កំណើនភ្ញៀវទេសចរមកខេត្តកំពតកំពុងវិលត្រឡប់មករកសភាពប្រសើរវិញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ​



កំណើនភ្ញៀវទេសចរមានមកលេងខេត្តកំពតកើនឡើងវិញហើយ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈពេលខ្លីដោយសារការរាតត្បាតនៃជំងឺកូវិដ ១៩ ខណៈពេលដែលកាលពីសប្តាហ៍មុននេះទទួលភ្ញៀវទេសចររហូតដល់ជាង ២ ម៉ឺននាក់។ 

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី ៨ ខែឧសភានៅទីស្តីការគណៈរដ្ឋមន្ត្រី លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឲ្យដឹងថា រយៈពេល ៤ខែគឺចាប់ពីខែមករាដល់ខែមេសាដែលមានបញ្ហាកូវិដ ១៩ បានធ្វើឲ្យភ្ញៀវទេសចរធ្លាក់ចុះខ្លាំងប៉ុន្តែមិនបានប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ខេត្តកំពត គឺធ្លាក់ចុះតែភ្ញៀវបរទេស។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតរូបនេះបានបន្ថែមថា «សម្រាប់ភ្ញៀវទេសចរនៅក្នុងខែ៤ គ្រាន់តែរដ្ឋាភិបាលបានបើករបាំងការឆ្លងកាត់ខេត្តដែលពេលរដ្ឋាភិបាលមានគម្រោងថាបើករបាំងនៅយប់ថ្ងៃទី ១៦ ភ្ញៀវទេសចរអញ្ជើញទៅកាន់ខេត្តកំពតវិញមានបណ្តើរ។ អញ្ចឹងចាប់ពីពេលនោះ មកដល់ពេលភ្ញៀវក្នុងស្រុកហាក់ដូចជាចង់វិលត្រឡប់មករកភាពប្រសើរវិញ មានន័យថាមានចំនួនមិនតិចជាងកាលពីមុនមានព្រឹត្តិការណ៍កូវិដ១៩ នោះទេ»។

សូមបញ្ជាក់ផងដែលថា កាលពីឆ្នាំ ២០១៩ កន្លងទៅខេត្តកំពត ទទួលបានភ្ញៀវទេសចរណ៍ ១លាន ៦ សែននាក់៕

ដោយ៖ វីរៈ

X
5s