ការ​ពិត​ ១០​យ៉ាង​ដែល​អ្នក​មិន​បាន​ដឹង​ពីអត្ថន័យ​​សុភមង្គល​នៅ​ជុំវិញ​ពិភពលោក​



មនុស្ស​គ្រប់គ្នា​មាន​សុភមង្គល​តិច ឬ​ច្រើន​អាស្រ័យ​លើ​កត្តា​ជា​ច្រើន​រាប់​ចាប់​តាំង​ពី​សុខភាព មិត្តភាព ភាព​ជោគជ័យ​ក្នុង​ជីវិត លុយ ការងារ មុខមាត់ ឋានៈ​តួនាទី​ក្នុង​សង្គម​ជាដើម។ ទន្ទឹម​នឹង​នេះ សុភមង្គល​របស់​ប្រទេស​នីមួយៗ​ក៏​មិន​ដូច​គ្នា​ដែរ ជា​ពិសេស​រវាង​ប្រទេស​ក្រីក្រ និង​ប្រទេស​អភិវឌ្ឍ។ 

បើ​យោង​តាម​របាយការណ៍​សុភមង្គល​ប្រចាំ​ឆ្នាំ ២០១៧ របស់​អង្គការ​សហប្រជាជាតិ (World Happiness Report) បាន​​ស្រាវជ្រាវ​លើ​បណ្ដា​ប្រទេស​ចំនួន ១៥៥ ហើយ​ស្វែង​រក​ថា តើ​ប្រទេស​ណា​ដែល​មាន​សុភមង្គល​ជាងគេ​បំផុត? ការ​វាស់​ស្ទង់​លើ​កម្រិត​សុភមង្គល​របស់​ប្រទេស​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​ផ្អែក​ទៅ​លើ ប្រាក់​ចំណូល សុខភាព សុវត្ថិភាព ការ​គាំពារ​សង្គម សេរីភាព និង​ទំនុក​ចិត្ត​​ទៅ​លើ​រដ្ឋាភិបាល​ជាដើម។ 

ជា​លទ្ធផល របាយការណ៍​នេះ​បាន​បង្ហាញ ចំណុច​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ចំនួន ១០ ស្តី​ពី​សុភមង្គល​នៅ​ជុំវិញ​ពិភពលោក​ដូច​ខាងក្រោម​នេះ៖ ​
១.អ្នក​ដែល​ធ្វើ​ការ​ឲ្យ​ខ្លួនឯង មាន​ពេញចិត្ត​នឹង​ឆាក​ជីវិត​ជាង​អ្នក​ធ្វើ​ការ​ឲ្យ​គេ
ធ្វើ​ការ​ឲ្យ​ខ្លួនឯង អាច​មាន​ចំណុច​​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន។ នៅ​ក្នុង​ប្រទេស​អភិវឌ្ឍ​ អ្នក​ដែល​ធ្វើ​ការ​ឲ្យ​ខ្លួនឯង​ដូច​ជា​អ្នក​ជំនួញ មាន​ភាព​ពេញចិត្ត​ស្កប់ស្កល់​នឹង​ជីវិត​ជាង​អ្នក​ដែល​ធ្វើ​ការ​ឲ្យ​គេ។ យ៉ាងណាក៏ដោយ មនុស្ស​ប្រភេទ​នេះ​ក៏​ជួប​បទពិសោធន៍​អវិជ្ជមាន​ច្រើន​ដែរ​​​ដូច​ជា​​ស្ត្រេស និង​ព្រួយបារម្ភ​ច្រើន​ជាដើម។ 

២.មនុស្ស​កាន់តែ​សប្បាយ​ចិត្ត​នៅ​ពេល​ពួកគេ​ធ្វើ​សកម្មភាព​ក្នុង​សង្គម​ពេញ​មួយ​សប្ដាហ៍​
ប្រជាជន​អាមេរិក​ភាគច្រើន​កាន់តែ​សប្បាយ​ចិត្ត​នៅ​ពេល​ថ្ងៃ​សម្រាក​ចុង​សប្ដាហ៍​បាន​ចូល​មក​ដល់។ ប៉ុន្តែ​អារម្មណ៍​​រីករាយ​នៅ​ចុង​សប្ដាហ៍​នឹង​បាត់បង់​ទៅវិញ​​នៅ​ពេល​ដែល​​ពួកគេ​ទទួល​បាន​បរិយាកាស​​ការងារ​ប្រកប​ដោយ​ទំនុក​ចិត្ត​ខ្ពស់​។ នៅ​ពេល​ដែល​​ពួកគេ​​ចាត់​ទុក​ថា ចៅហ្វាយ​របស់​ពួកគេ​មិនមែន​ជា​មនុស្ស​គួរឲ្យ​ខ្លាច តែ​ជា​ដៃគូ​ការងារ ហើយ​នៅ​ពល​ដែល​ពួកគេ​ចំណាយ​ពេល​ធ្វើ​សកម្មភាព​សង្គម​ពេញ​មួយ​សប្ដាហ៍​របស់​ពួកគេ។

