ឯកឧត្តម លី សូវ៉ាន់៖ ១១៥ ជា​លេខអាយុជីវិតមិន​មែនជា​លេខ​សម្រាប់​លេងសើចទេ សូម​កុំ​បង្ក​ការ​រំខាន​​



ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាល វេជ្ជបណ្ឌិត លី សូវ៉ាន់ បានសំណូមពរដល់ប្រជាពលរដ្ឋកុំតេមករំខានលេងសើចលេខ ១១៥  ខណៈស្ថានភាពកូវីដ ១៩ នៅកម្ពុជាហាក់ស្ងប់ស្ងាត់បន្តិច តែចំនួនអ្នករំខានចំពោះប្រព័ន្ធទូរស័ព្ទ ១១៥ បែ ជាកើនឡើងប្រមាណដល់ទៅ ៧០%។

ការលើកឡើងនេះធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មាន ស្ដីអំពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខាភិបាល។ 

ឯកឧត្តម លី សូវ៉ាន់ បានលើកឡើងថា៖ «តាំងពីមានករណីជាសះស្បើយច្រើនហើយគ្មានករណីថ្មី ការ ទូរស័ព្ទលេខមកកាន់លេខ ១១៥ ក៏មានការធ្លាក់ចុះ ហើយពីមុនមានតែ ៣០% តេមករំខាន ឥឡូវនេះប្រហែល ៧០%។»

នៅក្នុងឱកាសនេះ ឯកឧត្តម លី សូវ៉ាន់ ក៏សំណូមពរទៅដល់បង ប្អូន ប្រជាពលរដ្ឋទូទាំងប្រទេសជាអាណាព្យាបាល សិក្សានុសិស្ស អប់រំគ្នា កុំតេមករំខានលេងសើចលេខ ១១៥ ពីព្រោះលេខ ១១៥ មិនមែនលេងសម្រាប់លេងសើចទេ គឺជាលេខអាយុជីវិតរបស់យើងទាំងអស់គ្នាផងដែរ។ 

ឯកឧត្តមបានបញ្ជាក់ថា ចំនួនអ្នកដែលទំនាក់ទំនងមកលេខ ១១៥ មានប្រហែល ១០០០ នាក់ក្នុងមួយថ្ងៃ ប៉ុន្តែគ្រាន់តែមានអ្នករំខានច្រើន។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា សម្រាប់អ្នកចង់ដឹងព័ត៌មានពិតប្រាកដ ប្រហែលពួកគាត់បានទទួលបានព័ត៌មានច្រើនហើយ ដោយសារតែមានការផ្សព្វផ្សាយអប់រំ មានសន្និសីទសារព័ត៌មាន ប្រហែលជាពួកគាត់យល់ដឹងច្រើន។ 

គួរបញ្ជាក់ផងដែរថា លេខ១១៥ គឺជាលេខទូរសព្ទសម្រាប់ឲ្យប្រជាពលរដ្ឋសាកសួរ ផ្តល់ព័ត៌មាន និងឆ្លើយឆ្លងរាល់ការសង្ស័យទាំងឡាយណាពាក់ព័ន្ធនឹង COVID-19។ 

ចំពោះបច្ចុប្បន្នភាពនៃជំងឺកូវិដ ១៩ ក្នុងប្រទេស គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់៕

ដោយ៖ វីរៈ

 

X
5s