Grab បង្ខំចិត្តឲ្យបុគ្គលិកខ្លួនឈប់សម្រាកដោយគ្មានប្រាក់ឈ្នួល ខណៈប្រាក់ចំណូលធ្លាក់ចុះខ្លាំងនៅសិង្ហបុរី
ប្រាក់ចំណូលមានការទទួលរងផលប៉ះពាល់ខ្លាំងដោយសារកូវីដ១៩ ក្រុមហ៊ុន Grab សិង្ហបុរីបានបង្ខំចិត្តឲ្យបុគ្គលិកស្ម័គ្រចិត្តឈប់សម្រាកដោយមិនផ្ដល់ប្រាក់ឈ្នួល។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត SCMP។
ក្រុមហ៊ុនដឹងអ្នកដំណើររបស់សិង្ហបុរីមួយនេះបានប្រកាសកាលពីថ្ងៃពុធថាខ្លួននឹងមិនអាចផ្ដល់ប្រាក់ឧបត្តម្ភបន្ថែមទៅដល់អ្នកបើកបរតាក់ស៊ីរបស់ខ្លួនទៀតនោះទេ ប្រសិនបើនៅតែមានការរឹតបន្តឹងការដើរហើរដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ដែលនឹងអូសបន្លាយដល់ថ្ងៃទី០១ មិថុនាខាងមុខនេះ។
ក្នុងលិខិតមួយច្បាប់ លោក Andrew Chan ប្រធានផ្នែកដឹកជញ្ជូននៃក្រុមហ៊ុន Grab បានមានប្រសាសន៍ថាក្រុមហ៊ុនទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវីរុសកូរ៉ូណា។
លោកបានលើកឡើងថា៖ «គ្មាននរណាម្នាក់ដឹងច្បាស់អំពីរយៈពេលប៉ុន្មានទៀតដែលស្ថានភាពនេះបញ្ចប់នោះទេ ប៉ុន្តែយើងបានត្រៀបខ្លួនក្នុងរយៈពេលវែងទៅមុខ។ ខណៈប្រាក់ចំណូលរបស់យើងបន្តធ្លាក់ចុះ ថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនបានកាត់ប្រាក់ខែរហូតដល់២០ភាគរយ ហើយបុគ្គលិកក្រុមហ៊ុនក៏ត្រូវបានលើកទឹកចិត្តឲ្យស្ម័គ្រចិត្តឈប់សម្រាកដោយគ្មានប្រាក់ឈ្នួលផងដែរ»។
ក្រុមហ៊ុននេះមិនបានបញ្ជាក់ពីចំនួនបុគ្គលិករបស់ខ្លួនដែលធ្វើការក្នុងប្រទេសសិង្ហបុរី និងបុគ្គលិកប៉ុន្មាននាក់ដែលស្ម័គ្រចិត្តឈប់សម្រាកដោយមិនទទួលប្រាក់ចំណូលនោះឡើយ។
ការធ្លាក់ចុះប្រាក់ចំណូលរបស់ក្រុមហ៊ុន Grab ដោយសារតែការរឹតបន្ដឹងមិនឲ្យប្រជាជនចាកចេញពីផ្ទះដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ ដូចនេះហើយ ចំនួនអ្នកធ្វើដំណើរមានការធ្លាក់ចុះយ៉ាងខ្លាំង។
លោក Chan លើកឡើងថា៖ «យើងមិនអាចផ្ដល់ជូនការជួយការផ្ដល់ជូនហិរញ្ញវត្ថុបន្ថែមបានទេ ប្រសិនបើសិង្ហបុរីនឹងបន្តការហាមឃាត់ការដើរហើយរបស់ប្រជាជនរហូតដល់ថ្ងៃទី១ មិថុនា។
ប្រភពរូប៖ SCMP
គួរបញ្ជាក់ផងដែរថា ដើម្បីបំពេញតម្រូវការនៃការដឹកជញ្ជូននិងទទួលបានចំណូលបន្ថែមនោះ បុគ្គលិកឡានតាក់ស៊ីជាដើមត្រូវអនុញ្ញាតិឲ្យធ្វើជាបុគ្គលិកដឹកជញ្ជូនទំនិញនិងគ្រឿងទេសនានាចាប់ពីខែមុនមក៕
អត្ថបទទាក់ទង៖ កម្មករជាង ១ពាន់លាននាក់ទូទាំងពិភលោក ប្រឈមនឹងបញ្ហាជីវភាពរស់នៅ ខណៈមានការផ្ទុះកូវីដ១៩
ដោយ៖ លង់ វណ្ណៈ