៣.គេ​បាន​រក​ឃើញ​ថា សុភមង្គល​របស់​ពលរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​រយៈពេល​មួយ​ទសវត្ស​ចុងក្រោយ​នេះ
នៅ​ក្នុង​មួយ​ទសវត្ស​ចុងក្រោយ គេ​បាន​រក​ឃើញ​ថា សុភមង្គល​របស់​ពលរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ។ ពួកគេ​បាន​រស់​នៅ​ផ្សារភ្ជាប់​ទៅ​នឹង​​ការ​ធ្លាក់​ចុះ​នូវ​ភាព​ស្កប់ស្កល់​​ក្នុង​ជីវិត​របស់​ពួកគេ​ដោយសារតែ​មាន​ការ​​ធ្លាក់​ចុះ​នូវ​ការ​គាំពារ​សង្គម សេរីភាព​ផ្ទាល់ខ្លួន ជំនួយ ជំងឺ​ថ្មីៗ និង​អំពើពុករលួយ​ក្នុង​អាជីវកម្ម និង​ក្នុង​រដ្ឋាភិបាល។

៤.សុខភាព​​ផ្លូវចិត្ត​​គឺ​ជា​រឿង​អាទិភាព​សម្រាប់​អ្នក
ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​ដែល​បាន​ធ្វើ​ឡើង​​នៅ​អាមេរិក អូស្ត្រាលី អង់គ្លេស និង​ឥណ្ឌូណេស៊ី​ដើម្បី​កំណត់​ពី​មូលហេតុ​​ដែល​នាំ​ទៅ​រក​ភាព​គ្មាន​សុភមង្គល និង​​ភាព​ក្រីក្រ​។ ពួកគេ​បាន​រក​ឃើញ​ថា​ជំងឺ​ផ្លូវចិត្ត​​​បាន​រួមចំណែក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​​សុភមង្គល​របស់​មនុស្ស​ច្រើន​ជាង​​ការ​​បាត់បង់​ប្រាក់ចំណូល ការងារ​ឬ ជំងឺ​ប្រចាំ​កាយ​ទៅ​ទៀត​។ នៅ​ប្រទេស​នីមួយ​សុខភាព​ផ្លូវកាយ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ប៉ុន្តែ​គ្មាន​ប្រទេស​ណា​មួយ​ដែល​រក​ឃើញ​ថា វា​មាន​សារសំខាន់​ជាង​សុខភាព​ផ្លូវចិត្ត​នោះ​ទេ។ ​​

៥.អ្នក​ដែល​មាន​​​​ដៃគូ​ជីវិត ​គ្រួសារ​ ឬ​សាច់ញាតិ​ច្រើន​ កាន់តែ​មាន​សុភមង្គល ​
អ្នក​ដែល​មាន​ដៃគូ​​ជីវិត មាន​ទំនាក់ទំនង​រឹងមាំ​ជាមួយ​គ្រួសារ​ដែល​នៅ​ឆ្ងាយ​ ឬ​ជា​មនុស្ស​សាមញ្ញ​ដែល​អាច​ទុកចិត្ត​បាន​  គឺ​មាន​សុភមង្គល​ច្រើនជាង​អ្នក​ដែល​មិន​មាន​​ដៃគូ​ជីវិត ​គ្រួសារ​ ឬ​សាច់ញាតិ​។ របាយការណ៍​បាន​បញ្ជាក់​ថា​ទៀត​ថា  ១០ %​នៃ​ប្រជាជន​របស់​ប្រទេស​នីមួយៗ ដែល​​រដ្ឋ​បាន​បង្កើត​គោលនយោបាយ​គាំពារ​សង្គម ធ្វើ​ឲ្យ​​សុភមង្គល​របស់​ប្រជាពលរដ្ឋ​របស់​ខ្លួន​​​កើន​ឡើង​ជាង​ ២០% ។

៦.គ្រួសារ កុមារភាព និង​សាលា​រៀន មាន​ឥទ្ធិពល​ដល់​​​​សុភមង្គល​របស់​មនុស្ស​ម្នាក់ៗ​នៅ​ពេល​អនាគត
សម្រាប់​មនុស្ស​ពេញវ័យ កម្រិត​នៃ​សុភមង្គល​របស់​ពួកគេ​នៅ​​​​ថ្ងៃ​នេះ​មាន​ឥទ្ធិពល​​ខ្លាំង​​ចេញ​ពី​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ ឋានៈ​នៅ​​ក្នុង​សង្គម និង​សុខភាព​តាំង​ពី​ក្មេង​មក​ម្ល៉េះ​។  ខណៈ​ដែល​​ប្រវត្តិ​សាវតារ​​របស់​មនុស្ស​ត្រូវ​បាន​គេ​មើល​រំលង វា​បាន​ដើរ​តួនាទី​សំខាន់​ណាស់​ដល់​ភាព​ពេញចិត្ត​ស្កប់ស្កល់​ក្នុង​​ជីវិត​របស់​ពួកគេ​នៅ​ពេល​ពួកគេ​ធំ​ឡើង។ 

