វិធីសាស្រ្ត S.M.A.R.T ប្រើប្រាស់ដើម្បីសម្រេចគោលដៅ​



អ្នកមិនអាចទៅដល់កន្លែងណាមួយច្បាស់លាស់បានទេ បើសិនអ្នកជាមនុស្សម្នាក់ដែលគ្មានចក្ខុវិស័យ និងប្រព័ន្ធផ្សេងៗ។ ទីបំផុតរបៀបដែលអាចទៅដល់កន្លែងនោះគឺតាមរយៈការកំណត់គោលដៅ។ ឥឡូវនេះប៉ុន្មានឆ្នាំមកនេះមានមនុស្សជាច្រើនពិភាក្សាគ្នាពីរបៀបកំណត់គោលដៅដែលនឹងសម្រេចបាន។ ហើយក៏នឹងមានមនុស្សជាច្រើនបានទទួលបាននូវអ្វីដែលពួកគេបានកំណត់ដែរ គ្រាន់តែវិធីសាស្រ្តខុសៗគ្នាតែប៉ុណ្ណោះ។

អត្ថបទខាងក្រោមនេះនឹងជាវិធីសាស្រ្តដ៏អស្ចារ្យបំផុតសម្រាប់អ្នកមិនទាន់ចេះកំណត់គោលដៅដ៏ឆ្លាតវៃ ឬគោលដៅ SMART ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨១ មកម្លេះ។

១) តើគោលដៅ SMART ជាអ្វី?

អ្នកទ្រឹស្តីនៅពីក្រោយដំណើរការកំណត់គោលដៅនេះគឺលោក George T. Doran ជាទីប្រឹក្សា និងជាអតីតប្រធានផ្នែកផែនការសាជីវកម្មសម្រាប់ក្រុមហ៊ុនថាមពលទឹកវ៉ាស៊ីនតោន។ គាត់បានសរសេរដាក់ក្រដាសមួយនៅឆ្នាំ ១៩៨១ គូសបញ្ជាក់ពីដំណើរការគោលដៅ SMART

ដូចដែលអ្នកបានទាយ SMART គឺជាអក្សរកាត់នៃគោលដៅដែលយើងកំណត់អនុវត្តតាមលក្ខណៈវិនិច្ឆ័យប្រាំយ៉ាង៖

Specific = ជាក់លាក់

Measurable = អាចវាស់វែងបាន

Achievable = អាចសំរេចបាន

Relevant = ពាក់ព័ន្ធ

Time-Bound (Or Timely) = ព្រំដែនពេលវេលា (ឬទាន់ពេលវេលា)

  • Specific ជាក់លាក់

លោក Doran បានកំណត់វិធីល្អបំផុតសម្រាប់កំណត់គោលដៅឲ្យបានជាក់លាក់ដោយប្រើនូវសំណួរចំនួន ៦៖

  • តើនរណាដែលអ្នកត្រូវការដើម្បីសម្រេចគោលដៅរបស់អ្នក?
  • តើអ្នកកំពុងព្យាយាមសម្រេចអ្វី?
  • តើអ្នករំពឹងថានឹងបំពេញភារកិច្ចនៅពេលណា? (ចំពោះសំណួរនេះអ្នកអាចមិនទាន់ឆ្លើយក៏បាន ព្រោះវានឹងត្រូវបានបញ្ជាក់នៅក្នុងចំណុចចុងក្រោយ “Time-Bound”) ។
  • តើរឿងនេះនឹងកើតឡើងនៅទីណា? សំណួរនេះតែងតែមិនពាក់ព័ន្ធទេ ប៉ុន្តែប្រសិនបើមានទីតាំង ឬព្រឹត្តិការណ៍ពាក់ព័ន្ធវាជាការឆ្លាតវៃក្នុងការកំណត់អត្តសញ្ញាណនោះ។
  • តើឧបសគ្គ ឬតម្រូវការអ្វីខ្លះ ដែលត្រូវបំពេញដើម្បីសម្រេចគោលដៅនេះ?
  • ហេតុអ្វីបានជាអ្នកធ្វើការឆ្ពោះទៅរកគោលដៅនេះ?

