រដ្ឋមន្រ្តីសុខាភិបាល៖ KTV រង្គសាល នៅមិនទាន់ដល់ពេលអនុញ្ញាតឲ្យបើកដំណើរការវិញទេ​



ថ្លែងក្នុងកម្មវិធីសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២០ នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ទោះបីជាកម្ពុជាមានភាពស្រាកស្រាន្តច្រើនលើកករណីកូវីដ ១៩ ដោយសារមានអ្នកជាសះស្បើយបន្តបន្ទាប់ និងហាក់ទប់ទល់បានចំពោះករណីថ្មី តែនៅមិនទាន់់ដល់ពេលដែលមានការអនុញ្ញាតឲ្យបើកឡើងវិញនូវ KTV រង្គសាល ឬកន្លែងផឹកស៊ីកំសាន្តណាមួយឡើយ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍បន្ថែមថា ពិតណាស់ថាការបិទអាជីវកម្មទាំងនេះវាប៉ះពាល់ដល់ប្រជាជន តែវាក៏ប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសដែរ តែទោះជាយ៉ាងណាយើងមិនអាចធ្វេសប្រហែសលើការទប់ស្កាត់នូវការឆ្លងរាលដាលនោះទេ «តើយើងចង់បានភាពសប្បាយរីករាយ ចង់បានផលចំណេញ ហើយប្រឈមខ្ពស់នឹងហានិភ័យធំពីការឆ្លងរាលដាល»។ លើសពីនេះ ឯកឧត្តមក៏បានមានប្រសាសន៍ទៀតថា « សុភាសិតចិន ចង់ឆ្លងស្ទឹងត្រូវយកជើងស្ទាប់ថ្ម ហើយកម្ពុជាមិនគួរសាកល្បងដើម្បីទទួលបានហានិភ័យខ្ពស់កើតឡើងពីកូវីដ ១៩ នោះទេ»។

តំណាងអង្គការសុខភាពពិភពលោកក៏បានបញ្ជាក់បន្ថែមដែរថា កូវីដ ១៩ ជាជំងឺដែលឆ្លងឆាប់រហ័ស ហើយតឆាមបទពិសោធន៍នៅប្រទេសមួយចំនួនដែលការឆ្លងមានឆាប់រហ័ស និងខ្ពស់គឺដោយសារកន្លែងកំសាន្ត សប្បាយ មានការស្រែកច្រៀង និងជួបជុំច្រើនដូចជានៅតាមខារ៉ាអូខេបែបនេះឯង។ 

ដូច្នេះអ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើនៅពេលនេះគឺ ការបន្តរួមដៃគ្នាក្នុងការការពារពីការឆ្លងរាលដាលកូវីដ ១៩ ក្នុងប្រទេសកម្ពុជាឲ្យបានខ្ពស់ ដើម្បីកុំឲ្យមានការកើតមានឡើងនូវរលកទី ២ នៃកូវីដ ១៩ នេះជាការលើកឡើងរួមរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក៕

 

X
5s