ប្រទេសថៃ៖ ទារកអាយុ ១ ខែបានជាសះស្បើយពីកូវីដ ១៩
យោងតាមការចេញផ្សាយពីសារពត៌មានពីគេហទំព័រ Channel News Asia កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០ ទារកអាយុ ១ ខែនៅប្រទេសថៃត្រូវបានជាសះស្បើយ បន្ទាប់ពីបានឆ្លងវីរុសកូវីដ ១៩។
ក្រុមគ្រូពេទ្យដែលព្យាបាលទារករូបនេះបានឲ្យដឹងថា ទារកនេះត្រូវបានគេចាត់ទុកថាជាអ្នកជំងឺដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងប្រទេសថៃ ហើយក្រុមគ្រូពេទ្យបានព្យាយាមយកចិត្តទុកដាក់ព្យាបាលនិងការប្រើប្រាស់ថ្នាំរហូតបានជោគជ័យ។ ក្រុមគ្រូពេទ្យបានបញ្ជាក់បន្ថែមថា ក្រោយមានការពិភាក្សាយ៉ាងដិតដល់និងប្រុងប្រយ័ត្នបំផុតពីអ្នកជំនាញផ្នែកវេជ្ជសាស្ត្ររួចមក ក្រុមគ្រូពេទ្យបានសម្រេចចិត្តប្រើថ្នាំប្រឆាំងនឹងវានោះចំនួនបួនប្រភេទដើម្បីព្យាបាល និងចំណាយពេលចំនួន ១០ថ្ងៃ ទើបទទួលបានជោគជ័យ ក្រុមគ្រូពេទ្យបានប្រាប់ទៅសារព័ត៌មាន reuter បែបនេះ។ យើងបានធ្វើការតាមដានពិនិត្យសុខភាពរបស់គាត់ជារៀងរាល់ថ្ងៃ (ក្រោយពីពិនិត្យឃើញវិជ្ជមាន) និងបន្តតាមដានចន្លោះពី ៣ទៅ ៥ថ្ងៃ បន្ទាប់ពីមានសញ្ញាបញ្ជាក់ថាអ្នកជំងឺបានជាសះស្បើយបន្តិចម្ដងបន្តិចម្ដងក្រៅពេលឆ្លុះកាំរស្មីអ៊ិច។
បើយោងតាមរបាយការណ៍បញ្ជាក់ពីអង្គការសុខភាពពិភពលោកបានបង្ហាញថា ទារកដែលមានអាយុក្រោម ១២ ខែ គឺជាអ្នកដែលងាយរងគ្រោះបន្ទាប់ពីឆ្លងវីរុសនេះ។
គិតមកត្រឹមថ្ងៃព្រហស្បតិ៍ទី ២៣ ខែមេសា ឆ្នាំ ២០២០ នេះ ប្រទេសថៃបានរកឃើញអ្នកឆ្លងសរុបក្នុងប្រទេសចំនួន ២ ៨៣៩នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន ៥០នាក់ ឋានៈជាសះស្បើយសរុបមានការកើនឡើងដល់ ២ ៤៣០នាក់។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីសុខាភិបាលថៃនៅតែបន្តអំពាវនាវឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីទប់ទល់នឹងការរីករាលដាលនៃវីរុសនេះ ហើយបន្តឲ្យមានការស្នាក់នៅក្នុងផ្ទះបើមានការចាំបាច់ចេញទៅខាងក្រៅនិងបន្តធ្វើគម្លាតនៅក្នុងសង្គម (social distancing)៕
អត្ថបទទាក់ទង៖