គំនិតជាមួយសំណួរទាំងនេះគឺដើម្បីរកមើលឧបសគ្គដែលអាចកើតឡើងមាននៅក្នុងដំណើរការរបស់អ្នក។ ជាការពិតណាស់វានឹងមានឧបសគ្គមិនថាមានបញ្ហាអ្វីនោះទេ ប៉ុន្តែវានឹងធ្វើឲ្យគោលដៅរបស់អ្នកមានលក្ខណៈជាក់លាក់នឹងធានាថាអ្នកអាចលុបចោលនឹងរបាំងកាន់តែច្បាស់។

  • Measurable អាចវាស់វែងបាន

ដើម្បីធ្វើឲ្យគោលដៅអាចវាស់វែ​ងបាន អ្នកត្រូវដាក់ម៉ែត្រដើម្បីវាយតម្លៃវឌ្ឍនភាពរបស់អ្នក។ ប្រសិនបើនេះជាការងារដែលនឹងចំណាយពេលច្រើនខែដើម្បីបញ្ចប់ ដូច្នេះអ្នកត្រូវមានគោលដៅផែនការមួយចំនួនត្រូវសម្រេចបានមុនពេលដែលសម្រេចគោលដៅធំបាន។ ហើយវិធីសាស្រ្តាវាស់វែងខ្លះទៀតប្រៀបបាននឹងបញ្ជីត្រូវធ្វើ ឬឆ្លុះបញ្ចាំងពីសប្តាហ៍របស់អ្នក ដើម្បីពិនិត្យមើលថា តើវឌ្ឍនភាពណាមួយកើតឡើងដែរ ឬទេ?

  • Achievable អាចសម្រេចបាន

មកដល់ចំណុចនេះ វាអាចជាសំណួរមួយដែលមនុស្សភាគច្រើនផ្តោតលើសំណួរធំៗថា “តើខ្ញុំអាចសម្រេចនូវគោលដៅនេះជាមួយនឹងជំនាញ សមត្ថភាពបច្ចុប្បន្នរបស់ខ្ញុំបានដែរឬទេ?”

ផ្ទុយទៅវិញវាសំខាន់ណាស់ដែលអ្នកអាចមើលហួសពីគោលដៅក្នុងស្ថានភាពភាគច្រើនដែលជំរុញឲ្យយើងធ្វើអ្វីដែលហួសពីសមត្ថភាពរបស់យើង។ មិនមែនចង់និយាយថាយើងកំពុងធ្វើអ្វីដែលមិនអាចធ្វើបាននោះទេ ប៉ុន្តែយើងកំពុងលើកទឹកចិត្តខ្លួនឯងឲ្យរៀនជំនាញថ្មីដែលមិនបានធ្វើមុនពេលកំណត់គោលដៅ។ នេះក៏ជាចំណុចដើម្បីកំណត់នូវជំនាញ និងឧបករណ៍ប្រភេទណាដែលអ្នកត្រូវការសូម្បីតែចាប់ផ្តើមធ្វើការលើគោលដៅនេះឲ្យបានត្រឹមត្រូវ។

  • Relevant = ពាក់ព័ន្ធ

គោលដៅដែលឆ្លាតវៃ វាចាំបាច់ត្រូវមានភាពស៊ីសង្វាក់គ្នាជាមួយនឹងជីវិតទាំងមូលរបស់អ្នក។ ប្រសិនបើយើងរវល់តែជក់ចិត្តជាមួយគោលដៅរបស់យើងពេករហូតធ្វើឲ្យទំនាក់ទំនងគ្រួសារត្រូវបាក់បែកនោះ ទោះបីគោលដៅជោគជ័យក៏ជីវិតអ្នកហាក់នឹងបានបាត់បង់អ្វីម្យ៉ាង។ ដូច្នេះវាតម្រូវឲ្យយើងចេះបែងចែកពេលវេលាឲ្យបានគ្រប់គ្រាន់ទាំងទំនាក់ទំនងគ្រួសារ និងគោលដៅ។

