ជំងឺគ្រុនចាញ់អាចមានឱកាសវាយប្រហារតំបន់អាហ្រិក ខណៈយុទ្ធនាការសុខភាពមួយចំនួនត្រូវផ្អាកដោយសារកូវីដ១៩​



នៅពេលពិភពលោកកំពុងទប់ទល់នឹងកូវីដ១៩ វាជាសញ្ញាមួយដែលអាចជាឱកាសឲ្យជំងឺដដទៃទៀតគម្រាមកំហែងសុខភាពប្រជាជន ដោយសារតែការខ្វះការយកចិត្តទុកដាក់និងការពន្យាយុទ្ធនាការសុខភាពមួយចំនួន។

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថាចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ក្នុងអនុតំបន់សាហារ៉ាអាហ្វ្រិក (Sub-Saharan Africa) ក្នុងឆ្នាំនេះអាចនឹងមានការកើនឡើងទ្វេរដង ហើយជំងឺកូវីដ១៩គឺជាអ្នកត្រូវបន្ទោស។

ក្នុងករណីធ្ងន់ធ្ងរបំផុត យុទ្ធនាការមុងការពារមូសខាំនានាត្រូវបានពន្យា ហើយការទទួលបានថ្នាំការពារជំងឺនេះទៀតសោតក៏មានការធ្លាក់ចុះ ដោយចំនួនអ្នកស្លាប់ជំងឺគ្រុនចាញ់នៅក្នុងអនុតំបន់ដែលមាន ៤៦ប្រទេសមួយនេះអាចនឹងហក់ឡើងដល់រហូតដល់ ៧៦៩ ០០០នាក់។ 

ចំនូនអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ក្នុងអនុតំបន់សាហារ៉ាអាហ្វ្រិកនេះអាចនឹងមានការកើនឡើងទ្វេរដងក្នុងឆ្នាំ២០១៨ ហើយចំនួនអ្នកស្លាប់ទូទាំងពិភពលោកមាន ៤០៥ ០០០នាក់ក្នុងឆ្នាំដដែល។

តំបន់អាហ្វ្រិកនេះមានការប្រឈមមុខនឹងហានិភ័យខ្លាំងជាងគេ ដោយសារ ៩៤ភាគរយនៃអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមក្នុងឆ្នាំ២០១៨ ក្នុងនោះ ២ភាគ៣គឺជាកុមារអាយុក្រោម៥ឆ្នាំ។

អង្គការសុខភាពពិភពលោកសង្គត់ធ្ងន់ថាការព្យាករណ៍នេះមិនច្បាស់លាស់១០០ភាគរយទេ ប៉ុន្តែវាអាចជាឱកាសមួយដែលអាចបង្កឲ្យមានចំនួនអ្នកស្លាប់កាន់តែច្រើន។

បើទោះបីយ៉ាងណាក៏ដោយ អ្នកជំនាញបានលើកឡើងថាមេដឹកនាំក្នុងតំបន់នេះគួររៀបចំនយុទ្ធនាការមុងការពារមូសបន្តទៀត បើទោះបីស្ថិតក្នុងកំឡុងពេលធ្វើការទប់ទល់នឹងកូវីដ១៩ក៏ដោយ។

គួរបញ្ជាក់ផងដែរថា ក្នុងការផ្ទុះជំងឺកូវីដ១៩ ធ្វើឲ្យប្រទេសជាច្រើនក្នុងពិភពលោកព្យាយាមការពារនិងចិត្តទុកដាក់ខ្លាំងដើម្បីការពារនិងទប់ស្កាត់ជំងឺនេះ ដែលនេះធ្វើឲ្យយុទ្ធនាការសុខភាពជំងឺមួយចំនួនត្រូវបានផ្អាក ឬពន្យាពេល។ ក្រៅពីជំងឺគ្រុនចាញ់ មានជំងឺជាច្រើនទៀតដូចជាកញ្ច្រិល គ្រុនស្វិតដៃជើងជាដើមដែលអាចមានឱកាសចម្លងទៅកាន់មនុស្សក៏ដូចជាកុមារតូចៗកាន់តែច្រើនទូទាំងពិភពលោក៕

អត្ថបទទាក់ទង៖ ពិភពលោកកំពុងយកចិត្តទុកដាក់ខ្លាំងលើកូវីដ១៩ ប៉ុន្តែហាក់បណ្ដោយឲ្យកុមាររាប់លាននាក់ប្រឈមជំងឺ២នេះ​

ដោយ៖ លង់ វណ្ណៈ

 

X
5s