ពាក្យចចាមអារ៉ាមពីការបាត់មុខលោក Kim Jong-un មិនមែនជារឿងថ្មីទេ បើរាប់ពីមេដឹកនាំកូរ៉េមុនៗ
ការបាត់ខ្លួនលោក Kim Jong-un រយៈពេល២សប្ដាហ៍ដោយមិនឃើញចូលពិធីគំរប់ខួបថ្ងៃកំណើតលោកតារបស់លោក លោក បានធ្វើឲ្យសាធារណៈជនមានការភ្ងាក់ផ្អើល និងមានចចាមអារ៉ាមជាច្រើនថាលោកធ្លាក់ខ្លួនឈឺខ្លាំង អ្នកខ្លះថាស្លាប់ជាដើម។ ប៉ុន្តែនេះមិនមែនជាលើកទី១នោះទេ ដែលថ្នាក់ដឹកនាំកូរ៉េខាងជើងមិនបង្ហាញខ្លួនពីភ្នែកសាធារណៈជន។
ការមិនបង្ហាញមុខមួយចំនួនអាចជាជួបបញ្ហាដូចជាការធ្លាក់ខ្លួនឈឺ ឬស្លាប់ជាដើម។ ប៉ុន្តែនេះមិនមែនជារឿងចម្លែកខ្លាំងនោះទេ ដែលមេដឹកនាំប្រទេសកុម្មុយនិស្តមួយនេះតែងមានពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការលាក់មុខនាពេលកន្លងមក៖
១) លោក Kim Il-sung
ប្រភពរូប៖ rbth.com
លោក Kim Il-sung មេដឹកនាំនិងជាស្ថាបិនកូរ៉េខាងជើង ជីតាលោក Kim Jong-un មេដឹកនាបច្ចុប្បន្ន ត្រូវបានកាសែតកូរ៉េខាងត្បូងជាច្រើនបានចុះផ្សាយថាលោកបានស្លាប់នៅខែវិច្ឆិកា ឆ្នាំ១៩៨៦។ ការចុះផ្សាយនោះត្រូវបានចែកចាយក្នុងថ្ងៃទី១៦ វិច្ឆិកា នៅពេលកាសែត Chosun បានចុះផ្សាយរឿងមួយអ្នកយកការក្នុងទីក្រុងតូក្យូ ដែលបានចុះផ្សាយអំពីពាក្យចចាមរ៉ាមនេះក្នុងប្រទេសជប៉ុនថាលោក Kim Il-sung បានស្លាប់។
រឿងរ៉ាវកាន់តែធ្ងន់ធ្ងរនៅថ្ងៃបន្ទាប់ នៅពេលពេលអ្នកនាំពាក្យទ័ពកូរ៉េខាងត្បូងប្រកាសឲ្យប្រជាជនកូរ៉េខាងត្បូងដាក់មេក្រូស្រែកប្រកាសនៅតាមព្រំដែនថាលោកមេដឹកនាំកូរ៉េខាងជើងនេះពិតបានគេបាញ់សម្លាប់មែន។ កាសែត Chosun បានចុះផ្សាយមួយរឿងទៀតនៅថ្ងៃ១៧ មុនការចុះផ្សាយអត្ថបទ ៧ទំព័ររៀបរាប់ពីការធ្វើអត្ថឃាតលោក Kim Il-sung នៅថ្ងៃទី១៨។
ការសែតជាច្រើនទៀតក៏បានចុះផ្សាយរឿងស្រដៀងគ្នានេះដែរអំពីមេដឹកនាំកុម្មុយនិស្តនេះ។ រឿងនេះបានបង្កឲ្យមានការភ្ងាក់ផ្អើល នៅពេលលោក Kim Il-sung បានបង្ហាញខ្លួននៅអាកាសយាន្តដ្ឋាន Pyongyang ដើម្បីស្វាគមន៍ទស្សនកិច្ចរបស់គណៈប្រតិភូម៉ុងកូល។
ការសែត Chosun របស់កូរ៉េខាងត្បូងនេះក៏ធ្លាប់បានចុះផ្សាយកាលឆ្នាំ២០១៣ ថាតារ៉ាចម្រៀងកូរ៉េខាងជើងនិងជាសមាជិកជាន់ខ្ពស់គណៈបក្សកាន់អំណាច លោក Hyon Song-wol ថាត្រូវបានកាត់ទោសប្រហារជីវិត។ ប៉ុន្តែលោកស្រីបានបង្ហាញខ្លួនជាសាធារណៈនៅខែឧសភា ឆ្នាំ២០១៤ ហើយឥលូវនេះលោកស្រីគឺជាស្រីមានអំណាចម្នាក់ក្នុងប្រទេសកូរ៉េខាងជើង តែងដើរអមលោក Kim Jong-un។
២) លោក Kim Jong-il
ប្រភពរូប៖ Popculture.com
លោក Kim Jong-il មេដឹកនាំកូរ៉េខាងជើងទី២ ដែលត្រូវជាកូនរបស់លោក Kim Il-sung ត្រូវបានការសែតជាច្រើនចុះផ្សាយ និងពាក្យពីមាត់មួយទៅមាត់មួយពីការស្លាប់របស់លោក។