  • Time-Bound (Or Timely) = ព្រំដែនពេលវេលា (ឬទាន់ពេលវេលា)

ចុងក្រោយនេះគឺកំណត់ពេលវេលា។ មានមនុស្សជាច្រើនអាចសរសេរគោលដៅបាន ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាអាចធ្វើវាឲ្យទាន់ពេលវេលាទេ។ គន្លឹះគឺត្រូវកំណត់កាលបរិច្ឆេទឲ្យបានត្រឹមត្រូវ ស្របតាមគោលដៅរយៈពេលវែង ឬខ្លី។ ដើម្បីកំណត់កាលបរិច្ឆេទ និងកំណត់ថាតើពេលវេលាគ្រប់គ្រាន់សម្រាប់អ្នកដើម្បីឈានដល់គោលដៅនោះទេ គឺយើងត្រូវធ្វើការស្រាវជ្រាវខ្លះៗ ហើយពិភាក្សាជាមួយនរណាម្នាក់ថាតើវាត្រូវចំណាយពេលប៉ុន្មាន។

២) វិធីសរសេរគោលដៅ SMART ដែលមានប្រសិទ្ធភាព

មកដល់ចំណុចនេះអ្នកមានចំណេះដឹងកាន់តែស៊ីជម្រៅអំពីគោលដៅ SMART។ តែដើម្បីធ្វើឲ្យវាមានប្រសិទ្ធភាពបន្ថែមទៀតនោះគឺ រាល់ពេលលេចចេញនូវគំនិត ឬគោលដៅថ្មីៗត្រូវសរសេរវាទុកក្នុងសៀវភៅ ព្រោះក្នុងរយៈពេលមួយថ្ងៃៗយើងមានគំនិតរាប់ពាន់លាន ហើយមានពេលខ្លះវាបានលេចឡើងជាលាយលក្ខណ៍អក្សរសម្រាប់រឿងខ្លះ។

ក្រោយពីការសរសេរហើយនោះយើងនឹងឃើញថាយើងកំពុងសួរសំណួរបន្ថែម ហើយចម្លើយនឹងចាប់ផ្តើមកែសម្រួលគោលដៅរបស់អ្នកបន្ថែមទៀត និងយុទ្ធសាស្រ្តរបស់អ្នកដើម្បីសម្រេចបាន។ គន្លឹះមួយនៅពេលនិយាយអំពីការកំណត់គោលដៅ SMART គឺថាអ្នកចង់កំណត់តែមួយ ហើយធ្វើការវាតាមលក្ខណៈវិនិច្ឆ័យ SMART ។ បន្ទាប់ពីនោះអ្នកអាចបង្រួមគោលដៅទៅជាសេចក្តីថ្លែងការណ៍តែមួយ។ អ្នកគ្រាន់តែកំណត់គោលដៅមួយ ហើយរឿងតូចៗមួយចំនួនអ្នកអាចកំណត់វានៅតាមផ្លូវឆ្ពោះទៅគោលដៅធំ ពីព្រោះនៅពេលយើងកំណត់គោលដៅច្រើនវាអាចបង្កើតការប្រកួតប្រជែងសម្រាប់ការយកចិត្តទុកដាក់របស់យើង។ វាបំបែកការផ្តោតអារម្មណ៍របស់យើង ហើយអាចនាំឲ្យមានបញ្ហាជាច្រើនទៀតនៅតាមផ្លូវ។ ផ្ទុយទៅវិញវាសំខាន់ណាស់ដែលយើងកំណត់គោលដៅសម្រេច​វា ហើយបន្ទាប់មករក្សាលទ្ធផលនៅពេលដែលយើងឈានឆ្ពោះទៅរកគោលដៅផ្សេងទៀត។

