ក្រសួងសុខាភិបាលចេញសេចក្តីណែនាំ ១០ចំណុចដល់អាជីវកម្មភោជនីយដ្ឋានដើម្បីប្រយុទ្ធប្រឆាំងកូវីដ
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានដែលមានអត្រាអ្នកជាសះស្បើយពីកូវីដ ១៩ ខ្ពស់ជាងគេ ហើយក៏អាចចាត់ទុកបានថាជាភាពជោជ័យមួយក្នុងការទប់ស្កាត់បានល្អ។
ទោះបីជាមានការបិទមួយចំនួនដូចជានៅសាលារៀន កន្លែងកំសាន្តនានា តែចំពោះភោជនីយដ្ឋានឬកន្លែងផ្តល់សេវាកម្មផ្នែកចំណីអាហារមិនបានតម្រូវបិទនោះទេ ហើយជាមួយគ្នានេះក្រសួងសុខាភិបាលក៏បានចេញសេចក្តីអំពាវនាវចំនួន ១០ ចំណុចទៅដល់អាជីវកម្មភោជនិដ្ឋានចំណីអាហារដូចខាងក្រោម៖
- រាល់បុគ្គលិកបម្រើការងារនៅតាមភោជនីយដ្ឋាន និងកន្លែងលក់ម្ហូបអាហារត្រូវពាក់ម៉ាសជានិច្ច លាងដៃជាមួយសាប៊ូ ឬអាល់កុលឲ្យបានជាប់លាប់ និងញឹកញាប់
- ត្រូវមានដាក់អាល់កុលលាងដៃជូនអតិថិជនដើម្បីសម្អាតដៃមុនពេលចូលក្នុងហាង និងមានដាក់សាប៊ូលាងដៃជូនអតិថិជនដើម្បីសម្អាតដៃ និងរក្សាអនាម័យឲ្យបានជាប់លាប់ជូនអតិថិជន
- ធ្វើការបើកបង្អួចឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន បើសិនជាអាចកុំបើកម៉ាស៊ីនត្រជាក់
- ត្រូវរក្សាគម្លាតក្នុងការអង្គុយក្នុងហាង ដែលនៅកៀកបំផុតគឺចម្ងាយ ១ម៉ែត្រ ឬ អនុញាតឲ្យអង្គុយ ៤នាក់ ក្នុង ១០ម៉២
- ធ្វើការសម្អាតតុ កៅអី ឲ្យបានញឹកញាប់ជាមួយទឹកអាល់កុល ឬសម្អាតភ្លាមៗ បន្ទាប់ពីភ្ញៀវក្រោកចេញ
- ចំពោះអាហារលក្ខណៈប៊ូហ្វេ ត្រូវរក្សាគម្លាតក្នុងការទៅចាប់អាហារ ហាមនៅផ្តុំឬកៀកគ្នា ចន្លោះយ៉ាងតិចពី ១ម៉ែត្រទៅ ១,៥ម៉ែត្រ
- ត្រូវប្តូរដង្កៀប ឬប្រដាប់ចាប់/ដួសម្ហូបឲ្យបានញឹកញាប់ ដោយមានការលាងសម្អាតឲ្យបានស្អាតជាប្រចាំ
- លាងសម្អាត បោកគក់ជាប្រចាំនូវចានក្បាន ស្លាបព្រា កម្រាលតុ និងឧបករណ៍នានាក្នុងភោជនីយដា្ឋនឬហាង។
- ប្រដាប់ឆុងកាហ្វេក៏ត្រូវលាងសម្អាត និងផ្លាស់ប្តូរជាប្រចាំដើម្បីរក្សាអនាម័យ
- អាហារត្រូវតែមានអនាម័យ ហើយមានការដាក់អាហារឆៅ និងអាហារឆ្អិនឲ្យដាច់ដោយឡែកពីគ្នាចៀសវាងការចម្លងមេរោគណាមួយ៕