៧.​ចំណូល​មាន​សារសំខាន់​ជាង​ការ​អប់រំ
ការ​ស្រាវជ្រាវ​ទៅ​លើ​ប្រទេស​ជា​ច្រើន​បាន​បង្ហាញ​ថា ប្រាក់​ចំណូល​គឺ​មាន​សារសំខាន់​សម្រាប់​សុភមង្គល​ជាង​ការ​អប់រំ។ បុគ្គល​មួយ​ចំនួន​នៅ​ក្នុង​ចំណោម​បុគ្គល​មាន​​ជាងគេ​បំផុត​ក្នុង​លោក​បាន​បោះបង់​​រៀន​នៅ​មហាវិទ្យាល័យ  ហើយ​ងាក​មក​បើក​ជំនួញ​រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ដែល​ក្នុង​នោះ​រួមមាន​ដូច​ជា​មហាសេដ្ឋី Bill Gates និង​លោក Mark Zuckerberg ជាដើម។  

៨.សុភមង្គល​តិច​ ឬ​ច្រើន​អាស្រ័យ​លើ​​ប្រភេទ​មុខរបរ​​ការងារ​នីមួយៗ​របស់​មនុស្ស​ម្នាក់ៗ
នេះ​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​ដែល​មនុស្ស​មាន​ការងារ​ធ្វើ សប្បាយ​ចិត្ត​ជាង​អ្នក​គ្មាន​ការងារ​ធ្វើ។ ប៉ុន្តែ​ប្រភេទ​​មុខរបរ​​​ការងារ​របស់​មនុស្ស​ម្នាក់ៗ ក៏​វា​រួម​ចំណែក​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ៗ​មាន​សុភមង្គល​ខុសៗគ្នា​ផង​ដែរ។ អ្នក​ដែល​មាន​មុខរបរ​នៅ​ក្នុង​វិស័យ​មួយ​ចំនួន​ដូច​ជា វិស័យ​សាងសង់ រុករក​រ៉ែ ឧស្សាហកម្ម ដឹកជញ្ជូន កសិកម្ម នេសាទ និង​ព្រៃឈើ មាន​ទំនោរ​ទៅ​រក​ការ​ធ្លាក់​ចុះ​នៃ​សុភមង្គល។ ​

៩.មាន​លុយ​មិន​ប្រាកដ​ថា មាន​សុភមង្គល 
ប្រាក់ខែ ឬ​មាន​លុយ​ច្រើន​ មិនមែន​ជា​កត្តា​តែមួយគត់​ដែល​មាន​ឥទ្ធិពល​ដល់​កម្រិត​សុភមង្គល​របស់​ម្នាក់ៗ​នោះ​ទេ។ ឋានៈ​មុខមាត់​​ក្នុង​សង្គម ការងារ ទំនាក់ទំនង​​នៅ​កន្លែង​ការងារ  តំណែង​ការងារ ភាព​ជោគជ័យ និង​ការ​កំណត់​គោលដៅ ទាំងអស់​នេះ​សុទ្ធតែ​រួមចំណែក​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កំណត់​ឲ្យ​​មនុស្ស​​ម្នាក់ៗ​កាន់តែ​មាន​សុភមង្គល។ ​

១០.ភាព​អត់​មាន​ការងារ​ធ្វើ គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​ខ្លាច
ទោះបី​ជា​នរណា​ម្នាក់​រក​បាន​ការងារ​ថ្មី​ធ្វើ​ក៏ដោយ របាយការណ៍​បាន​បង្ហាញ​ថា អារម្មណ៍​មិន​សប្បាយ​ចិត្ត​របស់​ពួកគេ នៅ​តែ​បន្ត​ដាក់​សម្ពាធ​​ផ្លូវចិត្ត​របស់​ពួកគេ​មិន​ងាយ​នឹង​បំភ្លេច​បាន​ភ្លាមៗ​ឡើយ ហើយ​វា​ធ្វើ​ឲ្យ​ពួកគេ​ដេក​ភ័យ​ព្រួយ​ខ្លាច​ រូបភាព​ភាព​​គ្មាន​​ការងារ​ធ្វើ​កើត​មាន​ចំពោះ​ពួកគេ​បន្ត​​ទៀត​នៅ​ថ្ងៃ​ណាមួយ​​ខាងមុខ៕

អត្ថបទ​ទាក់ទង៖
ហេតុ​ផល ៨ នេះ​បញ្ជាក់​ថាលុយពីជា​អាច​ទិញ​សុភមង្គល​បានពិតមែន​
ហេតុអ្វីបានជាហ្វាំងឡង់ជាប់ឈ្មោះជាប្រទេសមានសុភមង្គលជាងគេបំផុតក្នុងលោក?​

ដោយ៖ Kevin 
ប្រភព៖ Entrepreneur 

 

X
5s