NBC ស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្ធូរបន្ថយកម្រៃសេវាពាក់ព័ន្ធឥណទានដល់ចុងឆ្នាំ ២០២០
ធនាគារជាតិនៃកម្ពុជា បានស្នើដល់គ្រប់បណ្តាញគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ ផ្តល់ការអនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជន ចាប់ពីពេលនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០ ឆ្លើយតបទៅនឹងស្ថានភាពលំបាកបន្ទាប់ពីកម្ពុជាទទួលរងការប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារកូវីដ ១៩។
យោងតាមលិខិតធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ ដោយមានចុះហត្ថលេខាពីលោក រត្ន័ សុវណ្ណានរៈ អគ្គនាយកត្រួតពិនិត្យ ក្នុងកម្មវត្ថុ សំណើសុំអនុគ្រោះបន្ធូរបន្ថយយកកម្រៃសេវាផ្សេងៗពាក់ព័ន្ធឥណទាន និង/ឬលើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជន។ ក្នុងលិខិតនោះធនាគារជាតិនៃកម្ពុជាបានស្នើដល់គ្រប់បណ្ដាញគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្ដល់ការអនុគ្រោះនិងយោគយល់បន្ថែមជូនអតិថិជន ដើម្បីសំរាលបន្ទុករបស់ពួកគាត់ក្នុងគ្រាលំបាកបង្កដោយការរីករាលដាលនៃវីរុសកូវីដ ១៩។ ការអនុគ្រោះបន្ថែមនេះមានដូចជា ការបន្ធូរបន្ថយកម្រៃសេវាពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជនរបស់ខ្លួន ចាប់ពីកាលបរិឆែតចេញលិខិតនេះរហូតដល់ចុងខែធ្នូ ឆ្នាំ ២០២០។
គួររំឮកផងដែរថា IMF បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាមានការធ្លាក់ចុះ -១,៦% ដោយសារជំងឺឆ្លងកូវីដ ១៩ ខណៈប្រទេសបីផ្សេងទៀត ថៃ សិង្ហបុរី និងម៉ាឡេស៊ីក៏មានកំណើនអវិជ្ជមានដែរ៕