មេរៀន​ហិរញ្ញវត្ថុ​ចំនួន ៤ ដែល​ជំងឺ​កូវីដ ១៩ កំពុង​បង្រៀន​មនុស្ស​គ្រប់គ្នា​នៅ​ពេល​នេះ​



ស្ថានភាព​ជំងឺ​កូវីដ ១៩ កំពុង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ស្ថិត​នៅ​ក្នុង​ភាព​ត្រដាបត្រដួស ហើយ​មិន​ទាន់​មាន​នរណា​អាច​ព្យាករណ៍​បាន​ទេ​ថា ជំងឺ​មួយ​នេះ​នឹង​បន្ត​អូស​បន្លាយ​ទៅ​មុខ​ដល់ ពេល​ណា​នោះ​ទេ។ តិច​ឬ​ច្រើន​មក​ដល់​ពេល​នេះ មនុស្ស​​មិន​ក្រោម​ពាន់​លាន​នាក់​ទេ​នៅ​ជុំវិញ​ពិភពលោក​​ដែល​កំពុង​​ភ្លក់​រសជាតិ​ល្វីងជូរចត់​បាត់បង់​ការងារ​ធ្វើ ឬ​ខាតបង់​ប្រាក់​ចំណូល​ទាំង​មិន​នឹកស្មាន​ដល់។ 

​នេះ​ជា​មេរៀន​​មួយ​​ដែល​អ្នក​ត្រូវ​យកចិត្ត​ទុកដាក់​ថា តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​ការ​សម្រេចចិត្ត​ហិរញ្ញវត្ថុ​របស់​អ្នក​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​ជាង​មុន​សម្រាប់​​បញ្ចៀស​បញ្ហា​ដដែលៗ​កើត​មាន​ជា​ថ្មី​ម្តង​ទៀត​នៅ ពេល​ក្រោយ? នៅ​ថ្ងៃ​នេះ Bizkhmer លើក​យក​មេរៀន ៤ ​ចំណុច​ដែល​អ្នក​គួរ​អនុវត្ត​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​​​៖ ​

១.ទំនុក​ចិត្ត​ខ្លាំង​ពេក​​​ធ្វើ​​ឲ្យ​ការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​មាន​ភាព​ចន្លោះប្រហោង
​គ្មាន​នរណា​ម្នាក់​នឹកស្មាន​ដល់​ថា ជំងឺ​កូវីដ ១៩ ធ្វើ​ឲ្យ​​សេដ្ឋកិច្ច​ពិភពលោក​​ជួប​​​វិបត្តិ​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​នេះ​ទេ។​​​  មុន​ដំបូង​អ្វីៗ​គ្រប់​យ៉ាង​ហាក់​ដូច​ជា​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ​​ហើយ​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ការ​សម្រេចចិត្ត​ហិរញ្ញវត្ថុ​​ដូច​ធម្មតា​គ្មាន​​​អ្វី​ប្រែប្រួល​ទេ​  ចំណាយ​កាន់តែ​ច្រើន យក​លុយ​ទៅ​វិនិយោគ​​នេះ​វិនិយោគ​នោះ​ និង​សន្សំ​បាន​តិចតួច​។ ប៉ុន្តែ​អ្វីៗ​វា​បាន​ប្រែប្រួល​​នៅ​ពេល​នេះ​។  អ្នក​ដែល​ធ្លាប់​គិត​ថា ការងារ​របស់​ខ្លួន​នឹង​ល្អ​​ប្រសើរ​ ជំនួញ​របស់​ខ្លួន​​រឹងមាំ​អាច​រក​ចំណូល​បាន​ច្រើន នៅ​ទី​បំផុត​ក៏​ក្លាយ​ទៅ​ជា​អ្នក​រងគ្រោះ​។ ​​នេះ​បាន​ឆ្លុះបញ្ចាំង​ថា ភាព​ជឿជាក់​ហួសហេតុ​នាំ​ឲ្យ​មាន​ការ​សម្រេចចិត្ត​ហិរញ្ញវត្ថុ​ខុស ហើយ​​មើលងាយ​​ស្ថានការណ៍​ដែល​នាំ​ទៅ​រក​ការ​បរាជ័យ​ហិរញ្ញវត្ថុ​។ 

២.អ្នក​ត្រូវតែ​​មាន​ប្រាក់​សន្សំ​សម្រាប់​គ្រាអាសន្ន
តិច​ឬ​ច្រើន​នៅ​ក្នុង​កាលៈទេសៈ​នេះ ប្រាក់​ចំណូល​ទាំង​អ្នក​ធ្វើ​ការ និង​អ្នក​រកស៊ី​​នឹង​ទទួល​រង​ផល​ប៉ះពាល់​។ នេះ​ច្បាស់​ណាស់​ថា អ្នក​ដែល​គ្មាន​ប្រាក់​សន្សំ​​សម្រាប់​ការ​ចំណាយ​នៅ​ពេល​មាន​គ្រាអាសន្ន (Emergency Fund) ជាប់​ក្នុង​ខ្លួន នឹង​​មាន​ហានិភ័យ​​ច្រើន​ជាងគេ។ ប្រសិន​បើ​អ្នក​មិន​ទាន់​បាន​រៀបចំ​ថវិកា​មួយ​ភាគ​សម្រាប់​គ្រាអាសន្ន​នេះ​ទេ អ្នក​នឹង​ជួប​បទពិសោធន៍​ហិរញ្ញវត្ថុ​ដ៏​ជួរ​ចត់​ថ្ងៃណាមួយ​នៅ ពេល​ខាងមុខ។ តើ​អ្នក​គួរ​មាន​ប្រាក់​សន្សំ​សម្រាប់​គ្រាអាសន្ន​ចំនួន​​ប៉ុន្មាន? អ្នក​គួរ​​ត្រៀម​ប្រាក់​​​​ក្នុង​ចំនួន​មួយ​ដែល​អាច​ឲ្យ​អ្នក​រស់​បាន​ពី ៣ ទៅ ៦ ខែ​ដោយ​គ្មាន​ប្រាក់​ចំណូល ឬ​ប្រាក់​ខែ​អាស្រ័យ​លើ​ចំនួន​មនុស្ស​​ពឹង​លើ​ប្រាក់ចំណូល​របស់​អ្នក។ អ្នក​ត្រូវ​ចាំ​ថា ​ដើម្បី​បញ្ចៀស​បញ្ហា​ហិរញ្ញវត្ថុ​ដោយ​ឥត​ព្រាងទុក​​​​នៅ​ថ្ងៃ​ណា​មួយ ​​​អ្នក​ត្រូវតែ​ត្រៀមខ្លួន​សន្សំ​ប្រាក់​សម្រាប់​គ្រាអាសន្ន​នេះ​ទុក​ឲ្យ​ហើយ។

