ក្រសួងទេសចរណ៍ អំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ យកឱកាសកូវីដ កែលម្អគុណភាព​



ក្រសួងទេសចរណ៍ អំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ស្នាក់នៅទាំងអស់ យកឱកាសកូវីដ កែលម្អគុណភាពប្រសើរឡើងវិញ ដើម្បីត្រៀមខ្លួនក្រោយចប់វិបត្តិ នៅពេលខាងមុខ។

នេះបើតាមរយៈសេចក្តីអំពាវនាវស្តីពីការត្រៀមលក្ខណៈសម្បតិ្តរបស់សេវាកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ក្នុងការងើបឡើងវិញ ក្រោយស្ថានភាពថយចុះ នៃការរីករាលដាលជាសកល នៃវីរុសកូវីដ១៩ របស់ក្រសួងទេសចរណ៍ កាលពីថ្មីៗនេះ។

នៅក្នុងលិខិតរបស់ក្រសួងទេសចរណ៍នេះបានបញ្ជាក់ថា ក្នុងដំណាក់កាលអន្តរកាលនៃការរង់ចាំ ស្ថានភាពថយចុះ នៃការរីករាលដាលជាសកល នៃវីរុសកូវីដ១៩ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ត្រៀមលក្ខណៈសម្បត្តិ ដោយពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានកាន់តែប្រសើរជាងមុន។

ទន្ទឹមនឹងនេះ ក្រសួងក៏លើកទឹកចិត្តដល់ទីតាំងសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងឡាយ ដែលបានធ្វើប្រតិប្តតិការអាជីវកម្មចាប់ពី១០ឆ្នាំឡើងទៅ គួរឆ្លៀតក្នុងឱកាស នៃវិបត្តិជំងឺឆ្លងនេះ កែលម្អជួសជុល ដើម្បីបង្កើនគុណភាព និងដូចជាលក្ខណៈសម្បត្តិ ដើម្បីអាចបង្កើនលទ្ធភាពទទួលបានការវាយតម្លៃចំណាក់ថ្នាក់ សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ក្នុងកម្រិតប្រសើរជាងមុន ។

ចំពោះវិស័យទេសចរណ៍ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរាតត្បាតជំងឺកូវីដ-១៩ ជាផ្នែកមួយស្រោចស្រង់ រដ្ឋាភិបាលបានសម្រេចលើកលែងការបង់ពន្ធគ្រប់ប្រភេទរួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារអាកាសចរណ៍ដែលចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ។ នេះបើងយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលដាក់ចេញចំណាត់ការបន្ថែម ជួយស្រោចស្រង់សេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ កាលពីថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០២០។

សេចក្តីប្រកាសព័ត៌មានបន្តថា វិធានការនេះសម្រាប់សកម្មភាពអាជីវកម្មនៅទីក្រុងភ្នំពេញ ខេត្តសៀមរាប កំពតព្រះសីហនុ កែប ក្រុងបាវិត និងក្រុងប៉ោយប៉ែតសម្រាប់រយៈពេល ៣ ខែចាប់ពីខែមីនា ដល់ខែឧសភា។

គួរបញ្ជាក់ផងដែលថា គិតត្រឹមឆ្នាំ២០២០នេះ នៅទូទាំងប្រទេសកម្ពុជាមានមូលដ្ឋានអាជីវកម្មទេសចរណ៍សរុបចំនួនជិត១ម៉ឺនទីតាំង ក្នុងនោះមានសណ្ឋាគារ ចំនួន១៤៤០ទីតាំងស្មើនឹងជិត៥ម៉ឺនបន្ទប់   និងផ្ទះសំណាក់ចំនួន២៦៤៣ទីតាំងស្មើនឹងជាង៣៤០០០បន្ទប់៕ 

ដោយ៖ វីរៈ

 

X
5s