រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៖ ក្នុងមួយខែ សាលាដំបូងរាជធានីភ្នំពេញទទួលសំណុំរឿងប្រមាណជាង ៧០០ ទៅ ៩០០ សំណុំរឿង
សាលាដំបូងរាជធានីភ្នំពេញទទួលសំណុំរឿងប្រមាណជាង ៧០០ ទៅ ៩០០ សំណុំរឿងក្នុងមួយខែ ខណៈពេលសំណុំរឿងដែលនៅសល់តាំងពីឆ្នាំ ២០១៩ មកមានរហូតដល់ទៅ ១២ ០០០ សំណុំរឿង។
នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះ។
ឯកឧត្តម កើត រិទ្ធ បានមានប្រសាសន៍ថា ៖ «សាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងដែលចាត់ការរួចហើយនៅសល់ពីឆ្នាំ ២០១៩ មានន័យថាអាចសល់តាំងពី ២០១៧ និង ២០១៨ មកខ្លះ មានរហូតដល់ ១២ ០០០ សំណុំរឿង ហើយសំណុំរឿងដែលចូលថ្មីមានប្រមាណជាង ៧០០ ទៅ ៩០០ សំណុំរឿងក្នុងមួយខែ»។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌រូបនេះ បានថ្លែងកោតសរសើតចំពោះ សាលាដំបូងរាជធានីភ្នំពេញបានខិតខំធ្វើការងារយ៉ាងយកចិត្តទុកដាក់ និងប្រកបស្មារតីទទួលខុសត្រូវខ្ពស់។
គួរបញ្ជាក់ផងដែរថា សំណុំរឿងនៅតាមសាលាដំបូងខេត្តដោយមិនរាប់បញ្ជូល សំណុំរឿងដែលចាត់ការរួច មានសាលក្រម និងសាលដីការជាស្ថានពរ ហើយសំណុំរឿងដែលកាត់សេចក្តីរួចនៅសាលាដំបូងរាជធានី ខេត្តដោយនឹងបញ្ជូនទៅសាលាដំបូងជាន់ខ្ពស់ មានប្រហែលជាងជិត ៤ ម៉ឺនសំណុំរឿងទូទាំងប្រទេស ក្នុងនោះ អ្នកជាប់ឃុំនៅក្នុងសំណុំរឿងទាំងអស់ខាងលើនោះ មានប្រមាណ ១២ ០០០ នាក់ ដែលកំពុងជាប់ឃុំ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
សូមជម្រាបផងដែរថា បច្ចុប្បន្នសំណុំរឿងនៅតាមសាលារាជធានី ខេត្តមានការកកស្ទះជាច្រើន ហើយក្រសួងយុត្តិធម៌បានសម្រេចបង្កើតគណៈកម្មការថ្មីមួយ ដើម្បីដឹកនាំ យុទ្ធនាការដោះស្រាយការកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ខណៈអ្នកជាប់ ឃុំ នៅតាមពន្ធនាគារ កំពុងមានភាពចង្អៀតណែន ពិសេសអ្នកជាប់ឃុំរឿងគ្រឿងញៀន។ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នឹងចាប់ផ្តើមពី ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ តទៅ៕
ដោយ៖ នូ វិរៈ