ការគាំទ្រ Original song នាពេលបច្ចុប្បន្ននេះក្លាយជារបត់ថ្មីមួយក្នុងចំណោមយុវជនស្រទាប់ក្រោយ​



ការលួចចម្លងបទបរទេសដោយខុសច្បាប់បានកើតមានអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងឧស្សាហកម្មតន្ត្រីនៅកម្ពុជា ប៉ុន្តែពេលនេះការគាំទ្រ បទចម្រៀងដែលមិនចំលងបទបរទេសបានក្លាយជារបត់ថ្មីមួយក្នុងចំណោមយុវជនស្រទាប់ក្រោយ ហើយនេះជាឱកាសថ្មីនៃការអភិវឌ្ឍនៃឧស្សាហកម្មតន្ត្រីរបស់ប្រទេសកម្ពុជា។ 

កញ្ញា ចិត្ត កញ្ចនា ដែលត្រូវបានមិត្តយុវវ័យជាច្រើនក្នុងប្រទេសកម្ពុជាស្គាល់ថាជាតារាចម្រៀងយុវវ័យ និងនិពន្ធបទចម្រៀងដែលមិនចម្លងគេ។ កញ្ញាបាននិយាយថា៖ «កញ្ញាមានចិត្តសប្បាយរីករាយដែលឃើញកូនខ្មែរឥឡូវងាកមកគាំទ្រ និងឲ្យតម្លៃលើវិស័យចម្រៀងរបស់ជាតិ ដែលធ្វើឲ្យចំរៀងមិនចម្លងគេ (original song) ខ្មែរនាពេលបច្ចុប្បន្ននេះមានការរីកចម្រើន»។ 

ត្រឡប់មកអតីតកាល កញ្ចនា បានក្លាយជាសិល្បករខ្មែរលេចធ្លោក្នុងប្រទេសកម្ពុជាបន្ទាប់ពីចេញផ្សាយបទចម្រៀងមួយចំនួនដូចជាបទចម្រៀង ឈឺ កាលពីឆ្នាំ ២០១៣ និងបទ អ្នកដទៃ ក្នុងឆ្នាំ ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ កញ្ញាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសយុវជនជំនាន់ក្រោយ ដោយសារតែការច្នៃប្រឌិតមិនចម្លងពីបរទេស និងការចេះនិពន្ធទំនុកច្រៀងដោយខ្លួនឯងយ៉ាងពិរោះ។ 

កញ្ញាបានបន្ថែមថា៖ «ការដែលធ្វើឲ្យទស្សនិជនមានការគាំទ្រនូវចំរៀង original song នេះ គឺដោយសារតែការផលិតបទចម្រៀងថ្មីមិនចម្លងគេ ភ្ជាប់ជាមួយតថភាពក្នុងសង្គម បទពិសោធន៍ជីវិតផ្ទាល់ខ្លួន អប់រំ ស្នេហា និងការស្រឡាញ់សិល្បៈវប្បធម៌ខ្មែរជាដើម ដែលទាក់ទាញអារម្មណ៍អ្នកស្តាប់មកចាប់អារម្មណ៍»។

យ៉ាងណាមិញ កញ្ញា Ny Nobel ប្រធានគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុន DKSH បានឲ្យដឹងថា៖ «កាលពីមុនបទចម្រៀងភាគច្រើនចម្លងពីគេដោយគ្មានការនិពន្ធ និងច្នៃប្រឌិតស្នាដៃដោយខ្លួនឯង។ ការមិនបង្កើនគុណភាពសរសេរបទចម្រៀងនេះបានបណ្ដាលឲ្យមហាជនរិះគន់ថា បទចម្រៀងសម័យថ្មីល្បីមិនយូរស៊ូនឹងបទចម្រៀងចាស់មិនបាន។ បទចម្រៀងដែលខ្វះគុណភាពនេះហើយដែលជាហេតុបណ្ដាលឲ្យបាត់បង់កិត្តិយស និងកិត្យានុភាពរបស់កម្ពុជា»។

ជាអ្នកមានបទពិសោធរៀបចំកម្មវិធីប្រគុំតន្រ្តីជាច្រើន កញ្ញាបានបន្ថែមថា៖ «បច្ចុប្បន្នចំរៀងខ្មែរមានការមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ពីព្រោះចំរៀងខ្មែរមានស្តង់ដា MV មានស្តង់ដា ទំនុកច្រៀង(Lyric) មានស្តង់ដា និងមានអត្ថន័យត្រឹមត្រូវ»។

គួររំព្ញកផងដែរថា កាលពីឆ្នាំ ២០១៣ កញ្ញា Ny Nobel និងមិត្តភក្តិផ្សេងទៀត បានផលិតអាល់ប៊ុមចម្រៀងមិនចម្លងពីគេដោយខ្លួនឯងផ្ទាល់ដែលមានឈ្មោះថា «ដើម្បីកូនខ្មែរ» ក្នុងគោលបំណងយកប្រាក់ដែលបានពីការលក់ CD ទៅជួយកុមារកំព្រា។ ពេលនោះ CD ចំនួន ១ ០០០ ត្រូវបានលក់ដាច់ ក្នុងតម្លៃ ១០ ០០០ រៀលក្នុងមួយបន្ទះ។ បន្ថែមពីនោះ កញ្ញាក៏បានផ្តួចផ្តើមរៀបចំកម្មវិធីប្រគុំតន្រ្តីមិត្តយើងកាលពីឆ្នាំ ២០១៥ ក្នុងគោលបំណងលើកម្ពស់វិស័យសិល្បៈចម្រៀងខ្មែរផងដែរ។

