ផ្លូវជាតិលេខ១១ សម្រេចការសាងសង់ ៩១,១៤ ភាគរយហើយ នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២០ នេះ​



ផ្លូវជាតិលេខ១១ ប្រវែង៩៦គីឡូម៉ែត្រ តភ្ជាប់រវាងខេត្តព្រៃវែងត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្ត ត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់ទទឹង) សម្រេចបានការសាងសង់ដោយក្រាលបេតុងកៅស៊ូAC បានចំនួន ៩១,១៤ ភាគរយហើយ នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២០នេះ។ 

ផ្លូវនេះជាតិសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន (WACC) ចំណាយទឹកប្រាក់ចំនួន ៩៨,៣៨៨,០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន បានចំណាយរយៈពេលសាងសង់ចំនួន៤៤ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅចុង ឆ្នាំ២០២០ នេះ។ 

ចំពោះប្រវែងសរុបផ្លូវជាតិនេះមានចំនួន ៩៦គីឡូម៉ែត្រ ក្នុងនោះរួមមាន៖ ផ្លូវមេប្រវែង ៨៦,៨០៨គីឡូម៉ែត្រ និងផ្លូវក្នុង ក្រុងព្រៃវែងប្រវែង ៩,១៩៤គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំ ព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ ស្លាប ក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ 

បន្ថែមពីលើនេះ ផ្លូវជាតិនេះបានសាងសង់ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែត្រ និងបំពាក់ដោយផ្លាកសញ្ញាចរចរណ៍ គូសគំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។

យ៉ាងណាមិញ កាលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំគណៈ ប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព ការងារ សាងសង់ផ្លូវជាតិលេខ១១ ដើម្បីមើលចំណុចខ្វះខាតដែលនៅសេសសល់ ក៏ដូចជាបញ្ហាបច្ចេកទេសមួយចំនួន ទាក់ ទងនឹងការសាងសង់ សំដៅធ្វើឱ្យផ្លូវនេះមាន គុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា៖ «ទោះបីមានបញ្ហាជំងឺកូវីដ១៩ ដែលជាបញ្ហាសកលយ៉ាងណាក្ដី សកម្មភាពសាងសង់ហេដ្ឋារចនាផ្លូវថ្នល់ និងស្ពាននៅតែមានដំណើរការធម្មតាដដែល លើកលែងតែផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដោយសារការមកដល់នៃគ្រឿងក្រុមភាពយឺតយ៉ាវ»។ 

ឯកឧត្តមបានបានប្រសាសន៍បន្ថែមថា៖ «ឆ្លងតាមការត្រួតពិនិត្យគុណភាពផ្លូវមួយរយៈកន្លងមក ផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ៣ ជាដើម មានគុណភាពតាមស្តង់ដា និងគោរពតាមលក្ខណៈបច្ចេកទេស និងសៀវភៅបន្ទុក គឺមិនមែនចាក់ស្ដើងស៊ីក្រាស ចាក់ក្រាសស៊ីស្តែងឡើយ»។ ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបដល់ក្រុមហ៊ុនសាងសង់ទាំងឡាយ ប្រសិនបើមិនចង់សាងសង់ឡើងវិញ ឬចូលក្នុងបញ្ជីខ្មៅទេ ត្រូវសាងសង់គោរពតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកជាដាច់ខាត។

គួរបញ្ជាក់ផងដែរថា កំណាត់ផ្លូវជាតិនេះ ជាកំណាត់ ផ្លូវជាតិសេដ្ឋកិច្ចសំខាន់មួយ ដែល ចាំបាច់ត្រូវ ពង្រីក ដើម្បី សម្រួលដល់ការធ្វើចរាចរណ៍បន្ថែម ទៀតរវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ៕

ដោយ៖ វីរៈ

 

 

X
5s