។ ទីក្រុង​ ឬ​ប្រទេស​ទាំង​នេះ ​គឺ​ស្ថិត​នៅ​ក្នុង​​​ដំណាក់​កាល​ទី​២ ឬ​ដំណាក់​កណ្ដាល​នៃ​ការ​​​​រាតត្បាត​ដល់​សហគមន៍​រួច​ទៅ​ហើយ»។ ​​​​​

​​​​​មាន​កត្តា​ជា​ច្រើន​ដែល​ WHO ​បាន​ធ្វើ​ការ​ប្រមូល​ជា​​ទិន្នន័យ​​​​ដើម្បី​វិភាគ​​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ ក្នុង​នោះ​មាន​ទាំង​អាយុ ​បញ្ហា​ប្រជាជន​ជាក់លាក់​ និង​កត្តា​ជា​ច្រើន​ទៀត។ ​​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ​និង​​ដឹង​ច្បាស់​នោះ​​​គឺ​ថា​ បើ​យើង​ត្រៀម​ខ្លួន​​​ប្រយុទ្ធ​ប្រឆាំង​​បាន​ល្អ​​កុំ​ឱ្យ​មាន​ការ​ឆ្លង​ជា​សហគមន៍​នោះ​ ​នោះ​យើង​អាច​​កាត់​បន្ថយ​ចំនួន​ករណី​ស្លាប់​​៕

ដោយ៖ រតនៈវិភូ​

X
5s