ទន្ទឹមនឹងការគាំទ្រពីមហាជន យើងសង្កេតឃើញថាក៏មានការចូលរួមគាំទ្រពីស្ថាប័នឯកជននានា ដើម្បីគាំទ្រនៃការបញ្ឍប់ការលួចចម្លងបទបរទេស ងាកមកបង្កើតអ្វីដែលថ្មី និងផលិតដោយខ្លួនឯង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន smart កាលពីឆ្នាំ ២០១៦ ក្រុមហ៊ុន Smart បានប្រកាសពីជំហររបស់ខ្លួនក្នុងការគាំទ្រដល់សិល្បករតន្ត្រីក្នុងស្រុក ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្សាន្តរបស់ប្រទេសកម្ពុជា។ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការការពារកម្មសិទ្ធិបញ្ញានៃការផលិតតន្ត្រីក្នុងស្រុកនិង បង្កើនការលើកទឹកចិត្តរបស់សាធារណជនកម្ពុជាដើម្បីអោយមានការផលិតជាចម្រៀងខ្មែរឲ្យកាន់តែច្រើនទៀត។

ក្នុងនោះផងដែរ ក្រុមហ៊ុន Smart ក៏បានបង្កើតកម្មវិធីតន្រ្តី Smart Music  និង Pleng ដែលជា កម្មវិធីមួយដើម្បីទាញយកតន្ត្រីថ្មីមិនចម្លងគេនៅកម្ពុជា ឬជាភាសាអង់គ្លេសថា Original music ដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុដល់សិល្បករនៅក្នុងប្រទេសកម្ពុជា។

ទោះបីចំរៀង original song មានការរីកចម្រើន និងគាំទ្រពីមហាជនក្តី ក៏ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ។ ធនធានមនុស្សគឺជាផែ្នកមួយយ៉ាងសំខាន់ដែលធ្វើធ្វើឲ្យចំរៀងខ្មែរមានការរីកចម្រើននាពេលអនាគត។ កញ្ញា កញ្ចនា បានឲ្យដឹងថា «ក្រៅពីការចំណាយទាំងពេលវេលា ថវិកា កម្លាំង និងគំនិត អ្វីដែលជាកង្វះខាតគឺធនធានមនុស្ស (producer) ក្នុងការតាក់តែងបទចំរៀងដោយសារតែយើងដើរក្រោយគេបន្តិច»។

កញ្ញានឹងសង្ឃឹមថា ចំរៀងខ្មែរនឹងមានការរីកចម្រើននៅពេលខាងមុខ និងយុវជនខ្មែរនៅតែបន្តការគាំទ្រនូវស្នាដៃចម្រៀងរបស់កូនខ្មែរកាន់តែច្រើនឡើងៗ នឹងលែងមានការចម្លងបទពីបរទេសតទៅទៀត។

ត្រឡប់មកកាន់កញ្ញា  Ny Nobel វិញ បានវិភាគថាចំរៀងខ្មែរនៅមានការរីកចម្រើនបន្ថែមទៀតនាពេលខាងមុខ។ កញ្ញាក៏បានមានគំនិតបន្ថែមថា៖ «អ្នកដឹកនាំពីក្រោយសិល្បៈករគួរតែមានចក្ខុវិស័យឲ្យខ្ពស់សិល្បករមានគំនិតច្នៃប្រឌិតបន្ថែម ចូលរួមការងារសង្គមឲ្យបានច្រើន និងជៀសវាងនៅឲ្យបាននូវបញ្ហាអវិជ្ជមានដូចជាចូលក្លឹប ផឹកស្រា ប្រើប្រាស់គ្រឿងញៀនឲ្យបាន ដើម្បីឲ្យសិល្បៈករខ្មែរមានតម្លៃ។»

លោក Jonh Roger ជាអ្នកគាំទ្រចម្រៀង original song បានមានចំណាប់អារម្មណ៍ថា៖ «ចំរៀងទាំងនេះនឹងជួយខ្ញុំឱ្យជាសះស្បើយនាពេលដែលខ្ញុំមានបញ្ហា ដូចនេះតន្ត្រីបានជួយខ្ញុំ ដោយសារបទចំរៀងដែលសិល្បករយើងបាននិព្ធន្ធទាក់ទងជាមួយបញ្ហាពិតក្នុងសង្គម»។

លោកបានបន្ថែមថា៖ «អ្វីដែរសំខាន់ពួកគាត់ត្រូវការកម្លាំងចិត្ត ត្រូវការ ឱកាសច្រើនដើម្បីឲ្យខ្លួនអាចនឹងមានគេស្គាល់ និងអាចមានកម្លាំងចិត្តផលិតតទៅទៀត ដើម្បីឲ្យប្រទេសយើងកាន់តែមានបទផលិតដោយខ្លួនឯងកាន់តែច្រើន លុបបំបាត់បទចម្លងបរទេស តាមលទ្ធិភាពទោះបានតិចឬច្រើន។ ដូច្នេះខ្ញុំមានមោទកភាពដែលប្រទេសខ្មែរអាចមានបទចម្រៀងច្រៀងដោយខ្លួនឯង និង និពន្ធបទស្នាដៃថ្មីមិនចម្លងបរទេស»៕ 

ដោយ៖ នូ វិរៈ

 

X
5s