សាស្ត្រាចារ្យចិត្តវិទ្យាបង្ហើបគន្លឹះ៣ជួយកាត់បន្ថយសម្ពាធផ្លូវចិត្តនៅក្នុងស្ថានភាពជំងឺកូវីដ១៩រាតត្បាត
ដោយសារតែការរាតត្បាតពីជំងឺកូវីដេ ១៩ នៅពាសពេញសាកលលោក ហើយវាកំពុងសម្លាប់មនុស្សដល់ទៅជិត ២ សែននាក់ទៅហើយនោះ ខណៈមនុស្សរាប់លាននាក់ផ្សេងទៀតត្រូវបានដាក់បម្រាមឲ្យស្ថិតនៅក្នុងផ្ទះ ស្ថានភាពនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បញ្ហាផ្លូវចិត្តរបស់មនុស្សម្នាក់ៗ។ ការស្ទង់មតិចុងក្រោយទៅលើប្រជាជនអាមេរិកបានបង្ហាញថា ពលរដ្ឋរបស់មហាអំណាចនេះបានបង្ហាញសញ្ញាណស្ត្រេស ឬសម្ពាធផ្លូវចិត្តកាន់តែច្រើនឡើង។
ជាការឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ លោកស្រីសាស្ត្រាចារ្យ Laurie Santos ដែលជាសាស្ត្រាចារ្យចិត្តវិទ្យាដ៏ល្បីល្បាញមកពីសាកលវិទ្យាល័យ Yale បានលើកឡើងពីមធ្យោបាយចំនួន៣ ខាងក្រោមដែលលោកស្រីអះអាងថា វាមានប្រសិទ្ធភាពជួយកាត់បន្ថយស្ត្រេស ឬសម្ពាធផ្លូវចិត្តបាន។
១.ប្រើប្រាស់បណ្តាញសង្គម ឬបច្ចេកវិទ្យា
លោកស្រីសាស្ត្រាចារ្យ Laurie Santos បានលើកឡើងដូច្នេះថា ៖“ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលមានសុភមង្គលតែងតែមានទំនោរទៅរកការបង្កើតទំនាក់ទំនងល្អនៅក្នុងសង្គម។ ប៉ុន្តែនេះគឺជារឿងលំបាកបំផុតមួយត្រូវធ្វើនៅអំឡុងពេលកើតមានជំងឺកូវីដ ១៩ ពីព្រោះគម្លាតសង្គមមិនអនុញ្ញាតឲ្យយើងចេញទៅក្រៅជួបមនុស្សជិតស្និទ្ធរបស់យើងបានដោយសេរីទេ”។
ប៉ុន្តែលោកស្រី Santos ពន្យល់ថា បច្ចេកវិទ្យាពិតជាអាចជួយរឿងនេះបាន។ លោកស្រីបន្តថា ជំនួសឲ្យការទៅជួបផ្ទាល់ជាមួយនរណាម្នាក់ ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ទំនាក់ទំនងពីចម្ងាយដូចជា Zoom ឬ Face Time ជាដើម ជាវិធីដ៏ល្អមួយដើម្បីជួយឲ្យអ្នកអាចប្រាស្រ័យទាក់ទងទៅកាន់មនុស្សជិតស្និទ្ធរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាពដូច ទៅជួបផ្ទាល់ដែរ។
២.ជួយអ្នកដទៃតាមដែលអាចធ្វើបាន
“មនុស្សដែលមានសុភមង្គលមានទំនោរពិសេសមួយគឺ ទម្លាប់ជួយអ្នកដទៃ”។ លោកស្រី Santos បានពន្យល់ដោយបញ្ជាក់បន្ថែមថា មនុស្សប្រភេទនេះផ្ដោតលើសុភមង្គលអ្នកដទៃធំជាងប្រយោជន៍ខ្លួនឯង។ ថ្វីត្បិតដែលមនុស្សភាគច្រើនមានភាពអាត្មានិយមខ្វាយខ្វល់ពីខ្លួនឯងជាងអ្នកដទៃ ក៏ប៉ុន្តែលោកស្រីអះអាងថា បើអ្នកជំរុញឲ្យអ្នកដទៃធ្វើអំពើល្អកាន់តែ ច្រើនឡើងសម្រាប់មនុស្សជុំវិញខ្លួនជាពិសេសនៅក្នុងកាលៈទេសៈនេះដូចជា បរិច្ចាគលុយ ផ្តល់សម្ភារៈ ឬជំនួញផ្សេងៗ វានឹងជួយឲ្យអ្នកមានអារម្មណ៍ល្អកាន់តែខ្លាំងឡើង និងមានឥទ្ធិពលជាវិជ្ជមានសម្រាប់សង្គមជាតិ។
៣.ផ្ដោតយកចិត្តទុកដាក់រឿងបច្ចុប្បន្នរបស់អ្នក
នេះអាចមានន័យម្យ៉ាងទៀតថា ជាការហ្វឹកហាត់ការគិតរបស់អ្នក។ បើតាមការលើកឡើងរបស់លោកស្រីសាស្ត្រាចារ្យ Santos មនុស្សដែលសប្បាយចិត្ត ច្រើនតែងយកចិត្តទុកដាក់ខ្ពស់នូវអ្វីដែលកំពុងកើតមាននៅពេលឥឡូវនេះ។
“ការធ្វើសមាធិគឺជាវិធីដ៏មានអនុភាពមួយនៅអំឡុងពេលប្រឈមមុខនឹងវិបត្តិមួយនេះ ពីព្រោះវាជួយឲ្យអ្នកផ្តោតទៅលើអ្វីដែលរាងកាយរបស់អ្នកកំពុងធ្វើសកម្មភាពនៅពេលឥឡូវនេះ។ ចិត្តរបស់អ្នកនឹងមិនអាចជ្រះស្រឡះអំពីរឿងដែលនឹងកើតមាននៅពេលបន្ទាប់ ឬ អ្វីដែលកើតមានឡើងនៅពេលកន្លងមកនោះឡើយ”។ លោកស្រីសាស្ត្រាចារ្យ Santos ផ្តល់ដំបូន្មានបន្ថែម៕
អត្ថបទទាក់ទង៖
- ដំបូន្មានសុខភាពថ្មី ៣ ទាក់ទងនឹងជំងឺកូវីដ១៩ អ្នកត្រូវដឹង
- អនុវត្តន៍វិធី ៧យ៉ាងដើម្បីឱ្យ «សុខភាពផ្លូវចិត្ត» រឹងមាំ ប្រសិនបើយើងត្រូវដាក់ឱ្យនៅដាច់ដោយឡែក
ដោយ៖ ណារិន
ប្រភព៖ Weforum