អភិបាលរងខេត្តកំពត៖ ដំណើរការផលិតអំបិលក្នុងខេត្តកំពតមិនមានអ្វីជាឧបសគ្គនោះទេ
បើទោះបីជាកន្លងមក ផលិតកម្មជួបការលំបាកមួយចំនួនដូចជាបញ្ហាអាកាសធាតុ និងដើមទុនសម្រាប់ធ្វើអាជីវកម្មយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះដំណើរការផលិតអំបិល ក្នុងខេត្តកំពតនៅតែបន្តដំណើរការទៅដូចធម្មតា។
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពត » នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ភូ លិ អភិបាលរងនៃគណៈអភិបាលខេត្តកំពតបានថ្លែងថា នេះជាមោទនភាពសម្រាប់ខេត្តកំពតគឺជាកន្លែងផលិតអំបិលហើយដែលបានចែកចាយជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ដែលជាអំបិលមានគុណភាពល្អ។
អភិបាលរងគណៈអភិបាលខេត្តកំពតរូបនេះ បានបន្ថែមថា៖ «កន្លងមកពេលដែលសហគមន៍អំបិលកើតឡើងសហគមន៍អំបិលក៏មានការព្រួយបារម្ភថា ពេលដែលផលិតអំបិលបានច្រើន យើងពិបាករកទីផ្សារប៉ុន្តែកន្លងទៅមកដោយសារតែបម្រែបម្រួលអាកាសធាតុ វិបត្តិផលទុន ធ្វើឲ្យអ្នកផលិតអំបិលមានការលំបាកបន្តិច»។
ចំពោះបញ្ហាអំពីផលិតអំបិលនេះ លោក ភូ លិ បានបញ្ជាក់ថា បច្ចុប្បន្នថ្នាក់ដឹកនាំក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្ដន៍ រួមជាមួយនឹងគណៈអភិបាលខេត្តកំពតកំពុងខិតខំធ្វើយ៉ាងណារឹតត្បឹតអំបិលដែល មានសារធាតុគីមីនាំចូលមកពីប្រទេសជិតខាងយកចែកចាយក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែលថា ក្នុងរយៈ៤ខែ ឆ្នាំ២០២០នេះ ការផលិតអំបិលនៅក្នុងខេត្តកំពត បានចំនួន២៧,៧៧៥ តោន ក្នុងនោះផ្គត់ផ្គង់ទៅទីផ្សារ ចំនួន១២,៣៣២ តោន៕
ដោយ៖ វីរៈ