ខេត្តកែបនឹងមានតំបន់ឆ្នេរកម្សាន្ត២កន្លែងបន្ថែមទៀត ដើម្បីទទួលភ្ញៀវទេសចរ
រដ្ឋបាលខេត្តកែបគ្រោងនឹងបង្កើតតំបន់ ឆ្នេរកម្សាន្ត ២កន្លែងបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តតំបន់ទេសចរនេះកាន់តែច្រើនថែមទៀត។
ការលើកឡើងនេះដោយ ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែបក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកែប កាលពីព្រឹកថ្ងៃទី ០៥ ខែ ឧសភា នាទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកែបបានលើកឡើងថា ខេត្តកែបមានការអភិវឌ្ឍខ្លំាងលើវិស័យ ទេសចរណ៍ ខណៈដែលភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាលេងកំសាន្តយ៉ាងច្រើនកុះករ នៅតាមតំបន់រមណីយដ្ឋាននានា ជាពិសេសនៅតំបន់មាត់សមុទ្រក្នុងខេត្តកែប។
ឯកឧត្តមបានបន្តថា ដោយមើលឃើញពីស្ថានភាពភ្ញៀវទេសចរមកកាន់ខេត្តកែបកាន់កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ អាជ្ញាធរកំពុងសិក្សាបង្កើតតំបន់ឆ្នេរ ២កន្លែងបន្ថែមទៀត ដើម្បីបង្វែរភ្ញៀវទេសចរ ទៅលេងកម្សាន្តកន្លែងថ្មីៗទាំងនោះផងដែរ ។
យ៉ាងណាមិញ ឯកឧត្តមមានប្រសាសន៍ថា៖ «ខេត្តយើងនេះគឺថា ឆ្នេរដែលកម្សាន្តមានតែប្រវែង៣៥០ ម៉ែត្រដែលគាត់មកម្តងៗឃើញថា កក ស្ទះ ណែន ដោយសារឆ្នេរវាខ្លីពេក ដល់អញ្ចឹងទៅយើងកំពុងតែខិតខំពង្រីក រៀបចំឆ្នេរ២កន្លែងទៀត គឺឆ្នេរខ្សាច់កម្សាន្តជាសារធារណៈ ដែលមានប្រវែងប្រហែលជា៣គីឡូម៉ែត្រ»។
ឯកឧត្តម បានបញ្ជាក់បន្ដែមថា ចំពោះឆ្នេរសមុទ្រមានលក្ខណៈធម្មជាតិដែលរលកនាំខ្សាច់មកធម្មជាតិប្រវែង ៣គីឡូកន្លះ មិនមែនយើងយកខ្សាច់មកចាក់បំពេញជាឆ្នេរធម្មជាតិនោះទេ។ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកែបខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីពង្រីក គោលដៅទេសចរ ជំរុញបង្វែរទិស រៀបចំឲ្យប្រជាពលរដ្ឋទៅតំបន់ឆ្នេរអង្គោលខ្លះ។
ជាមួយគ្នានេះ ឯកឧត្តម កែន សត្ថា ក៏បានអំពាវនាវឲ្យអ្នកវិនិយោគិនបរទេស មកបណ្តាក់ទុននៅខេត្តមួយនេះផង ខណៈរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកខេត្តកែប ជាតំបន់ទេសចរណ៍សម្រាកលម្ហែកម្រិតខ្ពស់ ។
គួរបញ្ជាក់ផងដែរថា ការអភិវឌ្ឍខេត្តកែបឱ្យក្លាយទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់នេះ គឺរាប់បញ្ចូលទាំងទីក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែទេសចរណ៍ ភូមិដ្ឋានប្រជាពលរដ្ឋ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក៏ដូចជារមណីយដ្ឋានទេសចរណ៍នានាផងដែរ ប៉ុន្តែអាចនឹងមិនមានការបង្កើតឱ្យមាន «កាស៊ីណូ» និងរោងចក្រសហគ្រាសឡើយ៕
ចុចអាន៖ ក្នុងរយៈពេល១០ថ្ងៃ ប្រជាពលរដ្ឋ យកយានយន្តទៅឆៀក ជាង២ម៉ឺនគ្រឿង
ដោយ៖ វីរៈ