កម្ពុជា៖ ក្នុងវិបត្តិកូវិដ ១៩ SMEs បម្រើសេវាផែ្នកចំណីអាហារមិនជារងផលប៉ះពាល់ធ្ងន់ធ្ងរពេកទេ​



SMEs ដែលបម្រើសេវាផែ្នកចំណីអាហារមិនរងផលប៉ះពាល់ធ្ងន់ធ្ងរពេកទេ ដោយសារការផ្គត់ផ្គង់ចំណីអាហារភាគច្រើននៅក្នុងស្រុកនៅតែមានតម្រូវការ ហើយបណ្តាលប្រទេសមួយចំនួនបិទការនាំចេញ ដោយសារវិបត្តិកូវិដ ១៩ ជំរុញដល់ការផ្គង់ក្នុងស្រុកកាន់តែច្រើនថែមទៀត។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «គម្រោងសហហិរញ្ញប្បទានទ្រទ្រង់ SME នៅកម្ពុជា» នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័នសមាគមសហគ្រាសធនតូច និងមធ្យមកម្ពុជា បានលើកឡើងថា SMEs ផ្នែកចំណីអាហារភាគច្រើនផ្គត់ផ្គង់ក្នុងស្រុក មានតែផលិតផលមួយចំនួនដែលមានស្តង់ដារគឺនាំចេញទៅក្រៅប្រទេស។ 

លោកឧកញ៉ា តែ តាំងប៉ បានបន្ថែមថា ៖ «រឿងកូវិដ ១៩ និង SMEs ផ្នែកចំណីអាហារអត់មានបញ្ហាបារម្ភរឿងខ្ចីលុយគេហើយផលិតហើយអត់នាំចេញទេ ប្រហែជាខ្ញុំគិតថាមិនប៉ះពាល់ទេ តែប៉ះពាល់ពាល់ដល់ SMEs ផ្នែក¬ឧស្សាហកម្មកាត់ដេរ ដែលសហគមន៍អ៉ុរ៉ុប និងសហរដ្ឋអាមេរិកគេផ្អាកការបញ្ជាទិញ អានឹងវាមានផលប៉ះពាល់»។

ប្រធានសម្ព័នសមាគមសហគ្រាសធនតូច និងមធ្យមកម្ពុជារូបនេះបានបន្ថែមថា តាំងពីមានវិបត្តិកូវិដ ១៩ បណ្តាលឲ្យប្រទេសមួយចំនួនផ្អាកការនាំចូលផលិតផលសម្រេចពីបរទេសមកកម្ពុជា ដែលជាហេតុធ្វើឲ្យផលិតផលក្នុងស្រុកលក់បានកាន់តែច្រើនថែមទៀត។  

លោកឧកញ៉ា តែ តាំងប៉ មានប្រសាសន៍បន្ថែមថា៖ «ចំណែកការប៉ះពាល់ គ្រាន់តែប៉ះពាល់លើផលិតផលមួយចំនួនដែលយើងលក់ឲ្យទួរីស ដូចជាផលិតផលដំណាំស្វាយ សម្រាប់លក់ឲ្យបរទេសផ្អាកដោយសារការធ្វើចរាចរណ៍ពិភពលោក វាអត់មាន»។

យ៉ាងណាមិញ លោក ឈា ឡាយហ៊ី ជាប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ បានថ្លែងថា៖ «យើងចែកជាពីប្រភេទ គឺប្រភេទជាចំណីអាហារ និងប្រភេទមិនមែនជាចំណីអាហារ។ អ្នកដែលប៉ះពាល់ខ្លះជាងគេគឺ ប្រភេទមិនមែនចំណីអាហារ គឺគាត់រងផលប៉ះពាល់ខ្លាំង»។ 

លោក បានថ្លែងថា៖ «ចំពោះប្រភេទចំណីអាហារមិនមែនគាត់មិនប៉ះពាល់ទេ គឺមានផលប៉ះពាល់ការលក់គាត់របស់គាត់ធ្លាក់ចុះមួយកម្រិត តែគាត់អាចដោះស្រាយបានខ្លះ ទៅតាមប្រភេទអាជីវកម្មរបស់គាត់ផងដែរ»។

ជាមួយគ្នានេះ លោក ឈា ឡាយហ៊ី បានសង្កេតឃើញថា នៅក្នុងវិបត្តិកូវិដបានផ្ទុះឡើងក្នុងអំឡុងខែមិនា គឺអាជីវម្មប្រភេទអាហារមានការកើនឡើងខ្លាំង ក៏ប៉ុន្តែក្នុងអំឡុងខែមេសា និងដើមខែឧសភា មានការធា្លក់ចុះ។ 

លោកបានបន្ថែមថា៖ « យើងកំពុងគិតថា មកពីមនុស្សអត់ទាន់ចង់ចាយលុយនៅពេលនឹង ឬក៏សន្សំ ព្រោះនៅពេលផ្ទុះកូវិដ គាត់នាំគ្នាទៅទិញឥវ៉ាន់ទុកអស់ហើយ ទំនិញមួយចំនួនពួកគាត់ទិញដាក់នៅផ្ទះគាត់។ នេះយើងគ្រាន់តែវិភាគ មិនទាន់អាចយកជាផ្លូវការបានទេ ប៉ុន្តែយើងនឹងរកមូលហេតុបន្ថែមទៀត»។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា គិតត្រឹមឆ្នាំ២០១៩ ចំនួនសហគ្រាសធុនតូច មធ្យមនិងសិប្បកម្មផ្នែកកម្មន្តសាល សរុបចំនួន ៥២,១៥៥មូលដ្ឋាន និងផ្តល់ការងារចំនួន ៨២៤,២៤៥នាក់៕

ដោយ៖ នូ វិរៈ

 

X
5s