ថវិកាប្រមាណជាង ៧លានដុល្លារត្រូវបានចំណាយ ដើម្បីទិញសម្ភារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩​



រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានចំណាយថវិកាប្រមាណជាង ៧លានដុល្លារ ដើម្បីទិញសម្ភារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ខណៈពេលបច្ចុប្បន្ន មានថវិកា ចំនួន ៥,៩០០,០០០ដុល្លារ តម្កល់នៅក្នុងគណនីធនាគាររបស់ខ្លួន។

ការបញ្ជាក់បែបនេះដោយ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាពជំងឹកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា» នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅក្រសួងសុខាភិបាល។

លោកជំទាវ យក់ សម្បត្តិ បានប្រសាសន៍ថា ៖ «ថវិកាបានពីសប្បុរសជន ដែលយើងទទួលជាងរៀងរាល់ថ្ងៃ នៅក្រសួងសុខាភិបាល មានសមតុល្យ គឺទទួលបានសរុបទាំងអស់ មានចំនួន ១៤លានដុល្លារ ហើយក្នុងនេះ យើងបានចំណាយ នៅក្នុងការទិញម៉ាស់ធម្មតា ម៉ាស់ N95 ម៉ាស់ក្រណាត់ អាល់កុល សរុបទាំងអស់ជាង ៧លានដុល្លារ ហើយថវិកាដែលមាន នៅក្នុងសមតុល្យរបស់គណនី នៅក្នុងធនាគារ មានចំនួន ៥,៩០០,០០០ដុល្លារ ដែលយើងមាននៅក្នុងគណនី»។

ចំពោះថវិកាដែលក្រសួងបានទទួលពីសម្តេច ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ តាមរយៈការបរិច្ចាគប្រាក់បៀវត្ស លោកជំទាវរដ្ឋលេខាធិការបានបន្ថែមថា រហូតមកដល់បច្ចុប្បន្នវនេះ គឺបានទទួលចំនួន ៤១ស្ថាប័ន សរុបថវិកាប្រហែលជាង ១០លានដុល្លារ។

ទន្ទឹមនឹងនេះ លោកជំទាវ បានឱ្យដឹងថា យើងមានឃ្លាំងសម្រាប់ស្តុកទុកសម្រាប់សម្ភារៈនានាចំនួន២ឃ្លាំង ហើយបច្ចុប្បន្ននេះ សម្ភារក្នុងឃ្លាំងយុទ្ធសាស្ត្រ សម្តេចតេជោ នៅផ្លូវជាតិ៦អា យើងបានគ្រប់គ្រងសម្ភារគ្រប់ចំនួនហើយ ក្នុងនោះមានម៉ាស់ធម្មតា មានចំនួន ១៣ ៥០០ ០០០ម៉ាស់ ម៉ាស់ N95 ចំនួន ៦៨០ ០០០ម៉ាស់ សម្លៀកបំពាក់ PPE ចំនួន ៥០០០សម្រាប់ និងសម្ភារមុង ភួយ កន្ទេល ចំនួន ៥០០០សម្រាប់ ទាំងអស់នេះ ជាសមតុល្យនៅក្នុងឃ្លាំង ជាសម្ភារត្រៀមបម្រុងសម្រាប់យុទ្ធសាស្ត្រផងដែរ។

រដ្ឋលេខាធិការរូបនេះ បានបន្តថា ដោយឡែកនៅឃ្លាំងសុខាភិបាល នៅតាមផ្លូវជាតិលេខ៣ គឺមានម៉ាស់ចំនួន ៣ ៨០០ ០០០ម៉ាស់ សម្លៀកបំពាក់ PPE ប្រហែលជាង ១០ម៉ឺនសម្រាប់ ព្រមទាំងម៉ាស់ N95 ជាង ៣០ ០០០ម៉ឺន ម៉ាស់ផងដែរ។ ទាំងនេះ គឺជាសម្ភារសំខាន់ៗ នៅក្នុងឃ្លាំងសុខាភិបាល ដែលជាសម្ភារជំនួយរបស់បណ្តាប្រទេសជាមិត្ត ព្រមទាំងសម្ភារនានា តាមរយៈជំនួយពីថវិកា ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យ៉ាងណាមិញ សម្រាប់សម្ភារទាំអស់នោះ ក្រសួងសុខាភិបាលបានបែងចែកជារៀងរាល់ថ្ងៃ ទៅតាមអង្គភាព និងតាមច្រកទទួលពលករខ្មែរទូទាំង២៥ រាជធានី-ខេត្ត-ក្រុង។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកជំទាវយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល៕

ដោយ៖ វីរៈ

 

X
5s