ប្រធានមន្ទីរពិសោធន៍វីរុសសាស្ត្រវ៉ូហានបដិសេធរឿងវីរុសកូរូណាធ្លាយចេញពីមន្ទីរពិសោធន៍លោក​



យោងតាមសារព័ត៌មាន New York Post បានឱ្យដឹងថាប្រធានការស្រាវជ្រាវពីវីរុសកូរូ៉ណានៅទីក្រុងវ៉ូហាន ដែលជាកន្លែងផ្ទុះឡើងនៃជំងឺ Covid-19 បានបដិសេធចំពោះការចោទប្រកាន់ថាវីរុសនេះបែកធ្លាយចេញពីមន្ទីរវីរុសសាស្ត្ររបស់លោកដោយអចេតនា។

លោក Yuan Zhiming ដែលជាប្រធានមន្ទីរពិសោធន៍ Wuhan Institute of Virology បានប្រាប់សារព័ត៌មានថាវីរុសកូរូណាមិនបានចេញពីមន្ទីរពិសោធន៍របស់លោកនោះទេ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ជាច្រើនបានបញ្ជាក់ថាវីរុសនេះគឺចេញពីវិទ្យាស្ថានវីរុសសាស្ត្រវ៉ូហាន ឬក៏មន្ទីរពិសោធន៍ស្រដៀងនឹងមន្ទីពិសោធន៍នេះនៅក្នុងទីក្រុងដដែលនេះ។

ប្រធានាធិបតេយ្យអាមេរិក លោកដូណាល់ ត្រាំ ត្រូវបានចោទសួរអំពីបញ្ហានេះក្នុងសនិ្នសិទ្ធកាសែតមួយក្នុងសេតវិមានហើយលោកបានប្រាប់ថារដ្ឋាភិបាលរបស់លោកកំពុងតែស្រាវជ្រាវទៅលើបញ្ហានេះ។

របាយការណ៍ពីរពី Fox News និង Washington Post ដែលមិនបានបញ្ចេញឈ្មោះប៉ាន់ស្មានថាវីរុសនេះប្រហែលជាចេញពីមន្ទីរពិសោធន៍ខាងលើដោយអចេតនា​។

លោក Yuan បានប្រាប់ទៅកាន់ខាងសារព័ត៌មាន CGTN ថាមន្ទីរពិសោធន៍លោកពិតជាបានសិក្សាពីផ្នែកផ្សេងៗនៃវីរុសកូរូ៉ណាមែន ហើយខាងលោកដឹងពីការសិក្សារបស់ខ្លួននិងមានការគ្រប់គ្រងត្រឹមត្រូវ ហើយគ្មានបុគ្គលិករបស់លោកណាម្នាក់ឆ្លងជំងឺនេះទេ។ លោកបន្តថា ដោយសារតែមន្ទីរពិសោធន៍លោកនៅទីក្រុងវ៉ូហានទើបមានការសង្ស័យខ្ពស់ទៅលើខាងលោក ហើយខាងព័ត៌មានខ្លះក៏បានផ្សព្វផ្សាយព័ត៌មានមិនពិតផងដែរ។

កាលពីកន្លងមកអាជ្ញាធរ ក៏ធ្លាប់មានការមន្ទិលសង្ស័យមិនទុកចិត្តចំពោះសុវត្ថិភាពនៅក្នុងមន្ទីរពិសោធន៍ Wuhan Institute of Virology នេះដែរ។ តាមការរាយការណ៍របស់ Washington Post មន្ត្រីរដ្ឋការវិទ្យាសាស្ត្ររបស់អាមេរិកបានបញ្ចេញរបាយការណ៍ពីរអំពីការកំណត់សុវត្ថិភាពនៅក្នុងមន្ទីរពិសោធន៍។ របាយការណ៍ទីមួយបង្ហាញពីការពិសោធន៍ទៅលើវីរុសកូរូណាក្នុងប្រជៀវដែលនាំមកនូវហានិភ័យជំងឺ SARS ថ្មី។ របាយការណ៍មួយទៀតដែលសរសេរដោយអ្នកការទូតអាមេរិក-ចិនបានបង្ហាញពីកង្វះខាតអ្នកជំនាញ និងអ្នកត្រួតពិនិត្យឲមានសុវត្ថិភាពនៅក្នុងមន្ទីរពិសោធន៍នេះ៕

ប្រភព៖ New York Post

 

X
5s