COVID-19៖ រដ្ឋមន្ត្រីក្រសួងអប់រំដាក់សំណើទៅសម្ដេចតេជោ បន្តពន្យារជាពេលនៃការបើកសាលារៀនឡើងវិញ​



កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមហង់ជួន ណារ៉ុន បានដាក់សំណើជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើសំណើសុំពន្យារពេលនៃការបើកគ្រឹះស្ថានសិក្សាគ្រប់ប្រភេទគ្រប់កម្រិតឡើងវិញ ក្នុងគោលបំណងតាមដានស្ថានភាពនៃជំងឺកូវីដ ១៩ និងបង្ការកុំឱ្យមានការឆ្លងក្នុងសហគមន៍ ជាពិសេសបង្ការរលកទី ២។ 

សំណើនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំអន្តរក្រសួងរបស់រដ្ឋាភិបាលដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈមួយចំនួនបានលើកសំណូមពរមកក្រសួងអប់រំ យុវជន និងកីឡា ឱ្យធ្វើការបើកដំណើរការសាលារៀនឡើងវិញនៅសប្តាហ៍ទី ៤ ខែឧសភា ឬនៅដើមខែមិថុនា ឆ្នាំ២០២០ ឬនៅពេលណាមួយថាមុខ។

ការដែលក្រសួងអប់រំដាក់សំណើសុំបន្តពន្យារពេលនៃការបើកសាលារៀននិងគ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទឡើងវិញនេះដោយមានការព្រួយបារម្ភពីសុវត្ថិភាពអាយុជីវិត សុខភាពរបស់សិស្សនិស្សិតនិងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដែលមានប្រមាណជាង ៣ លាននាក់នៅទូទាំងប្រទេស។ នៅក្នុងសំណើនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ក៏បានសង្កត់ធ្ងន់ដែរថា យើងមិនគួរប្រថុយប្រថានខ្លាំងពេកឡើយ ដែលយកប្រទេសសិង្ហបុរីជាគំរូ គឺការបណ្ដែមានការឆ្លងរាលដាលនៃជំងឺនេះចូលទៅក្នុងសាលារៀន នៅអន្តេវាសិកដ្ឋានកម្មករ ដែលធ្វើឲ្យស្ថានភាពនៃការគ្រប់គ្រងលែងបាន។ ឯកឧត្តមក៏បានមានប្រសាសន៍បន្ថែមនៅក្នុងសំណើដូចគ្នាថា គួរចាំមើលសភាពការណ៍វិវត្តន៍បន្តទៀត ហើយសម្រេចចិត្តបើកសាលារៀននៅឆ្នាំ ២០២០ ក៏មិនយឺតពេកដែរ។

ខាងក្រោមនេះគឺជាសំណើដែលក្រសួងអប់រំយុវជននិងកីឡាបានដាក់ជូន សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន៖

X
5s