៣) វាយតម្លៃភាពជោគជ័យ និងការបរាជ័យនៅពេលកំណត់គោលដៅ SMART

ទោះបីយល់ពីអ្វីដែលជាគោលដៅរបស់ SMART និងវិធីសរសេរវាឲ្យមានប្រសិទ្ធិភាពក៏ដោយក៏មានអ្នកខ្លះនឹងទទួលជោគជ័យក្នុងគោលដៅរបស់អ្នក រីឯអ្នកខ្លះទៀតនឹងបរាជ័យ។នោះគឺជាធម្មជាតិនៃគោលដៅ។ ទោះបីជាអ្នកខិតខំអស់ពីសមត្ថភាពក៏ដោយក៏ពេលខ្លះអ្នកមិនអាចបំពេញវាបានដែរ។ ប៉ុន្តែមិនអីទេពីព្រោះនេះបង្ហាញពីទិដ្ឋភាពមួយទៀតនៃគោលដៅ។

ទោះយ៉ាងណានេះគឺជាវិធីដែលអ្នកអាចចូលទៅជិត និងវាយតម្លៃពីទិដ្ឋភាពទាំងនេះ៖

  • វាយតម្លៃការបរាជ័យ

យកការបរាជ័យជាឱកាសរៀនសូត្រ។ វាជាឱកាសសម្រាប់អ្នកដើម្បីរៀនអំពីខ្លួនអ្នក យុទ្ធសាស្រ្តកំណត់គោលដៅរបស់អ្នក និងគោលដៅខ្លួនឯង។ អ្នកអាចយកចំណេះដឹង ព័ត៌មានពាក់ព័ន្ធទាំងនោះមកកែតម្រូវមុនពេលព្យាយាមគោលដៅម្តងទៀត។ ទាំងនេះគឺជាបញ្ហាប្រឈម និងការកែតម្រូវបន្ថែមទៀត។ ចំណុចសំខាន់គឺត្រូវដើរចេញពីទិដ្ឋភាពទាំងនេះដោយមានចំណេះដឹងច្រើនជាងមុន។

  • វាយតម្លៃភាពជោគជ័យ

ជោគជ័យគឺអស្ចារ្យប៉ុន្តែវាច្រើនតែនាំឲ្យមានសំណួរថា "តើមានអ្វីបន្ទាប់ទៀត?" ហើយសម្រាប់មនុស្សជាច្រើននេះមិនមែនជាសំណួរងាយស្រួលឆ្លើយទេ។ មិនត្រឹមតែប៉ុណ្ណោះទេ ប៉ុន្តែវាជាគន្លឹះធ្វើឲ្យយើងរីករាយនឹងលទ្ធផលនៃការខិតខំរបស់យើង។

ទោះយ៉ាងណាក៏ដោយមានចំណុចមួយដែលយើងត្រូវឆ្លុះបញ្ចាំងពីជោគជ័យនោះ។ តើអ្នកទទួលបានអ្វីខ្លះពីភាពជោគជ័យនោះ? តើអ្នកអាចធ្វើអ្វីខ្លះឆ្ពោះទៅមុខដើម្បីសម្រេចបានច្រើនជាងនេះ? តើអ្នកចង់ធ្វើអ្វីបន្ទាប់?

តាមរយៈការសួរសំណួរកាន់តែស៊ីជម្រៅអំពីអ្វីដែលអ្នកសម្រេចបាន អ្នកអាចអភិវឌ្ឍខ្លួនអ្នកបន្ថែមទៀត និងបង្រួមនូវអ្វីដែលចាំបាច់ត្រូវផ្តោតទៅលើបន្ទាប់។

 ដោយ៖ Anthony

 

 

X
5s