សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ មិនអនុញ្ញាតិឲ្យចុះដោះស្រាយទំនាស់ ដែលសម្តេចតេជោដោះស្រាយបញ្ចប់
ចាប់ពីពេលនេះ សមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មិនអនុញ្ញាតិឲ្យចុះដោះស្រាយទំនាស់ទាំងឡាយណា ដែលសម្តេចតេជោ ហ៊ុន សែន និងតុលាការបានដោះស្រាយបញ្ចប់។ បន្ថែមពីនោះ សមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ក៏មិនត្រូវបញ្ជូនសំណុំរឿងវិវាទដីធ្លីរវាងបុគ្គល និងបុគ្គលជូនសម្ដេចតេជោ ដើម្បីធ្វើការដោះស្រាយផងដែរ។
នេះបើយោងតាមសេចក្តីប្រកាសពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នំា២០២០ នាទីស្តីការគណៈរដ្ឋមន្ត្រី។
តាមសេចក្តីប្រកាសបានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានកំណត់ថា លេខាធិការដ្ឋាន និងសមាជិក សមាជិកានៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ត្រូវបំពេញភារកិច្ចដូចខាងក្រោម៖
ក- មិនអនុញ្ញាតឲ្យចុះដោះស្រាយរាល់ទំនាស់ទាំងឡាយដែល សម្ដេចតេជោ ហ៊ុន សែន បានដោះស្រាយបញ្ចប់ និងមានសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីរួចហើយនោះទេ។
ខ-មិនអនុញ្ញាតឲ្យដោះស្រាយទំនាស់ដីធ្លីដែលកំពុងដំណើរការតាមនីតិវិធីរបស់តុលាការ។
គ-មិនអនុញ្ញាតឲ្យចុះដោះស្រាយរាល់ទំនាស់ទាំងឡាយណា ដែលបានបញ្ចប់ដោយស្ថាប័នតុលាការ ដែលមានសាលក្រម ឬសាលដីកាស្ថាពររួចហើយ។
ឃ-លេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ត្រូវពិនិត្យគោលដៅ និងកម្មវត្ថុដែលសមាជិក និងសមាជិកា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បម្រុងចុះទៅដោះស្រាយ ដោយមិនត្រូវចេញលិខិតបេសកកម្មជូន ក្នុងករណីដូចបានរៀបរាប់ខាងលើ។ ទន្ទឹមនេះ ក៏មិនត្រូវបញ្ជូនសំណុំរឿងវិវាទដីធ្លីរវាងបុគ្គល និងបុគ្គលជូនសម្ដេចតេជោ ដើម្បីធ្វើការដោះស្រាយដែរ។
គួរបញ្ជាក់ផងដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បង្កើតឡើងតាមរយៈព្រះរាជក្រឹត្យ កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងគោលបំណង និងភារកិច្ចចម្បងសំខាន់ៗរួមមាន៖ ផ្តួចផ្តើមគំនិត ឬផ្តល់មតិ នៅលើការរៀបចំគោលនយោបាយ ដល់រាជរដ្ឋាភិបាល ចូលរួមផ្តល់យោបល់ ដល់សេចក្តីព្រាងច្បាប់របស់របស់រាជរដ្ឋាភិបាលមុនគណៈរដ្ឋមន្ត្រីអនុម័ត និង ចូលរួមផ្តល់យោបល់ កែលម្អភាពអសកម្ម ឬភាពមិនប្រក្រតី ណាមួយរបស់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នេះបើយោងតាម ព្រះរាជក្រឹត្យស្តីការរៀបចំ និងការប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
ដោយ៖ នូ វិរៈ