ប្រកាសបន្ធូរបន្ថយការរឹតត្បិតសង្គមបានប៉ុន្មានថ្ងៃ អាល្លឺម៉ង់ផ្ទុះករណីឆ្លង Covid ជាចង្កោមយ៉ាងខ្ពស់​



ករណីឆ្លងកូវីដ ១៩ នៅក្នុងប្រទេសអាល្លឺម៉ង់ហាក់មានការកើនឡើងវិញ ក្នុងល្បឿនលឿនបើយកទៅតាមទិន្នន័យជាផ្លូវការបានបង្ហាញកាលពីថ្ងៃអាទិត្យក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះដែលអធិកាបតីអាល្លឺម៉ង់លោកស្រី Angela Merel បាននិយាយថាប្រទេសរបស់ខ្លួនអាចនឹងត្រឡប់មកសភាពធម្មតាវិញ។ នេះយកតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Post នាព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ នេះ។

វិទ្យាស្ថានសុខភាពសាធារណៈ Robert Koch Institute បាននិយាយថាអត្រានៃការផលិតនៃចំនួនអ្នកឆ្លង ឬអត្រាចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នៅក្នុងប្រទេសអាល្លឺម៉ង់បានកើនឡើងរហូតដល់ ១,១ (R0 1.1) ព្រោះនេះជាពិន្ទុដែលគេបានកំណត់ ហើយ Robert Koch institute ក៏បានព្រមានដែរថាដើម្បីឲ្យអត្រាឆ្លងស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ហើយល្បឿននៃការឆ្លងលុះត្រាតែ R0<1។ កាលពីថ្ងៃពុធសប្ដាហ៍មុនទិន្នន័យនៃការឆ្លងបានបង្ហាញថា R0 មានប្រមាណត្រឹម ០,៦៥ ប៉ុណ្ណោះ ប៉ុន្តែគិតមកដល់ថ្ងៃអាទិត្យអត្រាឆ្លងនេះបានលោតឡើងរហូតដល់ ១,១ ហើយករណីឆ្លងថ្មីនេះត្រូវបានរកឃើញជាចង្កោមនៅតាមទីសត្តឃាត នៅតាមផ្ទះថែទាំមនុស្សចាស់។ ទោះជាមានការប្រកាសពីការព្រួយបារម្ភលើករណីរលកទី ២ ក៏ដោយ តែប្រជាជនអាល្លឺម៉ង់រាប់ពាន់នាក់បានចេញមកធ្វើការតវ៉ានៅតាមដងផ្លូវលើការរឹតបន្តឹងសុវត្ថិភាពសង្គមនេះ។

កាលពីថ្ងៃពុធសប្តាហ៍មុនលោកស្រីអធិការបតី Angela Merkel បានថ្លែងថាប្រទេសអាល្លឺម៉ង់អាចនឹងត្រឡប់មកសភាពធម្មតាវិញហើយក៏បានប្រកាសបន្ធូរបន្ថយនូវការរឹតត្បិតសង្គម។ ហាងមួយចំនួន និងសួនកុមារភាគច្រើនបានបើកដំណើរការឡើងវិញ ក្មេងៗក៏កំពុងត្រៀមធ្វើត្រឡប់ទៅសាលារៀន ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ និងកន្លែងគោរពបូជាបែបសាសនាមួយចំនួន រួមទាំងរដ្ឋមួយចំនួនក៏ត្រូវធ្វើការបើកឡើងវិញ។ ប៉ុន្តែរឿងដែលមិនអាចនឹកស្មានក្រោយការបន្ធូរបន្ថយការរឹតត្បិតត្រឹមត្រូវរយៈពេលប៉ុន្មានថ្ងៃធ្វើឲ្យប្រទេសអាល្លឺម៉ង់មានការកើនឡើងអ្នកឆ្លងយ៉ាងឆាប់រហ័ស ហើយនៅពេលនេះអាជ្ញាធរមូលដ្ឋានអាល្លឺម៉ង់បានត្រៀមរៀបចំវិធានការសង្គមឡើងវិញប្រសិនបើអត្រាឆ្លងមានការកើនឡើងខ្ពស់ជាង ៥០ ក្នុងចំនោមប្រជាជន ១០០,០០០ នាក់ក្នុងរយៈពេលមួយសប្តាហ៍។

កន្លែងសត្តឃាតនៅក្នុងស្រុក Coesfeld ក្នុងរដ្ឋ North Rhine-Westphalia ត្រូវបានគេរកឃើញថាជាកន្លែងដែលមានប្រជាជនអាល្លឺម៉ង់ឆ្លងកូវីដ ១៩ ច្រើនជាងគេ ដែលក្នុងនោះបុគ្គលិក ២០០ នាក់ក្នុងចំណោម ១,២០០នាក់ ត្រូវបានរកឃើញថាផលផ្ទះវិជ្ជមាន ហើយភាគច្រើនពួកគេគឺជាកម្មករបរទេសមកពីរកខាងកើតហើយបានរស់នៅក្នុងផ្ទះរួមជាមួយគ្នា។ រដ្ឋាភិបាល តាមរយៈអាជ្ញាធរក្នុងតំបន់បានដាក់បញ្ជាឲ្យកម្មករនៅតាមទីសត្តឃាតនៃរដ្ឋទាំងអស់ក្នុងប្រទេសត្រូវធ្វើតេស្តដើម្បីរកវីរុស ហើយក៏បានពន្យារពេលរឹតបន្តឹងលើសន្តិសុខសង្គមបន្ថែមទៀត

គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ នេះ ប្រទេសអាល្លឺម៉ង់មានអ្នកឆ្លងសរុបចំនួន ១៧១,៨៧៩នាក់ នៅមានអ្នកបាត់បង់ជីវិតចំនួន ៧,៥៦៩នាក់ ហើយអាល្លឺម៉ង់ជាប្រទេសដែលឈរនៅលំដាប់លេខ ៧ លើពិភពលោកក្នុងចំណោមប្រទេសដែលមានអ្នកឆ្លងកូវីដ ១៩ ច្រើនជាងគេលើពិភពលោក៕

 

X
5s