ក្នុងឆ្នាំ២០០៤ មានការផ្ទុះមួយនៅស្ថានីយរថភ្លើងនៅលើព្រំដែនជាមួយប្រទេសចិនបង្កឲ្យមានពាក្យចចាមរ៉ាមថាជាការប៉ុនប៉ងធ្វើឃាតលោក នៅពេលលោកបានធ្វើដំណើរត្រលប់មកពីទីក្រុងប៉េកាំងវិញ ប៉ុន្តែលោកបានត្រលប់មកមុនហេតុការនោះ២ ៣ម៉ោងមកហើយ។ ដោយកាលណោះ ការផ្ទុះរថភ្លើងដឹកប្រេងដែលត្រូវបានគេរាយការណ៍ថាបានបង្កឲ្យរងរបួសដល់មនុស្សរាប់ពាន់នាក់។
ការជជែកអំពីការស្លាប់របស់លោកក្នុងឆ្នាំ២០០៨ ដោយសារជំងឺស្ទុះសសៃឈាមខួរក្បាលកាន់តែកើនឡើងដែលធ្វើឲ្យកូរ៉េខាងជើងធ្វើការសើបអង្កេតរកថាតើពាក្យចចាមរាមនោះជាការធ្វើឲ្យប៉ះពាល់តម្លៃផ្សារហ៊ុនមែនឬអត់។
លោក Kim Jong-il បានស្លាប់ពិតប្រាកដនៅខែធ្នូ ឆ្នាំ២០១១ ក្រោយការមានបញ្ហាសុខភាពនិងការបាត់មុខពីសាធារណៈ២ឆ្នាំ រហូតទាល់មានការប្រកាសពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្រោយការស្លាប់២ថ្ងៃ។
៣) លោក Kim Jong-un
ប្រភពរូប៖ newsweek.com
មានការសែតជាច្រើនបានចុះផ្សាយផ្សេងៗគ្នាក្នុងពេលថ្មីៗនេះថាលោក Kim Jong-un មានបញ្ហាសុខភាពធ្ងន់ធ្ងរ កាសែតខ្លះថាលោកក្លាយជាមនុស្សរុក្ខជាតិ កាសែតខ្លះថាលោកមានសុខភាពល្អទេបន្ទាប់ពីការវះកាត់បេះដូងជាដើម។
ក្នុងឆ្នាំ ២០១៤ មេដឹកនាំជំនាន់ទី៣រូបនេះបានបាត់ខ្លួនពីភ្នែកសាធារណៈជន៦សប្ដាហ៍ ហើយបង្ហាញខ្លួនវិញជាមួយនឹងឈើច្រត់។ ភ្ងាក់ងារកូរ៉េខាងត្បូងបានចុះផ្សាយថាលោកទើបវះកាត់សាច់ពកកែងជើង។
ក្នុងឆ្នាំ ២០១៦ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានធ្វើការដកស្រង់ព័ត៌មានថាលោក Kim Jong-un បានធ្វើការប្រហារជីវិតអតីតមន្រ្តីជាន់ខ្ពស់មួយរូបដោយសារតែរូបលោកប្រព្រឹត្តិអំពើពុករលួយ និងការចោទប្រកាន់ផ្សេងៗ។ ប៉ុន្តែប៉ុន្មានខែក្រោយមក ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានបង្ហាញមុខលោក Ri Yong-gil ថានៅមានជីវិតនិងកំពុងបម្រើមុខតំណែងជាន់ខ្ពស់ថ្មីទៅវិញ។
គួរបញ្ជាក់ផងដែរថាលោក Kim Jong-un បានបង្ហាញមុខជាសាធារណៈនៅថ្ងៃទី១១ មេសា ហើយបានបាត់មុខជាលើកដំបូងនៅថ្ងៃទី១៥ ដែលត្រូវនឹងថ្ងៃគម្រប់ខួបកំណើតលោកតារបស់លោកដែលជាមេដឹកនាំកូរ៉េខាងត្បូងដំបូងគឺលោក Kim Il-sung ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចេញផ្សាយថាលោក Kim Jong-un នូវតែបន្តក្នុងកិច្ចការទំនាក់ទំនងដដែល ដោយមិនបានចេញមុខជាសាធារណៈ ដោយលោកបានទៅទទួលស្វាគមន៍មេដឹកនាំសេរ៉ី គុយបា អាហ្វរិកខាងត្បូង និងកម្មវិធីមួយចំនួនផងដែរ៕
អត្ថបទទាក់ទង៖ ហេតុអ្វីបានកូរ៉េខាងជើងក្លាយជាប្រទេសឯកោជាងគេបំផុតក្នុងលោក?
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ SCMP