៣.កាលៈទេសៈ​នេះ​បញ្ជាក់​ថា ការ​រក​ប្រភព​ចំណូល​ឲ្យ​បាន​ច្រើន​ជាង​​មួយ​គឺ​ជា​រឿង​ចាំបាច់​ណាស់
នេះ​ជា​មេរៀន​ដ៏ ល្អ​មួយ​សម្រាប់​​ជីវិត​អ្នក​ធ្វើ​ការ​ ឬ​អ្នក​រកស៊ី​ក្នុង​មុខ​ជំនួញ​ត្រឹមតែ​មួយ​​​កន្លែង​។ ហេតុផល​តែមួយគត់​ដែល​អ្នក​ត្រូវ​គិតគូរ​​ចំណុច​នេះ​ដោយសារ​តែ​ថា ប្រសិន​បើ​អ្នក​បាត់បង់​ការងារ ឬ​ជំនួញ​មួយ​របស់​អ្នក​មិន​អាច​ឲ្យ​អ្នក​រក​ចំណូល​បាន អ្នក​នឹង​បរាជ័យ​ហិរញ្ញវត្ថុ​ដែល​វា​ងាយ​នឹង​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ចូល​ក្នុង​វិបត្តិ​បំណុល។ អ្វី​ដែល​វិបត្តិ​​មួយ​នេះ​បាន​បង្រៀន​មនុស្ស​គ្រប់​គ្នា​នោះ​​គឺ​ថា​ ប្រាក់ចំណូល​​ច្រើន​ប្រភព​មិន​ត្រឹមតែ​អាច​ជួយ​ឲ្យ​អ្នក​ឈាន​ដល់​គោលដៅ​ហិរញ្ញវត្ថុ​របស់​អ្នក​នៅ​​ក្នុង​ស្ថានភាព​អំណោយផល​ប៉ុណ្ណោះ​ទេ​  ប៉ុន្តែ​វា​ក៏​អាច​ជួយ​​អ្នក​ឲ្យ​​ជៀស​ផុត​វិបត្តិ​ហិរញ្ញវត្ថុ​បាន​ដែរ​នៅ​ពេល​ដែល​​​សេដ្ឋកិច្ច​​មាន​បញ្ហា និង​​​បាត់បង់​ការងារ​ធ្វើ​។

៤.ការ​​ដាក់​កម្រិត​លើ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​គឺ​ជា​គន្លឹះ​ដ៏​សំខាន់​​សម្រាប់​អ្នក
សូម​ចាំ​ថា ប្រាក់​សន្សំ​សម្រាប់​ការ​ចំណាយ​នៅ​ពេល​មាន​គ្រាអាសន្ន គ្មាន​បំណុល និង​រក​ចំណូល​បាន​កាន់តែ​ច្រើន​ជា​ដើម គឺ​គ្មាន​ប្រយោជន៍​ឡើយ ប្រសិន​បើ​អ្នក​រស់​នៅ​គ្មាន​​គោលការណ៍​​ដាក់​កំហិត​លើ​ការ​ចំណាយ​របស់​អ្នក​​ឲ្យ​បាន​ត្រឹមត្រូវ។ ទន្ទឹម​នឹង​នេះ ការ​ត្រួតពិនិត្យ​ចំណូល​ចំណាយ​របស់​អ្នក​ឲ្យ​បាន​ហ្មត់ចត់​ក៏​នៅ​តែ​គ្មាន​ប្រយោជន៍​ដែរ ប្រសិន​បើ​អ្នក​មិន​បាន​កំណត់​ស្តង់ដារ​រស់នៅ​របស់​អ្នក​នៅ​ពេល​ចំណូល​របស់​អ្នក​កាន់តែ​កើន​ឡើង។ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ខ្ទង់​ចំណាយ​របស់​អ្នក​មក​កំណត់​ចំណូល​របស់​អ្នក ហើយ​បើ​​គ្មាន​លទ្ធភាព​រក​ចំណូល​បន្ថែម សូម​រក្សា​ការ​ចំណាយ​ឲ្យ​ទាប​ជាង​​ចំណូល​របស់​អ្នក៕

អត្ថបទទាក់ទង៖

ដោយ​៖ Kevin
ប្រភព៖ Entrepreneur 

X
5s